អន្តរជាតិ
ក្រោយបាញ់មីស៊ីល២៣គ្រាប់ម្សិលមិញ កូរ៉េខាងជើង បាញ់មីស៊ីលថែមទៀតនៅថ្ងៃនេះ
03, Nov 2022 , 11:29 am        
រូបភាព
រូបថត KCNA
រូបថត KCNA
ដោយ:
កូរ៉េខាងជើង នៅថ្ងៃទី៣ ខែវិច្ឆិកា បន្តបាញ់មីស៊ីលជាច្រើនគ្រាប់ទៀតចូលសមុទ្រខាងកើតដែលទំនងជាមានមីស៊ីលបាលីស្ទិកអន្តរទ្វីបមួយគ្រាប់ផងដែរ។ នេះបើតាមសេចក្តីប្រកាសរបស់អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង។

 
នៅថ្ងៃទី២ ខែវិច្ឆិកា កូរ៉េខាងជើងបាញ់មីស៊ីលយ៉ាងតិច២៣គ្រាប់ដែលមានមីស៊ីលរយៈចម្ងាយខ្លីមួយគ្រាប់កាត់ព្រំដែនសមុទ្រកូរ៉េធ្លាក់កៀកដែនទឹកកូរ៉េខាងត្បូងជាលើកដំបូង។ នៅថ្ងៃទី៣ កូរ៉េខាងជើង ក៏បាញ់មីស៊ីលបាលីស្ទិកប៉ុន្មានគ្រាប់ទៀតចូលសមុទ្រខាងកើត។ 
 
បើតាមអគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង ក្នុងចំណោមមីស៊ីលដែលបាញ់នេះ ក៏មានមីស៊ីលបាលីស្ទិកអន្តរទ្វីបមួយគ្រាប់ដែរ ដែលត្រូវបានចាប់សញ្ញាបាននៅម៉ោង៧និង​៤០នាទីព្រឹក ដោយបាញ់ពីតំបន់ Sunan នៅក្រុងព្យុងយ៉ាង ខណៈមីស៊ីលរយៈចម្ងាយខ្លីពីរគ្រាប់ទៀតបាញ់ពីតំបន់ Kaechon នៅខេត្ត Pyongan​ ខាងត្បូងប្រហែលជាម៉ោង​៨ និង៣៩ព្រឹក។
 
យោធាកូរ៉េខាងត្បូងបញ្ជាក់ថា មីស៊ីលរយៈចម្ងាយឆ្ងាយមួយគ្រាប់ដំបូងហោះក្នុងរយៈកម្ពស់ជិត២ពាន់គីឡូម៉ែត្រ និងរយៈចម្ងាយ៧៥០គីឡូម៉ែត្រ ហើយមីស៊ីលពីរគ្រាប់ទៀតហោះបានរយៈចម្ងាយ ប្រហែល៣៣០គីឡូម៉ែត្រក្នុងរយៈកម្ពស់៧០គីឡូម៉ែត្រ។
 
បើគិតពីខែឧសភា នេះជាលើកដំបូងហើយដែលក្រុងព្យុងយ៉ាងបាញ់មីស៊ីលបាលីស្ទិកអន្តរទ្វីបដែលជាមីស៊ីលរយៈចម្ងាយឆ្ងាយបំផុតរបស់កូរ៉េខាងជើង ហើយត្រូវបានធ្វើឡើងដើម្បីបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ។ យ៉ាងណាមិញ សម្រាប់ការបាញ់លើកនេះ យោធាកូរ៉េខាងត្បូងសន្មត់ថា បរាជ័យនៅដំណាក់កាលផ្ដាច់ក្បាលគ្រាប់ជាមួយតួមីស៊ីល។
 
អនុរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង Cho Hyun-dong និងអនុរដ្ឋមន្រ្តីការបរទេសអាម៉េរិក Wendy Sherman ថ្កោលទោសយ៉ាងខ្លាំងលើការបាញ់មីស៊ីលជាបន្តបន្ទាប់របស់កូរ៉េខាងជើងនេះដោយចាត់ទុកថាជាទង្វើដ៏អាក្រក់ និងគ្មានសីលធម៌។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេសកូរ៉េខាងត្បូង។ 
 
«យោធារបស់យើងបង្កើនការឃ្លាំមើល និងប្រុងប្រយ័ត្ន ខណៈរក្សាជំហរប្រុងជើងការក្នុងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអាម៉េរិក»។ សេចក្តីថ្លែងការណ៍របស់អគ្គសេនាធិការកូរ៉េខាងត្បូងបញ្ជាក់បែបនេះ។ 
 
ទាក់ទងបញ្ហានេះ លោក Pak Jong-chon លេខាម្នាក់នៃគណៈកម្មាធិការមជ្ឈិមរបស់បក្សកាន់អំណាចកូរ៉េខាងជើងព្រមាននៅថ្ងៃទី២ ខែវិច្ឆិកាថា ក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោននឹងរងផលវិបាកដ៏អាក្រក់បំផុត បើហ៊ានវាយប្រហារកូរ៉េខាងជើង។ 
 
ក្រុងព្យុងយ៉ាងបាញ់មីស៊ីលជាច្រើនគ្រាប់ជាបន្តបន្ទាប់បែបនេះជាការឆ្លើយតបទៅកូរ៉េខាងត្បូង និងអាម៉េរិកដែលកំពុងធ្វើសមយុទ្ធយោធាដែនអាកាសរួមគ្នាទ្រង់ទ្រាយធំ ដែលខ្លួនទាមទារឱ្យបញ្ឈប់តែមិនព្រមធ្វើតាម។ មិនទាន់មានមូលហេតុជុំវិញការបាញ់នេះឡើយ ប៉ុន្តែវាអាចជាផ្នែកមួយនៃសមយុទ្ធរបស់កូរ៉េខាងជើងដូចពេលកន្លងមក៕
 
 
 
 
 
 
 

Tag:
 កូរ៉េខាងជើង
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com