អន្តរជាតិ
អាម៉េរិក ចោទចិននិងរុស្ស៊ីថាធ្វើខែលការពារកូរ៉េខាងជើងនៅក្រុមប្រឹក្សាសន្តិសុខ
05, Nov 2022 , 4:59 pm        
រូបភាព
តំណាងអាម៉េរិកប្រចាំអង្គការសហប្រជាជាតិ Linda Thomas-Greenfield។ រូបថត AFP
តំណាងអាម៉េរិកប្រចាំអង្គការសហប្រជាជាតិ Linda Thomas-Greenfield។ រូបថត AFP
តំណាងអាមេរិក នៅថ្ងៃទី៤ ខែវិច្ឆិកា បានចោទរុស្ស៊ី និងចិន ថាធ្វើជាខែលការពារកូរ៉េខាងជើងតាមរយៈការរារាំងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ពីការចាត់វិធានការនានាលើរដ្ឋនេះ។ ប៉ុន្តែតំណាងរុស្ស៊ី និងចិនច្រានចោល និងតបវិញថា អាម៉េរិកឯណោះជាអ្នកអុជភ្លើង។

 
អាមេរិក អង់គ្លេស បារាំង អាល់បានី អៀរឡង់ និងន័រវែស បានស្នើឱ្យក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ (UNSC) ប្រជុំគ្នានៅថ្ងៃទី៤ ខែវិច្ឆិកា បន្ទាប់ពីកូរ៉េខាងជើងបាញ់មីស៊ីលជាច្រើនគ្រាប់ រួមទាំងបាញ់កាំភ្លើងធំជាង១០០គ្រាប់ទៅក្នុងសមុទ្រខាងកើត។ 
 
ក្នុងកិច្ចប្រជុំ អាម៉េរិកបានអះអាងថា រុស្ស៊ី និងចិន ដែលជាសមាជិក UNSC បានបោះបង់ការទទួលខុសត្រូវខ្លួនដែលត្រូវជួយរក្សាសន្តិសុខពិភពលោក ព្រោះប្រទេសទាំងពីរនេះការពារកូរ៉េខាងជើងពីការដាក់សម្ពាធរបស់ UNSC និងជួយគាំទ្រការបាញ់មីស៊ីលរបស់កូរ៉េខាងជើងថែមទៀត។
 
«អ្នកមិនត្រូវបោះបង់ការខុសត្រូវនៅក្នុងក្រុមប្រឹក្សាសន្តិសុខ ដោយសារហេតុផលកូរ៉េខាងជើងអាចលក់អាវុធឱ្យអ្នក ដើម្បីបញ្ឆេះសង្រ្គាមឈ្លានពាននៅអ៊ុយក្រែន ឬដោយសារតែអ្នកគិតថាពួកគេអាចបង្កើតការទប់ស្កាត់ក្នុងតំបន់ដ៏ល្អប្រឆាំងអាម៉េរិកក៏ដោយ»។ ឯកអគ្គរដ្ឋទូតអាម៉េរិក ប្រចាំ UN លោកស្រី Linda Thomas-Greenfield ប្រាប់ក្រុមប្រឹក្សាសន្តិសុខបែបនេះ ដោយសំដៅទៅលើរុស្ស៊ី និងចិន។
 
បណ្ដាអ្នកការទូតជាច្រើនបានលើកឡើងថា រុស្ស៊ី និងចិនទំនងជាមិនយល់ព្រម​ឱ្យ UNSC ធ្វើសកម្មភាពដាក់សម្ពាធណាមួយឡើយជុំវិញការបាញ់មីស៊ីលលើកចុងក្រោយបង្អស់របស់កូរ៉េខាងជើងនេះ។ លើសពីនេះ អ្នកតំណាងចិន និងរុស្ស៊ី ថែមទាំងបានចោទអាម៉េរិកបកទៅវិញថា អាម៉េរិកកំពុងបង្កភាពតានតឹងក្នុងតំបន់ឧបទ្វីបកូរ៉េដោយខ្លួនបានចូលរួមធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំរួមជាមួយកូរ៉េខាងត្បូង។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
 
ឯកអគ្គរដ្ឋទូតចិនប្រចាំ UN លោក Zhang Jun បាននិយាយថា ជំនួសឱ្យការបង្កើនភាពតានតឹង អាម៉េរិកគួរតែព្យាយាមបង្កើតឱកាសបន្តកិច្ចចរចាដែលជាប់គាំងជាមួយកូរ៉េខាងជើង។ លោក Zhang បន្ថែមថា នៅក្រោមកាលៈទេសៈបច្ចុប្បន្ន UNSC គួរតែដើរតួនាទីជួយស្ថាបនា ជាជាងការដាក់សម្ពាធលើកូរ៉េខាងជើង ហើយគួរតែខិតខំកាត់បន្ថយការប្រឈមមុខដាក់គ្នា បន្ធូរបន្ថយភាពតានតឹង និងជំរុញឱ្យមានដំណោះស្រាយនយោបាយ។
 
កូរ៉េខាងជើងកន្លងមកត្រូវបានក្រុមប្រឹក្សាសន្តិសុខ ហាមឃាត់មិនឱ្យសាកល្បងនុយក្លេអ៊ែរ និងបាញ់មីស៊ីល។ ប៉ុន្តែ​កាលពីខែឧសភា ចិន និងរុស្ស៊ីបានប្រើសិទ្ធិវ៉េតូលើសេចក្ដីសម្រេចដឹកនាំដោយអាម៉េរិក ដែលចង់ដាក់ទណ្ឌកម្មបន្ថែមទៀតលើកូរ៉េខាងជើង ជុំវិញការបាញ់មីស៊ីលជាថ្មីរបស់ខ្លួន។ លើសពីនេះ ចិន និងរុស្ស៊ី កំពុងជំរុញឱ្យមានការបន្ធូរបន្ថយទណ្ឌកម្មលើកូរ៉េខាងជើង ក្រោមហេតុផលមនុស្សធម៌ និងសង្ឃឹមថាទីក្រុងព្យុងយ៉ាងអាចវិលត្រឡប់ទៅរកការចរចាឡើងវិញ៕
 

Tag:
 ចិន
  រុស្ស៊ី
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com