ជាតិ
ទូកដឹកសិស្សនៅសហគមន៍ទន្លេសាប ជាក្ដីសង្ឃឹមថ្មីរបស់អាណាព្យាបាល
05, Nov 2022 , 2:01 pm        
រូបភាព
ការប្រគល់ទូកបណ្ណាល័យចល័ត និងទូកដឹកសិស្សនៅសហគមន៍ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ការប្រគល់ទូកបណ្ណាល័យចល័ត និងទូកដឹកសិស្សនៅសហគមន៍ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ស្រុកឯកភ្នំ, ខេត្តបាត់ដំបង៖ ទូក ឬកាណូតស្មាច់ ជាមធ្យោបាយដ៏សំខាន់សម្រាប់ប្រជាសហគមន៍រស់នៅក្នុងបឹងទន្លេសាប។ វាកាន់តែសំខាន់ថែមទៀតសម្រាប់សិស្សានុសិស្សនៅទីនោះដើម្បីធ្វើដំណើរទៅមកសាលារៀន។ ដោយសារជីវភាពខ្វះខាត គ្រួសារខ្លះត្រូវពឹងអាស្រ័យលើអ្នកក្បែរខាង ឬសិស្សរៀនជាមួយគ្នាផង ដើម្បីជួយចម្លង ហើយពេលខ្លះពួកគេខកខាតមិនបានទៅសាលារៀនក៏មានដោយសារខ្វះមធ្យោបាយមួយនេះ។ ដោយមើលឃើញពីការលំបាកនេះហើយ ទើបអង្គការជួយផ្នែកអប់រំមួយ បានគាំទ្រនិងឧបត្ថម្ភទូកដឹកសិស្សនៅតាមសហគមន៍បឹងទន្លេសាប ក្នុងបំណងលើកកម្ពស់ការអប់រំ ដោយបារម្ភខ្លាចសិស្សបោះបង់ការសិក្សាដោយសារតែគ្មានមធ្យោបាយទៅរៀនទៀងទាត់។

 
ទូកបណ្ណាល័យចល័តចំនួន២ និងទូកដឹកសិស្សចំនួន១០ ត្រូវបានអង្គការអេដ អេ អាក់ស្យុង (Aide et Action) និងអង្គការដៃគូ ប្រគល់ជូនសាលាគោលដៅនៅតាមសហគមន៍ក្នុងបឹងទន្លេសាប មានខេត្តសៀមរាប បាត់ដំបង និងខេត្តបន្ទាយមានជ័យ។ អាណាព្យាបាលសិស្សមានក្ដីរំពឹងថា ការគាំទ្រទូកដឹកសិស្សនេះនឹងជួយឱ្យកូនៗរបស់ពួកគាត់អាចរៀនសូត្របានថ្នាក់ខ្ពស់ និងមានអនាគតវែងឆ្ងាយ។
 


លោក ហុង គង់ ពលរដ្ឋរស់នៅភូមិអន្លង់តាអួរ ឃុំកោះជីវាំង ស្រុកឯកភ្នំ បានបង្ហាញអារម្មណ៍រីករាយ ស្របពេលភូមិរបស់លោកទទួលបានទូកដឹកជញ្ជូនកូនសិស្សទៅមកសាលារៀន។ បុរសវ័យ ៣៥ឆ្នាំរូបនេះរំឭកថា កន្លងមកកូនៗរបស់លោកចំនួន៤នាក់ ទៅសាលារៀនដោយកាណូតទូកស្មាច់ដែលលោកជូនទៅ ឬទំនេរពីនេសាទ និងពេលខ្លះត្រូវពឹងអ្នកជិតខាងដោយសារក៏មាន។ 
 
ក្នុងគ្រួសារមានកាណូតតែមួយគ្រឿង ហើយពេលខ្លះលោក គង់ ត្រូវចេញទៅរកត្រីដោយមិនបានជូនកូនទៅសាលា រីឯអ្នកជិតខាងក៏មិនទៀងទាត់ក្នុងការចូលយកទៀត ទើបធ្វើឱ្យកូនៗរបស់លោកត្រូវខកខានមិនបានរៀនសូត្រច្រើនថ្ងៃ។ ដូច្នេះទូកដឹកសិស្សនេះ នឹងជួយឱ្យគ្រួសារអ្នកភូមិអន្លង់តាអួររូបនេះ មានពេលច្រើនចេញទៅរកត្រី ហើយកូនៗក៏មិនបារម្ភគ្មានមធ្យោបាយទៅរៀនទៀតដែរ។
 
មិនបានរៀនសូត្រជ្រៅជ្រះដូចគេពិតមែន តែលោក គង់ មិនចង់ឱ្យកូនៗដូចរូបលោកដែលមិនចេះអក្សរឡើយ។ ជាការងារដោយប្រើកម្លាំង និងរកមួយថ្ងៃរស់មួយថ្ងៃនោះ លោក គង់ ចង់ឃើញកូនៗរបស់លោកលំបាកដូចខ្លួនឡើយ។ បុរសសម្បុរស្រអែមរូបនេះមានក្ដីប្រាថ្នាចង់ឱ្យកូនៗបានខ្ពង់ខ្ពស់ និងមានការងារល្អៗធ្វើនឹងគេឯង។ លោក គង់ រៀបរាប់យ៉ាងដូច្នេះថា៖«ខ្លួនខ្ញុំវាល្ងិតល្ងង់ អក្សរគេសរសេរអីមិនដឹងថាសរសេរម៉េចទេ អ៊ីចឹងហើយខ្ញុំជំរុញកូនរៀនឱ្យចេះ កុំឱ្យល្ងិតល្ងង់ដូចខ្ញុំ ចង់រៀនបានជ្រៅជ្រះដូចគេ»។ 


 
កូនៗចំនួន២នាក់របស់អ្នកស្រី តាំង ផល្លា រៀននៅសាលាបឋមសិក្សាឃុំកោះជីវាំង ដែលត្រូវធ្វើដំណើរប្រហែលមួយម៉ោងដោយទូកអុំ ឬកន្លះម៉ោងប្រសិនមានទូកស្មាច់។ គ្រួសារមួយនេះពុំមានទូកដឹកកូនៗមករៀនទេ គឺពឹងបងប្អូនដែលមានកូនៗរៀននៅសាលាជាមួយ។ តែពេលខ្លះកូនៗអ្នកស្រីត្រូវខកខានទៅរៀនច្រើនថ្ងៃដោយសារគ្មានទូកចម្លង។ 
 
ជាមួយនឹងទូកដឹកសិស្សដែលផ្ដល់ជូនសហគមន៍ឃុំកោះជីវាំងនៅពេលនេះ អ្នកស្រី ផល្លា មានក្ដីសង្ឃឹមថា កូនៗរបស់អ្នកស្រីអាចធ្វើដំណើរទៅសាលាជាទៀងទាត់ និងរៀនរហូតដល់ចប់ថ្នាក់។ អ្នកស្រីពោលថា៖« ខ្ញុំអរគុណច្រើនដែលផ្តល់ជាទូក [ដឹកសិស្ស] ឱ្យកូនរៀនសូត្រ កុំឱ្យល្ងង់ដូចពួកខ្ញុំ។ រាល់ថ្ងៃគឺអត់ឱ្យកូនឈប់ទេ សុខចិត្តប្ដូរអត់ស៊ីអត់ឃ្លានឱ្យកូនមករៀនសូត្រ ខ្ញុំចង់ឱ្យកូនរៀនបន្តរហូតដល់ចប់ថ្នាក់ ឱ្យមានការងារល្អ មិនចង់ឱ្យនេសាទដូចខ្លួនឯងទេ»។
 
ប្រធានអង្គការ អេដ អេ អាក់ស្យុង (Aide et Action/ Action Education) ប្រចាំប្រទេសកម្ពុជា លោក វន សំភាស់ នាពិធីដាក់ដំណើរការទូកបណ្ណាល័យចល័ត និងប្រគល់ទូកដឹកសិស្សជូនសាលារៀនគោលដៅក្នុងតំបន់បឹងទន្លេសាប នាថ្ងៃទី៣ វិច្ឆិកា មានសុទិដ្ឋិនិយមថា ការផ្ដល់ជូននៅពេលនេះ នឹងជួយពង្រឹងការអប់រំដល់សហគមន៍ក្នុងបឹងទន្លេសាបឱ្យកាន់តែប្រសើរឡើង និងដោះស្រាយបញ្ហាប្រឈមរបស់កុមារដែលពុំមានមធ្យោបាយមកសាលារៀនបានសមរម្យ ដែលជាហេតុផលចម្បងធ្វើឱ្យសិស្សបោះបង់ការសិក្សា។


 
«ការផ្ដល់ទូកនេះ ជាការរួមចំណែកកាត់បន្ថយការលំបាក នូវការខ្វះខាតរបស់កុមារ សម្រាប់មធ្យោយបាយមកកាន់សាលារៀន យើងរួមចំណែកជាមួយសាលារៀន ផ្ដល់ទូកទៅសាលារៀន ដើម្បីឱ្យសាលាអាចជ្រើសរើស អាចកំណត់នូវអត្តសញ្ញាណកុមារដែលឪពុកម្ដាយទៅនេសាទអត់មានទូក គាត់អាចគិតថាតើក្រុមកុមារណាដែលត្រូវការទូករួមគ្នានេះ ដែលអាចជួយគាត់ចម្លងមកកាន់សាលារៀនបាន»។ នេះជាការលើកឡើងរបស់លោក វន សំភាស់។
 

ការធ្វើដំណើរចេញពីសាលារៀនរបស់សិស្សានុសិស្សនៅឃុំកោះជីវាំង

ក្រៅពីការផ្ដល់ទូក អង្គការ អេដ អេ អាក់ស្យុង បានបានផ្តល់ទូកបណ្ណាល័យចល័តចំនួន២ដល់សហគមន៍នៅឃុំកោះជីវាំង ឃុំព្រៃចាស់ នៃស្រុកឯកភ្នំ ខេត្តបាត់ដំបងផងដែរ។ ទូកទាំងនេះនឹងចល័តទៅតាមសាលាគោលដៅ ដែលអាចឱ្យគ្រូ និងកុមារ អានសៀវភៅរាប់សិបចំណងជើង។ លោក វន សំភាស់ បន្តថា អង្គការនឹងផ្លាស់ប្ដូរសៀវភៅជាបន្តបន្ទាប់ ដើម្បីឱ្យសៀវភៅក្លាយជាមិត្តរបស់កុមារ ក្លាយជាឃ្លាំងនៃចំណេះដឹង ហើយទូកនឹងក្លាយជានាវាមួយនាំនូវចំណេះជំនាញ និងភាពប៉ិនប្រសព្វដល់កុមារ។ 
 
អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក ហ៊ាង ស៊ីណេ បានស្នើឱ្យសាលាធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រធានគម្រោង និងត្រូវថែរក្សាសម្ភារដូចជាទូកនេះឱ្យបានល្អ ទោះបីគម្រោងបានចប់ក៏ដោយ។ លោកក៏លើកទឹកចិត្តដល់អាណាព្យាបាយ បន្តជំរុញឱ្យកូនរៀនសូត្រ មិនត្រូវឈប់រៀនដោយសារតែជីវភាពខ្វះខាតឡើយ។ លោកបន្ថែមថា ការជំរុញឱ្យកូនរៀនសូត្របានខ្ពង់ខ្ពស់ ប្រៀបដូចកំពុងសន្សំទ្រព្យជូនពួកគេដូច្នោះដែរ៕


ការធ្វើដំណើរចេញពីសាលារៀនរបស់សិស្សានុសិស្សនៅឃុំកោះជីវាំង



សហគមន៍ផ្ទះបណ្ដែតទឹក ឃុំកោះជីវាំង

Tag:
 ទូកដឹកសិស្ស
  ទន្លេសាប
  សហគមន៍ឃុំកោះជីវាំង់
© រក្សាសិទ្ធិដោយ thmeythmey.com