អន្តរជាតិ
ក្រុមហ៊ុន Twitter បញ្ឈប់បុគ្គលិក៥០ភាគរយ ក្រោយលក់ឱ្យមហាសេដ្ឋី Elon Musk
05, Nov 2022 , 3:59 pm        
រូបភាព
ប្រធានផ្នែកសុវត្ថិភាព និងសុចរិតភាពរបស់ក្រុមហ៊ុន Twitter នៅថ្ងៃទី៥ ខែវិច្ឆិកា បានលើកឡើងថា Twitter បានបញ្ឈប់បុគ្គលិកចំនួន៥០ភាគរយ ដើម្បីធានាសុវត្ថិភាពក្នុងការដាក់ផ្សាយមាតិកាលើប្រព័ន្ធផ្សព្វផ្សាយខ្លួនឡើងវិញក្រោមការគ្រប់គ្រងរបស់ម្ចាស់ថ្មី លោក Elon Musk។

 
ថ្លែងក្នុងសារបង្ហោះលើបណ្ដាញសង្គម Twitter ប្រធានផ្នែកសុវត្ថិភាព និងសុចរិតភាពក្រុមហ៊ុន Twitter លោក Yoel Roth បានបង្ហាញថាក្រុមហ៊ុនខ្លួនបានបញ្ឈប់បុគ្គលិក ៥០ភាគរយ ដើម្បីធានាសុវត្ថិភាពដល់អ្នកប្រើប្រាស់ និងអ្នកផ្សាយពាណិជ្ជកម្ម បន្ទាប់ពីក្រុមហ៊ុននេះត្រូវលក់ឱ្យមហាសេដ្ឋីពិភពលោក Elon Musk នៅដើមឆ្នាំ២០២២។ 
 
បើតាមលោក Roth ក្នុងចំណោមបុគ្គលិក៥០ភាគរយរបស់ Twitter ដែលត្រូវបញ្ឈប់នោះ បុគ្គលិកនៅក្នុងក្រុមសុវត្ថិភាព និងទំនុកចិត្ត១៥ភាគរយ ដែលទទួលខុសត្រូវទប់ស្កាត់ការរីករាលដាលនៃព័ត៌មានមិនពិត និងខ្លឹមសារដែលបង្កគ្រោះថ្នាក់ ត្រូវបានបញ្ឈប់ពីការងារ។ 
 
បើតាមប្រភពដដែល ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិតត្រូវបានយកចិត្តទុកដាក់ខ្លាំង និងស្ថិតនៅអាទិភាពកំពូល ខណៈអាម៉េរិកត្រូវរៀបចំការបោះឆ្នោតពាក់កណ្ដាលអាណត្តិ។ 
ចំណែកលោក Elon Musk ក៏បានបង្ហោះសារលើបណ្ដាញសង្គម Twitter ភ្លាមៗបន្ទាប់ពីលោក Roth ដែរថា ជាថ្មីម្តងទៀតដើម្បីឱ្យមានភាពច្បាស់លាស់ ការប្តេជ្ញាចិត្តដ៏រឹងមាំរបស់ Twitter ចំពោះការសម្របសម្រួលមាតិកានៅតែមិនផ្លាស់ប្តូរ។ លោក Musk បានសំដៅលើការសម្របសម្រួលមាតិកាពិត មិនបង្កគ្រោះថ្នាក់ដល់សង្គម។ 
 
លោក Musk បានបញ្ជាក់ថា Twitter បានធ្លាក់ចុះប្រាក់ចំណូលដោយសារក្រុមសង្គមស៊ីវិលលើកឡើងជុំវិញការព្រួយបារម្ភរឿងបញ្ឈប់ការងារដែលនឹងប៉ះពាល់ដល់ការសម្របសម្រួល និងបានដាក់សម្ពាធលើការអ្នកទិញសេវាកម្មផ្សាយពាណិជ្ជកម្មឱ្យចំណាយកាន់តែច្រើន។ ម៉ាកល្បីៗដូចជា General Mills និង General Motors បានអះអាងថាពួកគេបានបញ្ឈប់ការផ្សាយពាណិជ្ជកម្មនៅលើ Twitter ហើយ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com