អន្តរជាតិ
វៀតណាម រឹតបន្តឹងច្បាប់លុបព័ត៌មានមិនពិតដែលតម្រូវឱ្យលុបព័ត៌មានក្នុងពេល២៤ម៉ោង
05, Nov 2022 , 10:33 am        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
វៀតណាម កំពុងរឹតបន្តឹងច្បាប់ដោះស្រាយជាមួយនឹងមាតិកាមិនពិតនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយតម្រូវឱ្យអ្នកផ្សព្វផ្សាយនោះលុបព័ត៌មានក្នុងរយៈពេលត្រឹម២៤ម៉ោងប៉ុណ្ណោះ ខណៈពីមុនអាចមានរយៈពេល៤៨ម៉ោង។

 
រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងទំនាក់ទំនងវៀតណាម លោក Nguyen Manh Hung នៅថ្ងៃទី៤ ខែវិច្ឆិកា បានអះអាងថា អាជ្ញាធរកំពុងរឹតបន្តឹងច្បាប់ប្រឆាំងការផ្សព្វផ្សាយព័ត៌មានមិនពិត ដោយតម្រូវឱ្យក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម លុបមាតិកាដែលរដ្ឋាភិបាលចាត់ទុកខុសច្បាប់ក្នុងរយៈពេល២៤ម៉ោង។ ពីមុនច្បាប់នេះត្រូវបានអនុញ្ញាតឱ្យម្ចាស់មាតិកាដោះស្រាយក្នុងរយៈពេលដល់ទៅ៤៨ម៉ោង។ 
 
«វាមានហានិភ័យនៅពេលព័ត៌មានមិនពិតត្រូវផ្សព្វផ្សាយយ៉ាងទូលំទូលាយ ក្នុងករណីមានការដោះស្រាយយឺតយ៉ាវ»។ រដ្ឋមន្ត្រីក្រសួងព័ត៌មានវៀតណាម ប្រាប់សភាវៀតណាមបែបនេះ។ 
លោក Hung បន្ថែមថា ការផាកពិន័យនាពេលបច្ចុប្បន្ននៅវៀតណាមសម្រាប់ការបង្ហោះ និងផ្សព្វផ្សាយព័ត៌មានមិនពិត នៅមានកម្រិតស្រាលនៅឡើយ ដូចនេះវៀតណាមនឹងបង្កើនការផាកពិន័យដល់កម្រិតខ្ពស់ល្មមសម្រាប់រារាំងការប្រព្រឹត្តបទល្មើសរបស់ប្រជាជន។ កន្លងមក ការផាកពិន័យសម្រាប់ការផ្សព្វផ្សាយព័ត៌មានមិនពិតនៅវៀតណាមមានទំហំទឹកប្រាក់ពី ៤០០ ទៅ ៨០០ដុល្លារ។ 
 
ចំណាត់ការរបស់វៀតណាមកើតឡើងចំពេលដែលពិភពលោកព្យាយាមបង្ក្រាបការផ្សព្វផ្សាយមាតិកាមិនពិតតាមប្រព័ន្ធអ៊ីនធឺណិត។ ប៉ុន្តែរដ្ឋាភិបាលប្រទេសជាច្រើនមិនទាន់មានច្បាប់កំណត់ការលុបមាតិកាលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដូចវៀតណាមនោះទេ។ យ៉ាងណាមិញ វាមានចំណាត់ការតាមបែបផ្សេងៗតាមប្រទេស ដូចជាតួកគីបានអនុម័តច្បាប់ដាក់ពន្ធនាគាររហូតដល់៣ឆ្នាំ ចំពោះអ្នកផ្សព្វផ្សាយព័ត៌មានមិនពិត។ 
 
ការធ្វើវិសោធនកម្មច្បាប់ថ្មីនេះ បញ្ជាក់ជាថ្មីជំហររបស់វៀតណាមជាប្រទេសមានរបបគ្រប់គ្រងដ៏តឹងរ៉ឹងបំផុតមួយរបស់ពិភពលោកទៅលើក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម និងពង្រឹងអំណាចបក្សកុម្មុយនីស្តចំពោះសកម្មភាពប្រឆាំងរដ្ឋ។ ស្របគ្នានេះ អ្នក​រិះគន់​បានបង្ហាញការ​ព្រួយ​បារម្ភ​ថាច្បាប់ថ្មី​អាច​ផ្តល់​អំណាច​បន្ថែម​ទៀត​ដល់​អាជ្ញាធរ​ដើម្បី​បង្ក្រាប​អ្នក​ប្រឆាំង។
 
វៀតណាមបានរឹតបន្តឹងច្បាប់ទាក់ទងប្រព័ន្ធអ៊ីនធឺណិតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដើម្បីឈានទៅរកការបង្កើតច្បាប់សុវត្ថិភាពអ៊ីនធឺណិតដែលបានចូលជាធរមានក្នុងឆ្នាំ២០១៩។ លើសពីនេះវៀតណាមបានដាក់ចេញគោលការណ៍ណែនាំថ្នាក់ជាតិ ស្តីពីឥរិយាបថប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីឆ្នាំ២០២១ផងដែរ៕
 
 

Tag:
 វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com