អន្តរជាតិ
កូរ៉េខាងជើង បាញ់មីស៊ីលចម្ងាយខ្លី៣គ្រាប់ទៀតយប់មិញ
04, Nov 2022 , 10:29 am        
រូបភាព
កូរ៉េខាងជើង បានបាញ់មីស៊ីលចម្ងាយខ្លី៣គ្រាប់ទៀតនៅយប់ថ្ងៃទី៣ ខែវិច្ឆិកា បន្ទាប់ពីបាញ់អស់៣គ្រាប់រួចនៅថ្ងៃដដែល។ ការបាញ់នេះ​ ជាការព្រមានកូរ៉េខាងត្បូង និងអាម៉េរិកដែលបន្តធ្វើសមយុទ្ធរួមគ្នា។ មន្រ្តីជាន់ខ្ពស់កូរ៉េខាងជើង ក៏ព្រមានសម្ព័ន្ធមិត្តទាំងពីរនេះ ដោយចាត់ទុកសមយុទ្ធរួមគ្នានេះជាជម្រើសគ្រោះថ្នាក់។

 
បើតាមការប្រកាសរបស់យោធាកូរ៉េខាងត្បូង មីស៊ីលចម្ងាយខ្លីបីគ្រាប់ដែលបាញ់នៅយប់ថ្ងៃទី៣ ខែវិច្ឆិកា ត្រូវបាញ់ចេញពីតំបន់ Koksan ក្នុងខេត្ត Hwanghae ខាងជើងនៅម៉ោងប្រមាណ៩កន្លះ។ ជាសរុប កូរ៉េខាងជើងបាញ់មីស៊ីល៦គ្រាប់នៅថ្ងៃទី៣ ដោយមួយគ្រាប់ជាមីស៊ីលបាលីស្ទិកអន្តរទ្វីបទៀតផង។
 
មុនការបាញ់នេះ លោក Pak Jong-chon លេខាធិការម្នាក់នៃគណៈមជ្ឈិមបក្សពលករកូរ៉េ បានចេញសារថ្កោលទោសការបន្តរយៈពេលសមយុទ្ធរបស់កូរ៉េខាងត្បូង និងអាម៉េរិកឈ្មោះ Vigilant Storm ដែលចាប់ផ្ដើមនៅថ្ងៃទី៣០ ខែតុលា។ ជាមួយនឹងការរិះគន់ លោក Pak ក៏ចាត់ទុកសមយុទ្ធនេះជាទង្វើគ្រោះថ្នាក់ និងជាជម្រើសខុសឆ្គង។
 
សមយុទ្ធ Vigilant Storm មានការចូលរួមពីយន្តហោះចម្បាំងជាង២៤០គ្រឿង ដែលក្នុងនោះក៏មានយន្តហោះចម្បាំង F-35 ផងដែរក្នុងលំហាត់ផ្លូវអាកាសពីលើឧបទ្វីបកូរ៉េ។ ដ្បិតមិនពេញចិត្តនឹងរឿងនេះ ទើបទីក្រុងព្យុងយ៉ាងបាញ់មីស៊ីលរាប់សិបគ្រាប់ក្នុងសប្ដាហ៍នេះ។ ឆ្លើយតបសកម្មភាពកូរ៉េខាងជើង អាម៉េរិក និងកូរ៉េខាងត្បូងសម្រេចបន្តសមយុទ្ធដល់ថ្ងៃទី៥ ខែវិច្ឆិកាទៀត។
 
នាជំនួបជាមួយសមភាគីកូរ៉េខាងត្បូងនៅវ៉ាស៊ីនតោន រដ្ឋមន្រ្តីការពារជាតិអាម៉េរិក ឡយ អូស្ទីន បានបញ្ជាក់ជាថ្មីពីការប្ដេជ្ញាចិត្តរបស់អាម៉េរិកក្នុងការការពារកូរ៉េខាងត្បូង ហើយការប្ដេជ្ញាចិត្តបង្ហាញអំណាចយោធាក៏មិនផ្លាស់ប្ដូរ ដែលនេះរាប់បញ្ចូលទាំងការប្រើនុយក្លេអ៊ែរផងដែរ។
 
ក្នុងសេចក្ដីប្រកាសក្រោយកិច្ចប្រជុំ ការវាយប្រហារលើអាម៉េរិក សម្ព័ន្ធមិត្ត ឬដៃគូ ទោះប្រើសព្វាវុធធម្មតាក្ដី ជារឿងមិនអាចទទួលយកបានឡើយ ហើយវានឹងនាំដល់ការដួលរលំរបបដឹកនាំកូរ៉េខាងជើងមិនខាន៕
 
 
 
 

Tag:
 កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com