អន្តរជាតិ
លោក ស៊ី ធានាការគាំទ្រដល់ប៉ាគីស្ថានចំពោះមុខនាយករដ្ឋមន្ត្រី Sharif
03, Nov 2022 , 10:29 am        
រូបភាព
ប្រធានាធិបតីចិន ស៊ី ជីនភីង នៅចំពោះមុខនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Shehbaz Sharif នៅថ្ងៃទី២ ខែ​វិច្ឆិកា សន្យានឹងជួយគាំទ្រប៉ាគីស្ថានក្នុងការធ្វើឱ្យមានស្ថិរភាពសេដ្ឋកិច្ច ខណៈប្រទេសមួយនេះ​កំពុង​ជួបវិបត្តិជាច្រើន។

 
នាយករដ្ឋមន្ត្រីប៉ាគីស្ថាន Shehbaz Sharif បានធ្វើដំណើរទស្សនកិច្ចទៅចិនចំនួនពីរថ្ងៃ និងជួបជាមួយប្រធានាធិបតីចិន ស៊ី ជិនភីង។​ នាជំនួបនៅប៉េកាំង លោក ស៊ី ថ្លែងថា ប្រទេសជិតខាងទាំងពីរតែងជំរុញកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ពិសេសការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន (CPEC) ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធតម្លៃ៦០ពាន់លានដុល្លារ ក៏ដូចជាការ​កសាង​កំពង់​ផែស​មុទ្រ Gwadar ក្នុងខេត្ត Balochistan ផងដែរ។ 
 
ចំពោះមុខលោក Sharif លោក ស៊ី ក៏បញ្ជាក់ជាថ្មីពីការប្ដេជ្ញាចិត្តរបស់ចិនក្នុងការជួយគាំទ្រប៉ាគីស្ថាន។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន។
 
លោក Sharif វិញ ក៏អំណរគុណដល់ចិនសម្រាប់ការជួយជ្រោមជ្រែងប៉ាគីស្ថានក្នុងការងារសង្គ្រោះ និង​ការស្ដារឡើងវិញក្រោយរងគ្រោះទឹកជំនន់ដ៏អាក្រក់ដែលបានសម្លាប់ប្រជាជនច្រើនជាង១,៧០០​នាក់ និងប៉ះពាល់ដល់ប្រជាជនប្រមាណ៣៣លាននាក់។ លោក Sharif និយាយដែរថា ប៉ាគីស្ថានមានចំណាប់អារម្មណ៍លើការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ចិន និងការដោះស្រាយបញ្ហានានាដើម្បីវឌ្ឍនភាព និងវិបុលភាពប្រទេស។
 
ដំណើរទស្សនកិច្ចរបស់លោក Sharif គឺជាសញ្ញាដ៏សំខាន់មួយសម្រាប់ ប៉ាគីស្ថាន​ខណៈ​ដែល​ប្រទេស​នេះព្យាយាមរក្សាតុល្យភាពប្រឈមមុខនឹងការកើនឡើងនៃការប្រកួតប្រជែងជាយុទ្ធសាស្រ្តរវាងចិន និងអាម៉េរិក។ ទោះមានទំនាក់ទំនងជិតស្និទ្ធផ្នែកសន្តិសុខជាមួយអាម៉េរិក ប៉ាគីស្ថានក៏បោះដៃរកចិនក្នុងការអភិវឌ្ឍប្រទេសដែរ។
 
បច្ចុប្បន្ន ប៉ាគីស្ថានជំពាក់ចិនជិត៣០ពាន់លានដុល្លារឬ២៣ភាគរយនៃបំណុលខាងក្រៅសរុប។ ប្រមុខ​ការទូតអាម៉េរិកលោក អាន់តូនី ប្លីងខិន ក៏បានលើកឡើងពីបញ្ហានេះក្នុង​កិច្ច​ប្រជុំ​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេសប៉ាគីស្ថានលោក Bilawal Bhutto កាលពីខែកញ្ញា ដោយជំរុញឱ្យប្រទេស​មួយ​នេះ​ពិភាក្សា​អំពី​ការបន្ធូរបន្ថយបំណុល និងការរៀបចំរចនាសម្ព័ន្ធទូទាត់ជាមួយទីក្រុងប៉េកាំង៕
 
 
 
 
 
 
 

Tag:
 ចិន
  ប៉ាគីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com