ជាតិ
ចប់​ថ្នាក់​បណ្ឌិត​កសិកម្មនៅកូរ៉េ លោក សុង សំណាង នឹងយកជំនាញបង្កាត់ពូជ​រុក្ខជាតិ មកអភិវឌ្ឍន៍ជាតិ​
29, Oct 2022 , 8:00 pm        
រូបភាព
លោក សុង សំណាង បណ្ឌិតកសិកម្ម ជំនាញ_ការបង្កាត់ពូជរុក្ខជាតិ នៅ_សាធារណរដ្ឋកូរ៉េ
លោក សុង សំណាង បណ្ឌិតកសិកម្ម ជំនាញ_ការបង្កាត់ពូជរុក្ខជាតិ នៅ_សាធារណរដ្ឋកូរ៉េ
លោក សុង សំណាង មាន​ស្រុក​កំណើតនៅខេត្ត​កំពង់ចាម បានទទួល​សញ្ញាបត្រ​បណ្ឌិត​ លើ​ជំនាញ​បង្កាត់​ពូជ​រុក្ខជាតិ នៅ​សាធារណរដ្ឋ​កូរ៉េ កាលពី​ខែ​មីនា ឆ្នាំ​២០២២។ បណ្ឌិតកសិកម្មរូបនេះ ​ប្រើ​ពេល​៥ឆ្នាំ ដើម្បី​បន្ត​ការ​សិក្សាទាំង​​ថ្នាក់​អនុ​បណ្ឌិត និង​បណ្ឌិត នៅSunchon National University។ តាម​រយៈ​ចំណេះដឹង​​បង្កាត់​ពូជរុក្ខជាតិនេះ​ លោក សំណាង ប្ដេជ្ញា​​យក​ជំនាញ​នេះ​មក​បង្កាត់​ពូជ​រុក្ខជាតិ​ជូន​កសិករខ្មែរ ដើម្បី​កាត់​បន្ថយ​ការ​នាំ​ចូលពូជ​ពី​ក្រៅ​ប្រទេស និងចូល​រួម​អភិវឌ្ឍន៍​កសិកម្មនៅកម្ពុជា​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង​។


 
ជា​កូន​កសិករ​រស់​នៅ​ស្រុក​កង​មាស​ ខេត្ត​កំពង់ចាម លោក សុង សំណាង បាន​ជ្រើស​រើស​​ជំនាញ​​វិទ្យាសាស្រ្ត​កសិកម្ម​​ សម្រាប់បន្តការ​សិក្សា​​ថ្នាក់​ឧត្តម នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម ក្រោយ​​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ក្នុង​ឆ្នាំ​២០១០​។ អំឡុងពេលនោះ យុវជន​ជាប់​និទ្ទេស B រូបនេះ បាន​ជាប់​អាហារូបករណ៍​ជាច្រើនកន្លែង ប៉ុន្តែលោក​សម្រេច​ចិត្ត​រៀន​ផ្នែកកសិកម្ម ដែលជា​ចំណង់ចំណូល​ចិត្ត​តាំង​ពី​កុមារភាព។​
 
លោក សុង សំណាង រៀបរាប់​ដូច្នេះ៖«ខ្ញុំ​ជា​មនុស្ស​ស្រឡាញ់​ខាង​កសិកម្ម​តាំង​ពី​ក្មេង​ ប៉ុន្តែ​ខាង​កសិកម្ម​ចែក​ជា​សត្វ និង​រុក្ខ​ជាតិ​។ ខ្ញុំ​មិន​សូវ​ចូល​ចិត្ត​ខាង​សត្វ​ទេ ខ្ញុំ​ចូល​ចិត្ត​ខាង​រុក្ខជាតិ​ជាង​។ កាលនៅ​វិទ្យាល័យ​​ មុខវិជ្ជា​ដែល​ខ្ញុំ​រៀន​ពូ​កែ​ជាង​គេ គឺ​ជីវ និង​គីមី។ ដូច្នេះ ទើប​ខ្ញុំ​ជ្រើសរើស​ជំនាញ​វិទ្យាសាស្រ្ត​កសិកម្មនេះ»។ 

ចុង​ឆ្នាំ​២០១៦ លោក សំណាង បាន​ដាក់​អាហារូបករណ៍​​ទៅ​សិក្សា​ថ្នាក់​អនុបណ្ឌិត​នៅ​សាធារណរដ្ឋកូរ៉េ តាម​រយៈ​សាកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម។​ ដើម​ឆ្នាំ​២០១៧ និស្សិត​កសិកម្ម​រូបនេះ​ ក៏​ជាប់​អាហារូបករណ៍​សិក្សានៅទីនោះ លើ​ជំនាញ​បង្កាត់​​ពូជ​រុក្ខជាតិ​។ បន្ទាប់​ពី​បញ្ចប់​​ថ្នាក់​អនុបណ្ឌិតនៅដើម​​ឆ្នាំ​២០១៩ យុវជន​រូបនេះ មិន​នៅ​​ស្ងៀម​ឡើយ ដោយ​​​ចិត្ត​នៅ​តែ​ចង់​សិក្សា​ស្វែង​យល់​បន្ថែម​ ទើប​នាំ​ឱ្យ​លោក​​បន្ត​យក​សញ្ញាបត្រ​បណ្ឌិតមួយ​ទៀត។​


លោក សុង សំណាង បណ្ឌិតកសិកម្ម ជំនាញ_បង្កាត់ពូជរុក្ខជាតិ នៅសាធារណរដ្ឋកូរ៉េ
 
 ក្រោយ​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ លោក សំណាង បាន​ធ្វើ​ការ​ក្នុង​​ក្រុម​ហ៊ុន​ឯកជន​មួយ​ នៅ​ខេត្ត​សៀមរាប ដែល​មាន​តួនាទី​ជា​អ្នកស្រាវជ្រាវ​ដំណាំ​បន្លែ​លើ​ទឹក។ មាន​ចំណេះខា​ងកសិកម្ម និង​ធ្វើការ​ផ្នែក​កសិកម្ម​រយៈពេល ៣ឆ្នាំហើយ​ តែ​លោក សុង សំណាង​ នៅ​តែ​ចង់​អភិវឌ្ឍន៍ចំណេះបន្ថែមទៀត។

នៅ​ឆ្នាំ​២០១៩ យុវជន សំណាង ក៏​មាន​ឱកាសចូល​​រៀន​ថ្នាក់​បណ្ឌិត លើ​ជំនាញ​បង្កាត់ពូជ​រុក្ខជាតិនេះដដែល។ មិន​យូរ​ប៉ុន្មាន​ ការសិក្សា​បណ្ដើរ អនុ​វត្ត​បណ្ដើរ​ បាន​ធ្វើ​ឱ្យ​លោកបញ្ចប់​​ការ​សិក្សា​ថ្នាក់​បណ្ឌិត​ ដោយ​ជោគជ័យ​​កាល​ពី​ខែ​មីនា ឆ្នាំ​២០២២។  

មក​ពី​ស្រែហើយ ហេតុអ្វី​រៀន​ផ្នែក​កសិកម្មទៀត?
 
កសិកម្ម ជា​ជំនាញ​ដែល​ទូលំ​ទូលាយ និង​មាន​មុខ​ជំនាញ​ជាច្រើន សម្រាប់​និស្សិតសិក្សា ដើម្បី​ចូលរួមផ្គត់ផ្គង់ជីវភាព និង​​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ឱ្យ​មាន​ភាព​ប្រសើរស្រប​តាម​បច្ចេកទេស​ថ្មីៗ និង​ទំនើប​​​។ ការរៀន​ជំនាញ​កសិកម្ម មិនមែន​​រៀនចប់​ចេះ​ធ្វើ​តែ​ស្រែនោះទេ។ 

«មក​ពី​ស្រែហើយ ហេតុអ្វី​រៀន​ផ្នែក​កសិកម្មទៀត?» នេះ​ពាក្យ​ដែល​លោក សុង សំណាង ស្ដាប់​ឮ​ផ្ទាល់​ត្រចៀក។ លោក ប្រាប់​សារព័ត៌មាន​ថ្មីៗ២៥ដូច្នេះ៖ «មាន​មនុស្ស​ច្រើន​​ប្រាប់​ខ្ញុំ​ពី​ពាក្យ​ហ្នឹង​ ហើយ​ភាគ​ច្រើន​សិស្ស​រៀន​ខាង​កសិកម្ម គាត់​តែង​តែឮពាក្យ​ហ្នឹងដែរ។ ខ្ញុំ​តែង​តែ​តប​ទៅ​គាត់(និស្សិតកសិកម្ម) វិញថា កុំ​ទៅ​គិត​​ពី​សម្ដី​គេ​​ អ្នក​និយា​យ​​នៅ​តែ​និយាយ អ្នក​ធ្វើ​នៅ​តែ​ធ្វើ​។ ជំនាញ​មួយ​ណា​ក៏​ល្អ សំខាន់​ឱ្យ​តែ​យើង​ស្រឡាញ់​ យើង​ខំ​សិក្សា​ និង​ខំ​អនុវត្ត​»។ 


លោក សុង សំណាង និង_ក្រុម_គ្រួសារ_នៅ_សាធារណរដ្ឋកូរ៉េ
 
​ប្រជាពលរដ្ឋ​មួយចំនួនយល់​ថា​ជំនាញ​​​កសិកម្ម ​​មិន​សូវរក​ប្រាក់បានច្រើន​ ម៉្យាង​ទីផ្សារ​លក់​ចេញ​នៅកម្ពុជា​ក៏​នៅ​មាន​កម្រិត ប៉ុន្តែ​គេ​មិនបាន​​គិត​ដល់​ខ្សែច្រវ៉ាក់ចំណី​អាហារ ដែលសុទ្ធសឹងកើតចេញ​ពី​កសិកម្ម​។ «និយាយ​ទៅ​ ខ្ញុំ​រៀន​ជំនាញ​កសិកម្ម​ គឺ​រៀន​អ្វី​ដែល​ខ្ញុំ​ស្រឡាញ់​ចេញ​ពី​ចិត្ត​។ ផ្នត់​គំនិត​ប្រជាជន​គិតថា ជំនាញហ្នឹង ធ្វើ​ស្រែ ឬ​រក​លុយ​មិន​សូវបាន​។ ចំពោះ​ខ្ញុំ​មិន​គិត​អ៊ីចឹងទេ ខ្ញុំ​នៅ​តែ​ជម្នះ​លើ​ពាក្យ​អ្នក​ផ្សេង។​ រហូត​ដល់​ខ្ញុំ​ខំ​ប្រឹង​រៀនចប់​ថ្នាក់​បណ្ឌិត»។​

បើតាម​បណ្ឌិតកសិកម្ម សុង សំណាង វិស័យ​កសិកម្ម មាន​សារៈ​សំខាន់​សម្រាប់​កម្ពុជា​ ព្រោះ​ប្រជា​ពលរដ្ឋ​ភាគ​ច្រើន​ជា​កសិករ។ ម៉្យាង​ទៀត វិស័យ​នេះ ជា​វិស័យ​​អាទិ​ភាព​សម្រាប់​កម្ពុជា ដែល​​ជា​ប្រទេស​កសិកម្ម ប៉ុន្តែ​ដោយសារ​កម្ពុជា​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ចំណេះដឹង​របស់​កសិករ​នៅ​មាន​កម្រិត​ ទើប​ធ្វើឱ្យ​វិស័យ​កសិកម្ម​មិន​សូវ​រីកចម្រើន។ 

អតី​ត​សិស្ស​វិទ្យាល័យ​ ហ៊ុន សែន កង​តា​ណឹងរូបនេះ លើក​ឡើងថា៖ «កសិករយើង​​​នៅ​ប្រើ​​បច្ចេកវិទ្យា និង​ចំណេះ​តៗ​គ្នា​ពី​ដូន​តាមក មិន​មែន​ជា​បច្ចេក​វិទ្យា​ទំនើប​ដែល​គេ​សិក្សា​ស្រាវជ្រាវ​ពេល​ថ្មីៗនេះ។ កត្តា​បម្រែ​បម្រួល​អាកាសធាតុ​ ធ្វើ​ឱ្យ​ការ​ដាំ​ដុះ​កាន់តែ​មាន​ផល​លំបាក​ ទិន្ន​ផល​កាន់​តែ​ទាប​​ជាង​មុន។ អ៊ីចឹងហើយ សម្រាប់​និស្សិត​រៀន​កសិកម្ម​ គួរ​ធ្វើ​ម៉េច​រៀន​ជំនាញ​នេះ​ឱ្យ​ពូកែ​​ និង​ព្យាយាម​រក​បច្ចេកវិទ្យា​ណា​ដែល​បន្សាំនឹង​លក្ខខណ្ឌ​អាកាសធាតុ ដើម្បី​ធ្វើ​ឱ្យ​ការ​ធ្វើ​កសិកម្ម​ជឿន​លឿនជាង​មុន​»។ 
 

លោក សុង សំណាង បណ្ឌិតកសិកម្ម ជំនាញ_បង្កាត់ពូជរុក្ខជាតិ នៅសាធារណរដ្ឋកូរ៉េ
 
ជ្រើសជំនាញ​បង្កាត់​ពូជរុក្ខជាតិ ព្រោះ​ក្ដីស្រឡាញ់ពីក្មេង និង​ចង់​កាត់​បន្ថយ​ការនាំ​ចូលពូជ​ពី​បរទេស

​ក្រោយ​បញ្ចប់ការ​សិក្សា​ថ្នាក់​បណ្ឌិតលើ​ជំនាញ​បង្កាត់​ពូជ​រុក្ខ​ជាតិ​​​ លោក សុង សំណាង យល់ថា​ជំនាញ​នេះ ជា​ជំនាញ​ដែល​ជួយ​ប្រទេស​ជាតិ​បាន​ច្រើន សម្រាប់​បរិបទ​បច្ចុប្បន្ន។ ទោះ​បី​កម្ពុជា​ជា​ប្រទេស​កសិកម្ម ប៉ុន្តែ​កសិករមួយ​ចំនួ​​ន​​នៅ​តែ​មិន​អាច​ផលិត​គ្រាប់​ពូជ ជីធម្មជាតិ ជី​គីមី​ ថ្នាំ ដោយ​ខ្លួន​ឯង​នៅ​ឡើយ​។ ពូជ​ដំណាំ ជីធម្មជាតិ ជី​គីមី​ ថ្នាំ មួយចំនួន ត្រូវ​បាន​នាំ​ចូល​ពី​ក្រៅ​ប្រទេស​។

«ពូជ​យើង​ភាគ​ច្រើន សឹង​តែ​១០០ភាគរយ​ នាំ​ចូល​ពី​ក្រៅ​ប្រទេស។ អ៊ីចឹងហើយ ការ​​នាំចូល​​មាន​តម្លៃថ្លៃ​​ជាង​​ពូជ​ដែល​យើង​ផលិត​។ ណាមួយ ពូជដែល​គេ​ផលិត​នៅ​ប្រទេស​គេ​ គេ​ផលិត​មក​ដើម្បី​លក្ខខណ្ឌ​​បរិស្ថាន​ប្រទេស​គេ​»។ នេះ​ជា​ការ​រៀប​រាប់​របស់​លោក សុង សំណាង ដោយ​បន្ថែម​ថា ​ប្រសិន​បើ​នាំ​ចូលពូជ​ពី​ក្រៅ​ប្រទេស​ច្រើន មិន​ខុស​ពី​​ខ្ចី​ដង្ហើម​គេ​ដកនោះ​ទេ ហើយ​ប្រសិន​បើ​គេ​ឈប់​លក់ឱ្យ តើ​កសិករ​ខ្មែរបាន​ពូជអ្វីដាំ​​?
 
បញ្ហា​ទាំង​នេះ ជា​បញ្ហា​ដែល​ភាគីពាក់​ព័ន្ធ​ក្នុង​វិស័យ​កសិកម្ម រួម​គ្នា​ដោះ​ស្រាយ​​ដោយ​ធ្វើ​យ៉ាង​ណា​ឱ្យ​កសិករ​មាន​លទ្ធភាព​ផលិត​គ្រាប់​ពូជ​ផ្ទាល់ ចៀសផុត​ពី​​ការ​នាំ​ចូល។ លោក បន្ត កម្ពុជា​គួរ​តែ​មាន​ស្ថាប័ន​ស្រាវជ្រាវ​ផលិត​ពូជ​ដោយ​ខ្លួន​ឯង ដើម្បី​ប្រើ​ប្រាស់​ក្នុង​ប្រទេសខ្លួន​ឯង។​
 
 យុវជន​វ័យ​៣១​ឆ្នាំរូបនេះ អះអាងថា ការ​បង្កាត់​ពូជ ពិត​ជា​​មាន​ផល​លំបាក​ច្រើន​ ទីមួយគឺ​ធនធានដែល​យក​មក​ប្រើ​ប្រាស់​​ក្នុង​ការ​ស្រាវ​ជ្រាវ រួម​មាន​ថវិកា, ឧបករណ៍​, ម៉ាស៊ីនសម្រាប់​ស្រាវ​ជ្រាវ​។ ទី​ពីរ​ គឺ​ជំនាញ​ បច្ចេកទេស​នៃ​ការ​បង្កាត់​ពូជ ត្រូវ​ការ​អ្នក​មាន​ជំនាញ​ច្បាស់​លាស់ ទាំង​ទ្រឹស្ដី និង​ការ​អនុវត្ត។ ទីបី ត្រូវ​ការ​ការ​គាំទ្រ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​។

លោក សុង សំណាង បណ្ឌិតកសិកម្ម ជំនាញ_បង្កាត់ពូជរុក្ខជាតិ នៅសាធារណរដ្ឋកូរ៉េ
 
យក​ជំនាញ​ម​ក​អភិវឌ្ឍន៍​វិស័យ​កសិកម្មនៅ​កម្ពុជា តាមរយៈជំនាញ​បង្កាត់​ពូជ​រុក្ខជាតិ​

ទោះ​រៀន​ចប់តាំងពី​ដើម​ឆ្នាំ​​ក្ដី​ តែលោក សំណាង មិន​ទាន់​វិល​ត្រឡប់​មក​មាតុភូមិ​វិញនោះទេ។ បច្ចុប្បន្ន លោក ​កំពុង​បន្ត​ធ្វើការជាអ្នក​ស្រាវជ្រាវ​ផ្នែក​បង្កាត់​ពូជ​នៅ​ក្នុង​សាកលវិទ្យាល័យដែល​លោក​សិក្សា។ ​ទន្ទឹម​នឹង​នេះ ដើម្បី​ចូលរួម​អភិវឌ្ឍន៍​វិស័យ​កសិកម្មនៅ​កម្ពុជា​ បណ្ឌិត​កសិកម្ម សុង សំណាង នឹង​វិលមក​កម្ពុជាវិញ នៅ​ឆ្នាំ​ក្រោយ។​
 
លោក បរិយាយ​បែបនេះ៖ «សម្រាប់​ថ្ងៃ​អនាគត​ ខ្ញុំ​ចង់​យក​ជំនាញ​ដែល​ខ្ញុំ​បាន​រៀន​នៅ​កូរ៉េ​​ យក​ទៅ​ប្រើ​ប្រាស់​នៅ​ស្រុក​ខ្មែរ។ ខ្ញុំ​មានគោល​ដៅ​ពីរ គឺ​ការ​ចែក​រំលែក ប្រហែលជា​ខ្ញុំ​ទៅ​ធ្វើ​ជា​គ្រូ​បង្រៀន​ និង​ចែក​រំលែក​ចំណេះដល់​សិស្ស​ប្អូន​។ ទីពីរ​ ខ្ញុំ​ចង់​អនុ​វត្ត​ផ្ទាល់​ ដោយ​រៀប​ចំ​ជា​កសិដ្ឋាន​ ដើម្បី​បង្កាត់​ពូជ​ដំណាំ​ សម្រាប់​ចែក​ចាយ​លក់​ឱ្យ​កសិករ​ប្រើ​ប្រាស់​។ យើង​បង្កាត់​នៅ​ខ្មែរ លក់​នៅ​ខ្មែរ»។ 
 
ជាមួយ​គ្នានេះ លោក សំណាង កំពុង​ដាក់​​​គម្រោង​បង្កាត់​ពូជ​រុក្ខជាតិ នៅ​សាកលវិទ្យាល័យ​មួយ​នៅ​កម្ពុជា​ផងដែរ។ ​រយៈពេល​៥ឆ្នាំ​នៅ​កូរ៉េ លោក សុង សំណាង រៀន​សូត្រ​ច្រើន​ពី​បច្ចេកទេសក​សិកម្ម និងការ​រស់​នៅ​ ជាពិសេស​ចំណេះដឹង​ដែល​ផ្ដល់​ដោយ​សាស្រ្តាចារ្យរបស់​លោកផ្ទាល់​។ ការ​សិក្សា​នៅ​ទីនោះ អ្នកខេត្ត​កំពង់ចាម​រូបនេះ ចំណេញ​បាន​ទាំង​ទ្រឹស្ដី និង​ការ​អនុវត្ត ពោល​គឺលោក ចុះសិក្សា​ផ្ទាល់​នៅ​ក្នុង​កសិដ្ឋាន​តែម្ដង។​​
   
យ៉ាងណា ការសិក្សា​នៅ​ក្រៅ​ប្រទេស ក៏មាន​ផល​លំបាក​សម្រាប់​លោក សុង សំណាង ផងដែរ។ លោក គេច​មិន​ផុតពី​បញ្ហា​ស្រ្តេស​ឡើយ ព្រោះ​ត្រូវ​ប្រើ​ការ​គិតច្រើន។ ទោះជា​យ៉ាងណា​ក្ដី នេះ​មិន​មែន​ជា​បញ្ហា​ចម្បង​សម្រាប់​លោក​នោះទេ។​
 
ការ​ខិតខំ​ប្រឹង​ប្រែង​ តស៊ូ អត់​ធ្មត់ និង​ការ​ចង់​ចេះ​ចង់​ដឹង​ បាន​ធ្វើ​​ឱ្យ​យុវជន​កំលោះ​រូបនេះ ​ជោគជ័យ​លើ​ការ​សិក្សា​ដែល​ក្ដីជា​​ស្រមៃរបស់​ខ្លួន។ «ខ្ញុំ​បាន​រៀន​​បញ្ចប់​​លើ​ជំនាញ​ហ្នឹង​ ខ្ញុំ​គិត​ថា​វា​ជា​ជោគ​ជ័យ​មួយ​សម្រាប់​ខ្ញុំ​ ប៉ុន្តែ​វា​អាច​ជា​ជោគ​ជ័យ​មួយ​ដំណាក់កាល​។ ក្នុង​នាម​ ជា​អ្នក​បង្កាត់​ យើង​ត្រូវ​រៀនពី​​វា​ ហើយ​អនុវត្ត​ ដើម្បី​បង្កើត​បានជា​លទ្ធផល​»។ នេះ​ជា​ការ​បញ្ជាក់របស់​លោក សុង សំណាង។
 
បណ្ឌិត​កសិកម្ម សុង សំណាង លើក​ទឹក​ចិត្ត​ដល់​យុវជន​ដែល​មាន​បំណង​បន្ត​ការ​សិក្សា​នៅ​ក្រៅ​ប្រទេស​ គួរ​រៀន​ជំនាញខ្លួន​ឱ្យ​បាន​ពូកែ​ និង​ត្រូវ​ចេះ​ភាសា​បរទេស ដើម្បីស្រួល​ក្នុង​ការ​ដាក់​អាហារូបករណ៍។ បន្ថែម​លើនេះ សិស្សនិស្សិត​គួរ​មាន​ទំនាក់ទំនង​ល្អ ជា​មួយ​សាលា ​សង្គម មិត្ត​ គ្រូបង្រៀន និង​សិស្សច្បង ដែលអាច​​ជួយ​ដល់ពួកគេ​ក្នុង​ការ​មាន​ឱកាស​សិក្សា​នៅ​ប្រទេស៕ 
 

លោក សុង សំណាង ទទួលសញ្ញាបត្របណ្ឌិតកាលពីខែមីនា ឆ្នាំ២០២២
 

លោក សុង សំណាង កាលទទួល_សញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋកូរ៉េ

Tag:
 (ជាតិ
  ជីវព័ត៌មាន) កសិកម្ម
  កូរ៉េ​
  បង្កាត់​ពូជរុក្ខជាតិ
  កំពង់ចាម​
© រក្សាសិទ្ធិដោយ thmeythmey.com