ជាតិ
អ្នកស្រី កែវ មុំ ទទួលបានពានរង្វាន់អាជីវកម្មបរិយាបន្ន័អាស៊ាន ក្រោយជួយលើកកម្ពស់ជីវភាពពលរដ្ឋ
28, Oct 2022 , 5:27 pm        
រូបភាព
លោកស្រី កែវ មុំ ម្ចាស់ក្រុមហ៊ុនលីលីហ្វូត ក្នុងថ្ងៃទទួលពានរង្វាន់អាជីវកម្មបរិយាបន្ន័អាស៊ាន លើកទី៥
លោកស្រី កែវ មុំ ម្ចាស់ក្រុមហ៊ុនលីលីហ្វូត ក្នុងថ្ងៃទទួលពានរង្វាន់អាជីវកម្មបរិយាបន្ន័អាស៊ាន លើកទី៥
ដោយ៖ សុង សុធាវី

ភ្នំពេញ៖ លោកស្រី កែវ មុំ ម្ចាស់សហគ្រាសផលិតនំស្រួយលីលីហ្វូត ទទួលបានពានរង្វាន់អាជីវកម្មបរិយាបន្ន័តែមួយគត់នៅកម្ពុជា កម្រិតអាស៊ាន កាលពីថ្ងៃទី២៧ តុលា។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ ប្រធាន CWEA រូបនេះពន្យល់ថា ការទទួលបានពាននេះ លុះត្រាតែម្ចាស់អាជីវកម្មបានផ្តល់ឱកាសការងារជូនពលរដ្ឋ គាំទ្រទិញបន្លែ ផ្លែឈើក្នុងស្រុក បង្កើនការដាំដុះថ្មី ហើយពង្រឹងស្តង់ដារផលិតផលនាំចេញទៅកាន់ទីផ្សារបរទេសជាច្រើន។

តាមរយៈពានរង្វាន់កំរិតអាស៊ាននេះ លោកស្រី កែវ មុំ បាននិយាយថា វាពិតជាមានអត្ថន័យណាស់សម្រាប់ក្រុមហ៊ុនខ្លួន ជាពិសេសការទទួលបានការផ្តល់ទំនុកចិត្តពីស្ថាបន័ពាក់ព័ន្ធ ក្នុងការតំណាងឱ្យប្រទេសកម្ពុជាទៅកាន់ទីផ្សារអាស៊ាន។ អ្នកស្រី ទទួលបានពាននេះ ក្នុងកិច្ចប្រជុំកំពូលអាជីវកម្មបរិយាបន្ន័អាស៊ានលើកទី៥ កាលពីថ្ងៃទី ២៦ និង ២៧ ខែតុលា នាខេត្តសៀមរាប។


លោក ស្រី កែវ មុំ  ម្ចាស់សហគ្រាសផលិតនំស្រួយលីលី និងកូនស្រី ដែលជានាយិកាក្រុមហ៊ុននេះផ្ទាល់
 
ដើម្បីកាន់តែលំអិតពីខ្លឹមសារ សូមលោកអ្នកនាង ស្តាប់បទសម្ភាសរវាង កញ្ញា សុង សុធាវី អ្នកសារព័ត៌មានថ្មីៗ ជាមួយ លោកស្រី កែវ មុំ ម្ចាស់ក្រុមហ៊ុនផលិតនំស្រួយលីលី ដូចតទៅ៖





អត្ថន័យនៃពានរង្វាន់នេះគឺស្របទៅនឹងបេសកកម្មរបស់ក្រុមហ៊ុន លីលីហ្វូត ដែលតែងតែប្រមូលទិញ អង្ករ ពោត បន្លែ ផ្លែឈើពីពលរដ្ឋក្នុងស្រុក ពី៥ ទៅ១០តោនក្នុងមួយថ្ងៃ និងផ្តល់ឱកាសការងារដល់បុគ្គលិករាប់សិបនាក់។ ជាពិសេសក្រុមហ៊ុនខ្មែរមួយនេះ មានកម្រិតស្តង់ដារខ្ពស់លំដាប់អន្តរជាតិ ហើយនាំចូលផលិតផលខ្លួនទៅកាន់ទីផ្សារ ក្នុងតំបន់អាស៊ានរួមមាន ថៃ មីយ៉ាន់ម៉ា និង ម៉ាឡេស៊ី។ ក្រៅពីនោះក៏មានការនាំចេញទៅកាន់ទីផ្សារនៅប្រទេសប៉ែកអឺរ៉ុបមួយចំនួនផងដែរ ដែលសរុបទាំងអស់មានចំនួន ២០០តោន ក្នុងមួយខែ បើគិតជាមធ្យម។

ស្រ្តីសម្បុរសវ័យ៤៧ឆ្នាំរូបនេះ រំពឹងថា ក្រោយទទួលបានពានរង្វាន់កម្រិតអាស៊ាន វានឹងជួយក្រុមហ៊ុនលីលីហ្វូត និងផលិតផលខ្មែរ ទទួលបានការគាំទ្រកាន់តែទូលំទូលាយជាងមុន ក្នុងទីផ្សារតំបន់អាស៊ាន។ បន្ថែមពីនេះ អ្នកស្រី កែវ មុំ ក៏បានផ្តាំផ្ញើទៅកាន់សហគ្រិនជំនាន់ថ្មី ដែលចង់ទទួលបានពានរង្វាន់ដូចខ្លួន ឱ្យចូលរួមជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងតំបន់ តាមរយៈអាជីវកម្មរបស់ខ្លួន។ អ្នកស្រី កែវ មុំ លើកឡើងថា៖ «យើងធ្វើអាជីវកម្ម តើអាជីវកម្មយើងអាចជួយផ្តល់ចំណូលដល់បងប្អូនដែលមានចំណូលកំរិតទាបបានប៉ុណ្ណា? នៅពេលយើងជួយបងប្អូនដែលមានចំណូលកំរិតទាបបានកាន់តែច្រើន នោះលទ្ធភាពដែលបងប្អូនទទួលបានពាននេះកាន់តែខ្ពស់ផងដែរចាស»៕

Tag:
 វិស័យឧស្សាហកម្មចំណីអាហារ
© រក្សាសិទ្ធិដោយ thmeythmey.com