អន្តរជាតិ
មេដឹកនាំចិននិងអាល្លឺម៉ង់ ព្រមានពីការគំរាមប្រើនុយក្លេអ៊ែរលើអ៊ុយក្រែន
05, Nov 2022 , 2:29 pm        
រូបភាព
ប្រធានាធិបតីចិន ស៊ី ជិនភីង ជួបពិភាក្សាជាមួយអធិការបតីអាល្លឺម៉ង់ Olaf Shcolz ។ រូបថត Xinhua
ប្រធានាធិបតីចិន ស៊ី ជិនភីង ជួបពិភាក្សាជាមួយអធិការបតីអាល្លឺម៉ង់ Olaf Shcolz ។ រូបថត Xinhua
ប្រធានាធិបតីចិន ស៊ី ជិនភីង និងអធិការបតីអាល្លឺម៉ង់ Olaf Scholz នៅថ្ងៃទី៤ ខែ វិច្ឆិកា ថ្កោល​ទោស​ចំពោះការគំរាមកំហែងណាមួយដែលប្រើប្រាស់អាវុធនុយក្លេអ៊ែរលើអ៊ុយក្រែន។ នាជំនួបនៅប៉េកាំង មេដឹកនាំទាំងពីរក៏សន្យាគ្នាសហការក្នុងការដោះស្រាយបញ្ហាសកលផ្សេងៗផងដែរ។

 
ក្នុងដំណើរទស្សកិច្ចលើកទីមួយតាំងពីការរីកដាលជំងឺកូវីដ-១៩ មេដឹកនាំអាល្លឺម៉ង់ Olaf Scholz បាន​ជួបជាមួយប្រធានាធិបតីស៊ីនៅទីក្រុងប៉េកាំងនៅថ្ងៃទី៤ ខែវិច្ឆិកា។ មេដឹកនាំទាំងពីរ បានពិភាក្សាលើ​បញ្ហាអ៊ុយក្រែន និងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ យោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua ទាំងប្រធានាធិបតីចិននិងអធិការបតីអាល្លឺម៉ង់ឯកភាពគ្នាក្នុងការប្រឆាំង​នឹងការ​ប្រើ​ប្រាស់​អាវុធ​នុយក្លេអ៊ែរទៅលើអ៊ុយក្រែន។ 
 
«តាមរយៈការប្រើប្រាស់អាវុធនុយក្លេអ៊ែរ រុស្ស៊ីនឹងឆ្លងកាត់ខ្សែបន្ទាត់ដែលអន្តរជាតិបានគូស​ជាមួយ​គ្នា​»។ លោក Scholz លើកឡើងបែបនេះក្រោយជំនួបជាមួយលោក ស៊ី ។ ចំពោះលោក ស៊ី មិន​បាន​រិះគន់​រុស្ស៊ីចំៗឬទទូចឱ្យរុស្ស៊ីដកទ័ពនោះឡើយ។ យ៉ាងណាមិញ លោក Scholz សង្កត់ធ្ងន់​ពី​តួនាទី​ចិន​ក្នុង​ការជួយបញ្ឈប់សង្គ្រាមរុស្ស៊ីអ៊ុយក្រែនខណៈដែលចិនមានអំណាច និងជិតស្និទ្ធ​ជាមួយ​រុស្ស៊ីស្រាប់។
 
អំឡុងពេលអាហារថ្ងៃត្រង់ជាមួយមេដឹកនាំអាល្លឺម៉ង់ លោក ស៊ី សង្កត់ធ្ងន់ថា វាងាយស្រួលក្នុងការ​បំផ្លាញទំនុកចិត្តផ្នែកនយោបាយប៉ុន្តែពិបាកក្នុងការកសាងឡើងវិញហើយភាគីទាំងពីរត្រូវតែថែរក្សា។ លោក ស៊ី បានជំរុញឱ្យប្រទេសទាំងពីរធ្វើការយ៉ាងជិតស្និទ្ធបន្ថែមទៀតលើបញ្ហាអន្តរជាតិ។
 
មេដឹកនាំទាំងពីរ ក៏បានជជែកគ្នាលើបញ្ហាផ្សេងៗដូចជា ការទទួលបានការចូលទីផ្សារទៅវិញទៅមក បញ្ហាប្រែប្រួលអាកាសធាតុ និងជំងឺកូវីដ-១៩។​
 
គួរបញ្ជាក់ថា ការធ្វើដំណើររបស់លោក Scholz ទទួលបានការរិះគន់ពី​សម្ព័ន្ធរបស់លោកផ្ទាល់​ទាក់​ទង​នឹងទំនាក់ទំនងជាមួយក្រុងប៉េកាំងដែលរងការរិះគន់លើបញ្ហាសិទ្ធិមនុស្សយ៉ាងខ្លាំង។ លោក Scholz ព្យាយាមធ្វើឱ្យមានតុល្យភាពរវាងការរក្សាក្រុមហ៊ុនរបស់សហភាពអឺរ៉ុប និងការផ្អែកលើទីផ្សារចិន៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com