អន្តរជាតិ
ឥណ្ឌា៖ សាលារៀ​នក្នុងរដ្ឋធានីញូវដេលីបិទទ្វារ ខណៈផ្សែងអ័ព្ទពុលកំពុងវាយប្រហារ
03, Nov 2022 , 10:29 pm        
រូបភាព
ផ្សែងអ័ព្ទដែលគ្របដណ្ដប់នៅទីក្រុងញូវដេលី នៅថ្ងៃទី៣ ខែវិច្ឆិកាបានឈានដល់កម្រិតគ្រោះថ្នាក់​ ខណៈដែលផ្សែងចេញពីការដុតចំបើងរាប់ពាន់កន្លែងនៅភាគខាងជើងឥណ្ឌា រួមផ្សំជាមួយនឹងសារធាតុបំពុលផ្សេងទៀតបានបង្កើតជាផ្សែងអ័ព្ទពណ៌ប្រផេះដ៏គ្រោះថ្នាក់ ហើយគ្របដណ្ដប់ទីក្រុងធំនេះ។



យោងតាមសន្ទស្សន៍គុណភាពខ្យល់ IQAir កម្រិតភាគល្អិតគ្រោះថ្នាក់បំផុតPM២,៥ដែលតូចអាចជ្រៀតចូលក្នុងចរន្តឈាម បានកើតដល់កម្រិត៥៨៨ក្នុងមួយម៉ែត្រគូបនៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា​ ដែលជាកម្រិត IQAir វាយតម្លៃជាកម្រិតបំពុលដែលមានគ្រោះថ្នាក់។ នេះជាកម្រិតមួយខ្ពស់ដែលស្មើជិត៤០ដងនៃចំនួនអតិបរមាប្រចាំថ្ងៃនៃភាគល្អិតPM២,៥ ដែលត្រូវបានណែនាំដោយអង្គការសុខភាពពិភពលោក។
 
ជារៀងរាល់រដូវរងា ផ្សែងចេញពីការដុតចំបើងរបស់កសិករ ការបំភាយឧស្ម័នពុលចេញពីយានជំនិះ និងប្រភពផ្សេងទៀតបញ្ចូលគ្នា បានបង្កើតជាផ្សែងអ័ព្ទដ៏សាហាវគ្របដណ្ដប់ទីក្រុងញូវដេលីដែលមានពលរដ្ឋជាង២០លាននាក់។
 
បើតាមការសិក្សារបស់ទីភ្នាក់ងារស្រាវជ្រាវ Lancet ចេញឆ្នាំ២០២០ មនុស្សជាង ១,៦៧ លាននាក់បានស្លាប់ដោយសារតែការបំពុលបរិយាកាសនៅឥណ្ឌាក្នុងឆ្នាំ​ ២០១៩ ដោយក្នុងនោះចំនួនអ្នកស្លាប់ជាង ១៧,៥០០នាក់ជាអ្នករស់នៅក្នុងទីក្រុងញូវដេលី។ 
 
កន្លងមក​ អាជ្ញាធរក្រុងដេលី តែងតែប្រកាសពីផែនការផ្សេងៗគ្នា ដើម្បីកាត់បន្ថយការផ្សែងអ័ព្ទពុល ដូចជាការផ្អាកការដ្ឋានសំណង់ក្នុងទីក្រុងជាដើម។ ប៉ុន្តែផែនការទាំងនេះបានផ្ដល់ផលតិចតួចណាស់ដល់ការកាត់បន្ថយការផ្សែងអ័ព្ទពុល។ ជាមួយគ្នានេះ ការដុតចំបើងបន្ទាប់ពីច្រូតកាត់នៅរដ្ឋ Punjab និងរដ្ឋផ្សេងទៀតនៅតែបន្តកើតមានជារៀងរាល់ឆ្នាំ ទោះបីជាមានការខិតខំប្រឹងប្រែងពីរដ្ឋាភិបាលដើម្បីបញ្ចុះបញ្ចូលកសិករឱ្យប្រើវិធីផ្សេងគ្នាក៏ដោយ។
 
ខណៈផ្សែង​អ័ព្ទបានគ្របដណ្ដប់រដ្ឋធានីញូវដេលី អាណាព្យាបាលនិងអ្នកបរិស្ថានបានទាមទារឱ្យមានការបិទសាលារៀននៅពាសពេញប្រព័ន្ធផ្សព្វផ្សាយសង្គម។ អ្នកបរិស្ថានមួយចំនួនលើបណ្ដាញសង្គមខ្លួនបានសរសេរថា ការដកដង្ហើមជាមួយកម្រិតភាគល្អិត PM ២.៥ ជាង៥០០ ក្នុងមួយម៉ែត្រគូប នេះជារឿងដែលគ្មានសុវត្ថិភាព និងបង្កជាបញ្ហាសួតដល់កុមារ។ 
 
គួរបញ្ជាក់ថា ទីក្រុងញូវដេលីនៅសប្តាហ៍នេះបានសម្រេច ផ្អាកការងារសាងសង់ និងការរុះរើភាគច្រើន ដើម្បីទប់ស្កាត់ការបំពុលភាគល្អិត និងបានអំពាវនាវដល់ប្រជាពលរដ្ឋកាត់បន្ថយការប្រើប្រាស់មធ្យោបាយធ្វើដំណើរដូចជារថយន្ត និងម៉ូតូ ក៏ដូចជាកាត់បន្ថយការប្រើប្រាស់ធ្យូងថ្ម និងអុសនៅតាមផ្ទះផង​ដែរ៕
 

Tag:
 ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com