ជាតិ
បទយកការណ៍ / បទសម្ភាសន៍
កូវីដធូរស្បើយ លោក ហួរ ជួប វិល​មក​ការងារ​មគ្គុទ្ទេសក៍វិញ ក្រោយក្លាយជាអ្នក​ម៉ៅការ និង​បុគ្គលិកធនាគារមួយរយៈ
30, Oct 2022 , 3:59 pm        
រូបភាព
លោក ហួរ ជួប មគ្គុទ្ទេសក៍ទេសចរណ៍
លោក ហួរ ជួប មគ្គុទ្ទេសក៍ទេសចរណ៍
ភ្នំពេញ៖ លោក ហួរ ជួប ជា​មគ្គុទ្ទេសក៍ទេសចរណ៍ នៅ​ក្នុង​ខេត្ត​សៀមរាប រយៈពេល​ជិត​១០​ឆ្នាំ​មក​ហើយ​។ ប៉ុន្តែ​បញ្ហា​​ជំងឺ​កូវីដ-១៩ បានធ្វើ​ឱ្យ​លោកបោះ​បង់​ការងារ​ជា​មគ្គុទ្ទេសក៍ទេសចរណ៍ ទៅ​​ប្រឡូក​ការងារ​ជាអ្នក​ម៉ៅការ និង​ជា​បុគ្គលិកធនាគារមួយរយៈ។ បន្ទាប់​ពី​ស្ថាន​ភាព​ជំងឺ​​កូវីដ-១៩នៅ​កម្ពុជា ​ធូរស្បើយ​ធ្វើ​ឱ្យ​លោក ហួរ ជួប វិលមក​ការងារ​ជា​មគ្គុទ្ទេសក៍​ទេសចរណ៍ ដែល​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​ជួយ​សេដ្ឋកិច្ច​គ្រួសារ​។



មាន​ស្រុក​កំណើត នៅស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប លោក ហួរ ជួប បាន​បម្រើ​ការងារ​ជា​មគ្គុទ្ទេសក៍​ទេសចរណ៍​​​ក្នុង​​ឆ្នាំ​២០១៣ ដែល​ផ្ដោត​លើ​ភាសា​ជប៉ុន, អង់គ្លេស និង​ភាសា​ខ្មែរនៅ​រមណីយដ្ឋាន​អង្គរ​។ ការងារ​ជា​មគ្គុទ្ទេសក៍​ទេសចរណ៍​ បាន​ផ្ដល់​នូ​វ​ប្រាក់​ចំណូល​ខ្ពស់​ដល់​លោក ហួរ ជួប។ បុរស​វ័យ​៣៨​ឆ្នាំនេះ ពេញ​ចិត្ត​នឹង​ការ​ងារ​របស់​ខ្លួន ដែល​អាច​រក​បាន​ទាំង​ថវិកា និង​អាច​​ចែក​រំលែកចំណេះដឹងពី​​វប្បធម៌​ អរិយធម៌ខ្មែរទៅ​កាន់​ភ្ញៀវទេសចរ​ជាតិ-អន្តរជាតិ រួម​ទាំង​សិស្ស និស្សិត។

មគ្គុទ្ទេសក៍​ទេសចរណ៍រូបនេះ រៀប​រាប់​ដូច្នេះ៖ «ការងារ​ទេសចរណ៍​ យើង​គិតថា​ជា​​ការ​ងារ​ដែល​ស្រស់​ស្រាយ​ និង​ងាយ​ស្រួល​។ បើ​និយាយ​ពី​សេវាកម្ម​ គឺ​យើង​ទន់​រហូត​តាំង​ពី​ដើម​ដល់​ចប់។ ហើយ​ការ​​បម្រើភ្ញៀវវិញ​​ យើងត្រូវ​គោរព​ពួកគាត់​ និង​គោរព​​ពេល​វេលា​។ ព្រោះ​យើង​ជា​អ្នក​ផ្សព្វផ្សាយ​វប្បធម៌ អរិយធម៌​ ដួង​ព្រលឹងជាតិ។ សម្រាប់ខ្ញុំ ខ្ញុំ​ចូល​ចិត្ត​ណាស់​ ខ្ញុំ​លះ​បង់​ចេញ​ពី​បេះដូង​»។ 
  

លោក ហួរ ជួប ថតរូបជា_មួយភ្ញៀវទេសចរបរទេស

លោក ហួរ ជួប ចាត់ទុក​ការងារ​នេះ ជា​ឆ្នាំង​បាយ​ដ៏​សំខាន់​សម្រាប់​លោក និង​គ្រួសារ។ ប៉ុន្តែ​បញ្ហាជា​សាកល គឺ​ជំងឺ​កូវីដ-១៩ បាន​វាយ​ប្រហារ​វិស័យ​ទេសចរណ៍​ ដែលជា​ប្រភព​ចំណូល​ចំបងរបស់​លោក​។ មគ្គុទ្ទេសក៍​រូបនេះ បាន​ឈប់​ពីការងារ​ព្រោះ​គ្មាន​ភ្ញៀវទេសចរ​ ដោយ​ងាក​មក​ធ្វើ​ជា​អ្នក​ម៉ៅ​ការ​ ត​បណ្ដាញ​ទឹក ​ត​ភ្លើង និង​ធ្វើ​ទូ​កាហ្វេសម្រាប់​លក់ ដើម្បី​ផ្គត់​ផ្គង់​ជីវភាព។

ការងារទាំង​នេះ មិន​មាន​ភាព​ងាយ​ស្រួល​សម្រាប់​បុរស​មាឌ​​​​​តូច រាង​ស្ដើង​​រូបនេះឡើយ​។ ក្រោយ​ធ្វើ​ការ​ងារនេះ​បាន​មួយ​រយៈ លោក ហួរ ជួប បាន​សម្រេច​ចិត្ត​ឈប់ ដោយសារ​សុខភាព​មិន​អំណោយ​ផល និង​មិន​អាច​ស៊ូ​ទ្រាំនឹងការ​ផ្សាដែកបាន​។ ដើម្បី​ស្រោចស្រង់​សេដ្ឋកិច្ច​គ្រួសារ​ឡើង​វិញ លោក ហួរ​ ជួប ​បន្ត​ដាក់​ពាក្យ​ចូល​ធ្វើ​ការ​​​ក្នុង​ធនាគារមួយ​នៅ​ខេត្ត​សៀមរាប និង​បានបម្រើ​ការ​ងារ​ក្នុង​វិស័យនេះ រយៈពេល ៧ខែផងដែរ។ ការងារក្នុង​វិស័យ​ហិរញ្ញវត្ថុ ជា​ការងារ​ខុស​ពី​ជំនាញ​មគ្គុទ្ទេសក៍ដែល​លោកសិក្សា តែបានផ្ដល់មេរៀនថ្មីសម្រាប់លោក។ «ខុស​គ្នាច្រើន ពីមុន​​ខ្ញុំ​មិនដែល​ស្គាល់​វិស័យ​ធនាគារទេ។ ប៉ុន្តែធ្វើការ​បាន​៧ខែ ខ្ញុំ​យល់​ពី​អត្រា​ការ​ប្រាក់​ និង​ការ​ទំនាក់​ទំន​ង​ផ្សេង​ៗ»។ នេះជា​ការ​បញ្ជាក់​របស់​លោក ហួរ ជួប។ 

ក្រោយ​ភ្លៀង​ មេឃស្រឡះ! បច្ចុប្បន្ន​ជំងឺកូវីដ-១៩នៅកម្ពុជា បាន​ធូរ​ស្បើយ​ច្រើន ដែល​ផ្ដល់​ភាព​ងាយស្រួល​ដល់​ភ្ញៀវទេសចរជាតិ និង​អន្តរជាតិ អាច​ធ្វើ​ដំណើរ​កម្សាន្ត​​នៅជុំ​វិញ​​​ពិភព​លោក​ឡើង​វិញ​​។ នៅ​ខែតុលានេះ លោក ហួរ​ ជួប បាន​លាឈប់​ពី​ការងារ​ធនាគារ មក​ប្រឡូក​ការងារ​ជា​មគ្គុទ្ទេសក៍​ទេសចរណ៍​វិញ។


ការងារដែលលោក ហួរ ជួប ធ្វើកាលរងផលប៉ះពាល់ដោយសារកូវីដ-១៩

លោក ហួរ ជួប មើល​ឃើញ​ចរន្ត​ភ្ញៀវទេសចរ​ងើប​​​ឡើងវិញ ដែ​ល​ជំរុញ​ឱ្យ​លោក​វិល​មក​រក​ការងារ​ចាស់។ អ្នក​ខេត្ត​សៀមរាប​រូបនេះ បរិយាយបែបនេះ៖ «អំឡុង​ពេលនេះ គេចាប់​ផ្ដើ​ម​បើក​ព្រលាន​គ្រប់ប្រទេស​អស់​ហើយ។​​ អ៊ីចឹង​ យើង​ចាប់​ផ្ដើម​សហការ​ជាមួយ​ក្រសួង​ទេសចរណ៍​ ដោយ​ពង្រឹងទាំង​អ្នក​ពាក់ព័ន្ធ​នឹង​វិស័យទេសចរណ៍​ ហើយ​​យើង​រួប​រួម​គ្នា​។ ខ្ញុំ​គិតថា ខែ១១-១២នេះ មាន​ភ្ញៀវច្រើន ព្រោះ​តាម​ភ្នាក់ងារទេសចរណ៍មួយចំនួន មាន​ភ្ញៀវកក់អស់​ដែរ»។ 
 
បើតាម​លោក ហួរ ជួប ទោះ​ចរន្ត​ទេសចរណ៍​មាន​ដង្ហើម​ឡើងវិញ តែ​​មគ្គុទ្ទេសក៍​មួយ​ចំនួន មិនហ៊ានត្រឡប់​មក​ប្រឡូក​ក្នុង​វិស័យនេះនៅ​ឡើយទេ ព្រោះ​​នៅ​មិន​ទុក​ចិត្ត​។ ការ​មិនទុកចិត្ត ក៏​ព្រោះ​តែ​មគ្គុទ្ទេសក៍ទាំងនោះ មិន​មាន​ធួរ​ប្រចាំ និង​គិតថា​មាន​មគ្គុទ្ទេសក៍​ច្រើន។ មួយ​វិញ​ទៀត​ ​​មគ្គុទ្ទេសក៍ទាំងនោះ មួយចំនួន​កំពុង​ចំណាក​ស្រុក​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ខ្លះ​ធ្វើការ​នៅ​ជប៉ុន និង​ខ្លះ​ទៀត​ប្រកប​របរ​ផ្សេងៗ។​


លោក ហួរ ជួប ថតរូបជា_មួយភ្ញៀវទេសចរបរទេស

ភាព​វ័យ​ឆ្លាត រហ័សរហួន និង​សិល្បៈនៃការ​បកស្រាយ​របស់​លោកច្បាស់​លាស់​ បាន​ទាក់ចិត្តភ្ញៀវទេសចរ​ និង​នាំ​​ឱ្យ​មាន​អ្នក​ជួល​សេវាកម្ម​លោក​កាន់​ច្រើន។ «ទាក់ទង​នឹង​សេវាកម្ម​ទេសចរណ៍​ ទាល់តែ​យើង​ដើរ​ឱ្យ​ល្អ​ បាន​គេ​អាច​ទុក​លេខ​ទូរសព្ទ​យើង។ មគ្គុទ្ទេសក៍ទេសចរណ៍​ច្រើន ហេតុអ្វី​មគ្គុទ្ទេសក៍​ខ្លះ​ គ្មាន​ការ​ងារ​ធ្វើ​? គឺ​ដោយសារ​សមត្ថ​ភាព​។ មិន​មែន​ចេះ​ត្រឹម​ភាសាទេ តែ​​ត្រូវ​ចេះ​វប្បធម៌ អរិយធម៌​ ទំនៀម​ទម្លាប់ ប្រ​ពៃណី ជំនឿ​សាសនា​ផ្សេងៗ។ អ៊ីចឹង​ ទើប​យើង​អាច​ទៅ​រួច»។ នេះជា​ការ​លើក​ឡើងរបស់​លោក ហួរ ជួប។​

ក្រៅពី​ផ្ដល់​សេវាកម្មជា​មគ្គុទ្ទេសក៍​ដល់​ភ្ញៀវទេសចរ​ លោក ហួរ ជួប ក៏​ទទួល​សិស្ស និស្សិត ដែល​មក​ទស្សនកិច្ចសិក្សា​នៅ​រមណីយដ្ឋាន​អង្គរផងដែរ។ បើតាម​មគ្គុទ្ទេសក៍​៣ភាសារូបនេះ ការរៀប​រាប់បកស្រាយ​ជា​ភាសាអង់គ្លេស ទទួល​ភ្ញៀវច្រើនជាងភាសាជប៉ុន ខណៈ​ភ្ញៀវបរទេស ដូចជា​ បារាំង សិង្ហបុរី​ ថៃ និងហ្វីលីពីន តែង​ស្ដាប់ជា​ភាសាអង់គ្លេស​។ 


លោក ហួរ ជួប ថតរូបជា_មួយភ្ញៀវទេសចរបរទេស

ការងារជាមគ្គុទ្ទេសក៍ទេសចរណ៍ ពិតជា​មាន​សារៈ​សំខាន់​សម្រាប់​លោក ហួរ ជួប។ លោក អធិប្បាយដោយ​ក្ដី​រីករាយថា៖ «បើសម្រាប់ខ្ញុំ ជា​អ្នក​ស្រុក​ស្រែម្នាក់​ នៅតែ​វត្ត និង​មណ្ឌល​កុមារ​កំព្រា​ ខ្ញុំមាន​ដី មាន​ផ្ទះ គឺ​ដោយសារ​តែ​ជំនាញ​មគ្គុទ្ទេសក៍នេះ។ ចំណូល​ដែល​ខ្ញុំ​រកបាន គឺការ​បក​ប្រែ​ ការ​បម្រើ​សេវាកម្ម​ទេសចរណ៍នេះ។ វា​សំខាន់​សម្រាប់​ខ្ញុំ សម្រាប់​ជាតិ​សាសន៍​យើង​ ដែល​អាច​អភិរក្ស​វប្បធម៌​ ប្រវត្តិសាស្រ្ត​។ អ្នក​ធ្វើ​ការ​ជា​មគ្គុទ្ទេសក៍នេះ គឺ​ពួក​គាត់​ជា​បុគ្គល​សំខាន់​សម្រាប់ជាតិណាស់​ ដែលជួយការពារ​នូវ​អរិយធម៌​របស់​ខ្លួន​ ធ្វើ​ឱ្យ​បរទេស​ស្គាល់​កម្ពុជាផងដែរ​»។  
 
អតីត​អ្នក​ស្នាក់នៅ​វត្ត​រូបនេះ លើក​ទឹក​ចិត្ត​​ដល់​យុវជនគួរ​ស្វែង​យល់​ពី​ប្រវត្តិសាស្រ្តខ្មែរ។ ដោយ​ឡែក​ យុវជន​ដែល​ស្រឡាញ់​វិស័យ​ទេសចរណ៍ អាច​រៀន​សូត្រ​តាម​ជំនាញ​ខ្លួន​ពេញ​​ចិត្ត។ ជាមួយ​គ្នានេះ ក្នុង​នាម​ជា​មគ្គុទ្ទេសក៍​លោក ហួរ ជួប តែង​មាន​ក្ដី​រំភើប​នៅ​ពេល​ភ្ញៀវ​កោតសរសើរ​ពី​កម្ពុជា ដែល​ជំរុញ​ឱ្យ​លោក​កាន់តែ​ស្រឡាញ់​វប្បធម៌ខ្មែរ និង​សិក្សា​ស្រាវជ្រាវ​បន្ថែម​ទៀត​។​
 
គួរ​បញ្ជាក់ថា នៅ​ឆ្នាំ​២០២២នេះ វិស័យ​ទេសចរណ៍​សាកលលោក ​រំពឹង​ថានឹង​មាន​ភាព​ល្អ​ប្រសើរ​ ដោយ​សារ​ការ​ចាប់​ផ្ដើម​កម្រើក​ឡើង​វិញ​នៃ​ចរន្ត​នៃ​ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវទេសចរ​អន្តរជាតិ ដែល​ទទួល​បាន​ឥទ្ធិពល​វិជ្ជមាន​ពី​ការ​បន្ធូរបន្ថយ​ការ​រឹត​ត្បិត​ និង​ដក​របាំងដែល​ជា​លក្ខខណ្ឌ​នានា​លើ​ការ​ធ្វើដំណើរ។ នេះ​បើតាម​របាយការណ៍​សង្ខេប​របស់​ក្រសួង​ទេសចរណ៍៕ 


លោក ហួរ ជួប ពន្យល់សិស្សានុសិស្សនៅ_រមណីយដ្ឋានអង្គរ
 

លោក ហួរ ជួប មគ្គុទ្ទេសក៍ទេសចរណ៍នៅខេត្តសៀមរាប។
 

Tag:
 មគ្គុទ្ទេសក៍
  សៀមរាប
  ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com