អន្តរជាតិ
អ៊ីស្រាអែល​ថា​យន្តហោះ​ចម្បាំង​ខ្លួន​​បាន​វាយប្រហារ​ចំ​ទីកន្លែង​យោធា​​ក្រុម​ Hamas​ ក្រោយ​ការ​បាញ់​​រ៉ុក្កែត​របស់​​ក្រុមនេះ
06, Nov 2022 , 10:29 pm        
រូបភាព
ការ​ផ្ទុះ​មួយ​ក្រោយ​ការ​វាយប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​ត្រូវ​គេ​មើល​ឃើញ​នៅ​ទីក្រុង Gaza City កាល​ពី​ថ្ងៃ​សុក្រ​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០២២។
ការ​ផ្ទុះ​មួយ​ក្រោយ​ការ​វាយប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​ត្រូវ​គេ​មើល​ឃើញ​នៅ​ទីក្រុង Gaza City កាល​ពី​ថ្ងៃ​សុក្រ​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០២២។
ដោយ: VOA
យន្តហោះ​ចម្បាំងអ៊ីស្រាអែល​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​បាន​វាយ​ប្រហារទៅ​លើ​គោលដៅ​កន្លែង​ផលិត​គ្រាប់​រ៉ុក្កែត​នៅ​ក្នុង​តំបន់ Gaza Stripនៅ​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​ការ​បាញ់​គ្រាប់​រ៉ុក្កែតដាក់​អ៊ីស្រាអែល។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​កងទ័ព​អ៊ីស្រាអែល​ហើយ​ត្រូវ​បាន​រាយការណ៍​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP។

 
ក្រសួង​ការពារ​ជាតិ​អ៊ីស្រាអែល​បាន​បញ្ជាក់​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា គ្រាប់​រ៉ុក្កែត​មួយ​គ្រាប់​ត្រូវ​បាន​បាញ់​ស្ទាក់​ជាប់​ ហើយ​គ្រាប់​រ៉ុក្កែត​៣គ្រាប់​ទៀត​«បាន​ផ្ទុះ​នៅ​ខាង​ក្នុង​តំបន់ Gaza Strip»។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​កងកម្លាំង​ការពារ​អ៊ីស្រាអែល នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។​
 
យោធា​អ៊ីស្រាអែលបាន​និយាយ​ទៀត​ថា៖ «នៅ​ក្នុង​ការឆ្លើយ​តប​យន្តហោះ​ចម្បាំង​របស់​កងកម្លាំង​ការពារ​ជាតិ​អ៊ីស្រាអែល​បាន​វាយប្រហារ​កាលពី​យប់​ថ្ងៃ​សុក្រ​ទៅលើ​ទីកន្លែង​យោធា​ក្រោមដី​មួយនៅ​ក្នុង​តំបន់ Gaza Stripដែល​ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​កន្លែង​ផលិត​គ្រាប់​រ៉ុក្កែត»។
 
យោធា​អ៊ីស្រាអែល​បាន​បញ្ជាក់​ទៀត​ថា ទីកន្លែង​ផលិត​គ្រាប់​រ៉ុក្កែត​នោះ​ជា​របស់​ពួក​ក្រុម Hamas​(ហាម៉ាស់) ។
 
តំបន់ Gaza Stripដ៏​ក្រីក្រ​ដែល​មាន​ពលរដ្ឋ​ប៉ាឡេស្ទីន​រស់​នៅ​២លាន​៣សែន​នាក់​នោះ​បាន​ស្ថិត​នៅ​ក្រោម​ការ​ហ៊ុំព័ទ្ធ​របស់​អ៊ីស្រាអែល​ចាប់តាំង​ពី​ឆ្នាំ​២០០៧​មក​ នៅ​ពេល​ដែល​ក្រុម ​Hamas ​ដែល​គាំទ្រ​ដោយ​ប្រទេស​អ៊ីរ៉ង់ ​បាន​រឹប​អូស​អំណាច​ពី​ចលនា Fatah របស់​ប្រធានាធិបតី​ប៉ាឡេស្ទីន​លោក Mahmud Abbas។
 
ការបាញ់​គ្រាប់​រ៉ុក្កែត​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​គឺ​ជា​លើក​ទី១ចាប់តាំង​ពី​សង្គ្រាម​រយៈពេល​៣ថ្ងៃ​នៅ​ក្នុង​ខែ​សីហា​រវាង​អ៊ីស្រាអែល​និង​ក្រុមIslamic Jihad ដែល​ជាក្រុម​ជន​សកម្ម ប្រយុទ្ធ​មួយ​ទៀត​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់។
 
មិន​មាន​ក្រុម​ណា​មួយ​អះអាង​ទទួល​ខុសត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដែល​បាន​កើត​មាន​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់ពី​ការរាប់​សន្លឹក​ឆ្នោត​ផ្ដាច់ព្រ័ត្រ​ដែល​បាន​ផ្តល់​ឱ្យ​អតីត​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahuនិង​ក្រុម​សម្ព័ន្ធមិត្ត​ស្តាំ​និយម​ជ្រុល​របស់​លោក​ នូវ​សំឡេង​ភាគ​ច្រើន​ដ៏​ជាក់ច្បាស់នៅ​ក្នុង​សភា​បន្ទាប់ពី​ការបោះឆ្នោត​រួច​មក៕
 

© រក្សាសិទ្ធិដោយ thmeythmey.com