អន្តរជាតិ
រុស្ស៊ីទំនងដកថយពីភាគខាងត្បូងអ៊ុយក្រែន តែរដ្ឋាភិបាលក្រុងកៀវបារម្ភថាជាអន្ទាក់
04, Nov 2022 , 9:29 pm        
រូបភាព
រូបពីAFP
រូបពីAFP
មន្ត្រីតែងតាំងដោយរុស្ស៊ីប្រចាំភាគខាងត្បូងអ៊ុយក្រែន នៅថ្ងៃទី៣ បានលើកឡើងថា ក្រុងមូស្គូបង្ហាញសញ្ញាដកកងទ័ពរបស់ខ្លួនចេញពីច្រាំងខាងលិចនៃទន្លេ Dnipro និងបានជំរុញឱ្យជនស៊ីវិលចាកចេញពីទីនោះ។ មន្ត្រីនោះបន្ថែមថា វាអាចជាសកម្មភាពបង្ហាញពីការថយក្រោយនៃសង្គ្រាមរបស់រុស្ស៊ី តែរដ្ឋាភិបាលក្រុងកៀវ និងក្រុមអ្នកវិភាគលោកខាងលិចបារម្ភថាវាអាចជាអន្ទាក់។



មន្ត្រីតែងតាំងដោយរុស្ស៊ីប្រចាំតំបន់ភាគខាងត្បូងអ៊ុយក្រែន លោក Kirill Stremousov នៅថ្ងៃទី៣ ខែតុលាបានលើកឡើងថាទីក្រុងមូស្គូទំនងជាដកកងទ័ពរបស់ខ្លួនចេញពីច្រាំងខាងលិចទន្លេ Dnipro នៃក្រុង Kherson ដែលជាសញ្ញានៃការដកថយដ៏ធំមួយ។ ប្រសិនបើមានពិតមែនវានឹងក្លាយជាចំណុចរបត់ដ៏សំខាន់នៅក្នុងសង្គ្រាមនេះ។ ទោះយ៉ាងនេះក្តី រដ្ឋាភិបាលអ៊ុយក្រែន និងអ្នកវិភាគលោកខាងលិច បារម្ភថាសកម្មភាពដកទ័ពរុស្ស៊ីអាចជាអន្ទាក់ ហើយស្នើឱ្យទ័ពអ៊ុយក្រែនបន្តប្រុងប្រយ័ត្ន។ 
 
«អង្គភាពរបស់យើង ទាហានរបស់យើង ទំនងជានឹងចាកចេញទៅនៅច្រាំងទន្លេខាងឆ្វេងវិញ (ច្រាំងទន្លេខាងកើត)»។ លោក Kirill Stremousov អនុប្រធានរដ្ឋបាលស៊ីវិលនៃតំបន់ Kherson តែងតាំងដោយរុស្ស៊ីបានថ្លែងក្នុងបទសម្ភាសមួយរបស់ Solovyov Live ដែលជាសាព័ត៌មានអនឡាញគាំទ្ររុស្ស៊ី។ លោក Stremousov បានស្នើឱ្យប្រជាជនភៀសខ្លួនទៅនៅច្រាំងខាងកើតទន្លេតាមកងទ័ពរុស្ស៊ីដែរ ដើម្បីរក្សាសុវត្ថិភាព។
 
ការសង្ស័យជុំវិញរឿងដកទ័ពរបស់រុស្ស៊ីពីច្រាំងខាងលិច ថយមកខាងកើតនេះលេចឡើង​ បន្ទាប់​ពី​រូបថតអគារ​រដ្ឋបាល​សំខាន់​ក្នុង​ទីក្រុង Kherson បង្ហូតទង់ជាតិរុស្ស៊ីចុះក្រោម ត្រូវបាន​ផ្សព្វផ្សាយ​តាម​អ៊ីនធឺណិត​។ 
 
យ៉ាងណាមិញ អ៊ុយក្រែនយល់ថា រូបភាពទាំងនោះអាចជាព័ត៌មានមិនពិតរបស់រុស្ស៊ីប៉ុណ្ណោះ។ កន្លងមក រុស្ស៊ីធ្លាប់បានបដិសេធថាកងកម្លាំងរបស់ខ្លួនមិនមានគម្រោងដកថយចេញពីតំបន់ Kherson ឡើយ។ 
 
បើតាមអ្នក​នាំពាក្យរបស់មេ​បញ្ជាការ​យោធា​ភាគ​ខាង​ត្បូង​អ៊ុយក្រែន ​លោកស្រី Natalia Humeniuk វា​អាច​ជា​អន្ទាក់​របស់​រុស្ស៊ី ដើម្បីបង្កើតចំណាប់អារម្មណ៍ឱ្យអ៊ុយក្រែនយល់ថាទីតាំងនោះត្រូវបានបោះបង់ចោល ហើយវាមានសុវត្ថិភាពខណៈរុស្ស៊ីបានត្រៀមចាំប្រយុទ្ធបើអ៊ុយក្រែនចូលទៅ។
 
គួររំលឹកថា រុស្ស៊ី​ខិតខំប្រឹងប្រយុទ្ធ​អស់​ជាច្រើន​ខែ​ដើម្បី​បានកាន់កាប់តំបន់​នៅ​ច្រាំង​ខាងលិច​​ទន្លេ Dnipro ដែលខណ្ឌចែកអ៊ុយក្រែន។ ដោយសារអ៊ុយក្រែនព្យាយាមវាយប្រហារផ្លូវសំខាន់ៗឆ្លងកាត់ទន្លេពីច្រាំងខាងកើត មកខាងលិច ការកាន់កាប់ច្រាំងទន្លេ Dnipro ខាងលិចរបស់រុស្ស៊ីមានភាពលំបាក។ រុស្ស៊ីពិបាកផ្គត់ផ្គង់ទ័ពខ្លួននៅច្រាំងខាងលិច៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com