អន្តរជាតិ
តើ​វិស័យ​អេកូ​ទេសចរណ៍​អាច​ជំនួស​វិស័យ​រ៉ែ​របស់​​ហ្គីណេ​បាន​ទេ?
06, Nov 2022 , 8:29 am        
រូបភាព
លោក François Kieffer ជានាយកផ្នែកប្រតិបត្តិនៃទីភ្នាក់ងារ Enabel ដែលជាទីភ្នាក់ងារអភិវឌ្ឍន៍បែលហ្ស៊ិកនៅប្រទេសហ្គីណេ
លោក François Kieffer ជានាយកផ្នែកប្រតិបត្តិនៃទីភ្នាក់ងារ Enabel ដែលជាទីភ្នាក់ងារអភិវឌ្ឍន៍បែលហ្ស៊ិកនៅប្រទេសហ្គីណេ
ដោយ: VOA
លោក Mohammed Camara ជា​មគ្គទេសក៍​ទេសចរណ៍​ជនជាតិ​ហ្គីណេ​ ដែល​អាច​រក្សា​លំនឹង​ខ្លួន​ប្រកប​ដោយ​គ្រោះថ្នាក់​នៅ​លើ​ថ្ម​រអិល​មួយ​ដែល​ពោរពេញ​ដោយ​ទឹក​កំពុង​ហូរ​ជុំវិញ​ខ្លួន។ លោក​កំពុង​នាំផ្លូវជន​បរទេស​ ៣ នាក់​ដើរ​ក្នុង​ព្រៃ។ នៅ​ខាង​ក្រោម​នោះ ទឹក​ហូរ​ធ្លាក់​ចុះ​តាម​ច្រាំង​ថ្ម​ដែល​បង្កើតជា​ទេសភាព​ដ៏​អស្ចារ្យ​នៅ​ក្នុង​ព្រៃ​នេះ។

 
លោក​មាន​ក្តី​សុបិន​មួយ​ថា នៅ​ថ្ងៃ​ណា​មួយ​នៅ​ទីនោះ​នឹង​មាន​ផ្លូវ​ដើរ​មួយ​នៅ​លើ​កំពូល​ទឹក​ធ្លាក់​ ដូច្នេះ​ភ្ញៀវ​របស់​លោក​មិន​ចាំបាច់​ប្រថុយ​នឹង​ការ​រអិល​ធ្លាក់​ដើម្បី​ឡើង​ទៅ​ដល់​កន្លែង​ដែល​អាច​មើល​ឃើញ​ទេសភាព​នោះ​ទេ។ លោក​ថា រដ្ឋាភិបាល​ហ្គីណេ​ផ្តោត​លើ​ការ​អភិវឌ្ឍ​វិស័យ​រុករក​រ៉ែ​របស់​ប្រទេស​ជា​ជាង​បង្កើត​គម្រោង​អេកូ​ទេសចរណ៍។
 
លោក Mohammed Camara បាន​ថ្លែង​ថា៖ «នៅ​ពេល​គេ​និយាយ​អំពី​រ៉ែ គ្រប់​គ្នា​និយាយ​អំពី​ប្រទេស​ហ្គីណេ ប៉ុន្តែ​នៅ​ពេល​គេ​និយាយ​អំពី​វិស័យ​ទេសចរណ៍ គេ​មិន​និយាយ​អំពី​ប្រទេស​ហ្គីណេ​នោះ​ទេ។ ប៉ុន្តែ​មាន​សក្តានុពល​ខ្លាំងក្លា​សម្រាប់​វិស័យ​ទេសចរណ៍​នៅ​ក្នុង​ប្រទេស​នេះ​ដែល​អាច​ផ្តល់​ការងារ​ដល់​មនុស្ស​ច្រើន​ជាង​វិស័យ​រ៉ែ​ និង​បង្កើត​ចំណូល​កាន់​តែ​ច្រើន»។
 
ប្រទេស​ហ្គីណេ​ជា​ប្រទេស​ធំ​បំផុត​ទី២​ក្នុង​ពិភពលោក​ដែល​ផលិត​រ៉ែ​ថ្ម​បុកស៊ីត (bauxite) ដែល​ជា​ប្រភេទ​រ៉ែ​ដ៏​សំខាន់​ក្នុង​ការ​ផលិត​អាលុយមីញ៉ូម។ ប្រទេស​នេះ​ក៏​សម្បូរ​រ៉ែ​ដែក​ និង​រ៉ែ​ប្រភេទ​ផ្សេង​ទៀត​ដូចជា​មាស និង​ពេជ្រ​ផង​ដែរ។
 
វិស័យ​រ៉ែ​រួមចំណែក​ប្រមាណ ២៥% នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ (GDP) របស់​ប្រទេស​ហ្គីណេ ប៉ុន្តែ​ប្រទេស​នេះ​នៅ​តែ​ជា​ប្រទេស​ក្រីក្រ​បំផុត​មួយ​ក្នុង​ពិភពលោក​ដែល​មាន​ប្រជាជន​ជាង​ពាក់​កណ្តាលរស់នៅ​ក្រោម​បន្ទាត់​ក្រីក្រ។


 ការដុតព្រៃយកដីធ្វើកសិកម្ម គឺបំផ្លាញបរិស្ថាន។

របាយការណ៍​ចេញ​ផ្សាយ​ក្នុង​ឆ្នាំ២០១៨​ដោយ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស Human Rights Watch រក​ឃើញ​ថា វិស័យ​រ៉ែ​ក្នុង​ប្រទេស​ហ្គីណេ​បាន​បំផ្លាញ​ដី​កសិដ្ឋាន​ពី​ដូនតា បំពុល​ប្រភព​ទឹក និង​ធ្វើ​ឱ្យ​ធូលី​ដី​ហើរ​ទៅ​លើ​ភូមិ និង​ដំណាំ​នានា។​
 
ការ​បំផ្លាញ​បរិស្ថាន​ដោយ​ការ​រុករក​រ៉ែ​បុកស៊ីត​អាច​មាន​ភាព​ធ្ងន់ធ្ងរ​ដែល​នាំ​ឱ្យ​ប្រទេស​ម៉ាឡេស៊ី​អនុវត្ត​ការ​ហាមឃាត់​ការ​នាំ​ចេញ​រ៉ែ​ប្រភេទ​នេះ​នៅ​ក្នុង​ឆ្នាំ២០១៦។
 
លោក François Kieffer ជា​នាយក​ផ្នែក​ប្រតិបត្តិ​នៃ​ទីភ្នាក់ងារ Enabel ដែល​ជា​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បែលហ្ស៊ិក​នៅ​ប្រទេស​ហ្គីណេ។
 
នៅ​ក្នុង​ខែ​កញ្ញា លោក​បាន​ជួយ​បង្កើត​គម្រោង​អេកូ​ទេសចរណ៍​មួយ​នៅ​ក្នុង​ទីក្រុង Kindia ដែល​ជា​តំបន់​សម្បូរ​ទៅ​ដោយ​ព្រៃឈើ​ជាមួយ​នឹង​សក្តានុពល​ខ្ពស់​ក្នុង​ការ​ទាក់ទាញ​ទេសចរ។ តំបន់ Kindia ​មាន​ចម្ងាយ​ប្រមាណ ១៣០ គីឡូម៉ែត្រ​ពី​រដ្ឋធានី​កូណាគ្រី។
 
គម្រោង​នេះ​ផ្តោត​លើ​ការ​សាងសង់​ទីកន្លែង​ដែល​ធ្វើ​ឱ្យ​ការ​មើល​ទេសភាព​កាន់​តែ​ស្រួល​ជាង​មុន​ដូចជាផ្លូវ​ដើរ ​សញ្ញា​ផ្លូវ​ដើរ និង​ការ​បណ្តុះបណ្តាល​មគ្គទេសក៍​ទេសចរណ៍​ជាដើម។
 
លោក Kieffer ថា លោក​សង្ឃឹម​ថា គម្រោង​នេះ​នឹង​ផ្តល់​ជម្រើស​ផ្សេង​មួយ​ទៀត​ជាជាង​ការ​អនុវត្ត​បែប​បំផ្លិចបំផ្លាញ​លើ​បរិស្ថាន​លើស​ពី​ការ​រុករក​រ៉ែ ​ដូចជា​ការ​ដុត​ព្រៃ​យក​ដី​ធ្វើ​កសិកម្ម និង​ការ​ផលិត​ធ្យូង​ថ្ម​ជាដើម។


 ទឹកជ្រោះធ្លាក់ចុះពីភ្នំ Gangan នៅក្នុងប្រទេសហ្គីណេ។

លោក Kieffer បាន​ថ្លែង​ថា៖ «សកម្មភាព​មនុស្ស​ដាក់​សម្ពាធ​យ៉ាង​ច្រើន​ដល់​បរិស្ថាន ហើយ​ពួកគេ​ដឹង​ថា ប្រជាជន​មូលដ្ឋាន​ជា​ជន​រងគ្រោះ​ដំបូង​គេ​ពី​សកម្មភាព​ទាំង​អស់​នោះ។ សក្តានុពល​សម្រាប់​ទេសចរណ៍​មាន​ច្រើន​ខ្លាំងណាស់»។​
 
តំបន់​មួយ​ចំនួន​ដូចជា​ភ្នំ Gangan ដែល​មាន​ទេសភាព​ដ៏​ស្រស់​ត្រកាល និង​កន្លែង​ហែល​ទឹក​ពី​បុរាណ​នៅ​ក្រោម​ទឹក​ធ្លាក់ Kilissi មិន​មាន​មនុស្ស​នៅ​ក្រៅ​ប្រទេស​ហ្គីណេ​ស្គាល់​ច្រើន​ទេ។
 
ចាប់​ពី​ឆ្នាំ២០១០ ដល់​ឆ្នាំ២០១៧ ប្រទេស​នេះ​មានទេសចរ​ជា​មធ្យម​ត្រឹម​តែ ៦៥.០០០ នាក់​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ ដែល​ចំនួន​ស្មើ​នឹង ១/១៦​ នៃ​ចំនួនទេសចរ​ដែល​ទៅ​ប្រទេស​សេណេហ្គាល់​ដែល​ជា​ប្រទេស​ជិត​ខាង។
 
លោកSekou Camara ជា​មន្ត្រី​អភិវឌ្ឍន៍​នៅ​មូលដ្ឋាន​ក្នុង​ស្រុក Linsan នៅ​ប្រទេស​ហ្គីណេ។
 
លោកSekou Camara បាន​ថ្លែង​ថា៖ «នៅ​ក្នុង​ទីក្រុង Kindia មាន​ទីកន្លែង​ជាច្រើន​ដែល​ប្រជាជន​មូលដ្ឋាន​ស្រឡាញ់ ប៉ុន្តែ​ដោយសារ​កន្លែង​ទាំង​នោះ​មិន​ត្រូវ​បាន​អភិវឌ្ឍ មនុស្សម្នា​ខ្លាច​មិន​ហ៊ាន​ទៅ​នោះ​ទេ។ ប្រសិនបើ​យើង​ជោគជ័យ​ក្នុង​ការ​អភិវឌ្ឍ​កន្លែង​ទាំង​នោះ នោះ​ទីក្រុង Kindia អាច​មាន​ភាព​ទាក់ទាញ ប៉ុន្តែ​សម្រាប់​ពេល​ឥឡូវ​នេះ មនុស្សម្នា​កំពុង​ផ្តល់​អាទិភាព​ដល់​វិស័យ​រ៉ែ»។
 
លោក​ Camara ចង្អុល​ទៅ​កន្លែង​ទឹក​ធ្លាក់​ដែល​ធ្លាក់​ចុះ​តាម​ព្រៃឈើ​ដ៏​ខៀវស្រងាត់​នៃ​តំបន់​ភ្នំ Gangan។ លោក​ថា នេះ​អាច​ជា​គ្រាប់​ពេជ្រ​របស់​ប្រទេស​ហ្គីណេ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com