អន្តរជាតិ
អាស៊ាន
លោក ប្រាយុទ្ធ នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងភ្នំពេញ
04, Nov 2022 , 12:19 pm        
រូបភាព
នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចន្ទអូចា ។ រូបថត AFP
នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចន្ទអូចា ។ រូបថត AFP
នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា នឹងធ្វើដំណើរមកកាន់កម្ពុជាចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១។ នេះបើយោងតាម​ការលើក​ឡើង​របស់​មន្ត្រីក្រសួងការបរទេសថៃនៅថ្ងៃទី៤ ខែវិច្ឆិកា។

 
នាយកផ្នែកព័ត៌មាននៃក្រសួងការបរទេសថៃលោក Tanee Sangrat បានលើកឡើងថា លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា នឹងធ្វើដំណើរមកកាន់ទីក្រុង ភ្នំពេញ​ដើម្បី​ចូលរួ​ម​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ានដែលនឹងចូលរួមដោយមេដឹកនាំសមាជិកអាស៊ានដទៃទៀត។ ក្រៅពីនេះ មេដឹកនាំថៃ​ក៏​នឹង​ចូល​រួមកិច្ចប្រជុំអាស៊ានផ្សេងៗទៀតជាមួយដៃគូ សន្ទនាអាស៊ានរួមមានចិន, កូរ៉េខាងត្បូង, ជប៉ុន, អាម៉េរិក, ឥណ្ឌា, អូស្ត្រាលី និង កាណាដាផងដែរ។
 
កិច្ចប្រជុំកំពូលនេះ នឹងបន្តដោយកិច្ចប្រជុំកំពូលអាស៊ានបូកបី និងកិច្ចប្រជុំពាក់ព័ន្ធ។ លោក Tanee មានប្រសាសន៍ថា កម្ពុជាក្នុងនាមជាប្រធាន និងជាម្ចាស់ផ្ទះ បានរៀបចំឱ្យមេដឹកនាំកិច្ចប្រជុំ​កំពូល​ជួប​ជាមួយតំណាងរាស្រ្តមកពីរដ្ឋផ្សេងៗ ក៏ដូចជាតំណាងយុវជន និងសមាជិក នៃ​វិស័យ​ឯកជនទៀតផង។
 
បញ្ហាដែលថៃនឹងលើកឡើងនៅក្នុងកិច្ចប្រជុំកំពូលគឺកិច្ចខិតខំរបស់ប្លុកដើម្បីជម្នះបញ្ហាប្រឈមជាសាកល, ការកសាងសន្តិសុខសុខភាពសាធារណៈ, ការពង្រឹងកម្លាំងសេដ្ឋ កិច្ចតាមរយៈ​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយក្នុងតំបន់, ការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្លុកនិងប្រទេសជាដៃគូ, ការជំរុញ​កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍឌីជីថល និងប្រកបដោយភាពច្នៃប្រឌិត​សម្រាប់​ការ​ចាប់​ផ្តើម​អាជីវកម្មខ្នាតតូច និងមធ្យម។ 
 
ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាលថៃ នឹងនិយាយពីការបង្កើតសន្តិសុខក្នុងវិស័យស្បៀងអាហារ និង​ថាមពល ក៏ដូចជាការ​ជំរុញ​សន្តិភាព និងស្ថិរភាព៕
 

Tag:
 ថៃ
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com