អន្តរជាតិ
ចិន បង្ហាញឆន្ទៈចូល​រួម​ចំណែក​ក្នុង​ការ​ផ្តល់​សំណង​ការ​ខូច​ខាត​អាកាសធាតុដល់ប្រទេសក្រីក្រ
11, Nov 2022 , 7:29 pm        
រូបភាព
ប្រេសិតអាកាសធាតុរបស់ចិន Xie Zhenhua ។ រូបថត Xinhua
ប្រេសិតអាកាសធាតុរបស់ចិន Xie Zhenhua ។ រូបថត Xinhua
ប្រេសិតអាកាសធាតុរបស់ចិន Xie Zhenhua ក្នុងសន្និសីទបរិស្ថាន COP27 លើកឡើងថា ចិនមានឆន្ទៈក្នុងការរួមចំណែកដល់យន្តការកៀរគរសំណង​ការ​ខូច​ខាត​អាកាសធាតុដើម្បីជួយគាំទ្រដល់ប្រទេសក្រីក្រដែលរងការប៉ះពាល់ និងការខូចខាតបណ្តាលមកពីការប្រែប្រួលអាកាសធាតុលើពិភពលោក។



ថ្លែងនៅក្នុងសន្និសីទស្តីពីបម្រែបម្រួលអាកាសធាតុលើកទី២៧របស់អង្គការសហប្រជាជាតិ (UN)  COP27 នៅអេហ្ស៊ីប ប្រេសិតអាកាសធាតុចិនលោក Xie Zhenhua បាននិយាយថា ចិនមិនមានកាតព្វកិច្ចក្នុងការចូលរួមការ​ផ្តល់​សំណង​ការ​ខូច​ខាត​អាកាសធាតុឡើយ។ ប៉ុន្តែ​ជាការបង្ហាញសាមគ្គីភាព ចិននឹងចូលរួមក្នុងយន្តការប្រមូល​សំណង​ការ​ខូច​ខាត​អាកាសធាតុ ក្រោយមានការអំពាវនាវមួយចំនួនឱ្យប្រទេសអ្នកមានបង្កើនការចូលរួមនិងមានសកម្មភាពបន្ថែមទៀត​ ទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ។ 
 
កន្លងមក ​ចិន​ត្រូវ​បាន​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ចាត់​ទុក​ជា​ប្រទេស​កំពុង​អភិវឌ្ឍ​ន៍ទោះ​បី​ជា​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​ទី​ពីរ​របស់​ពិភពលោក​ក៏​ដោយ។
កាលពីខែមុន ប្រេសិតពិសេសផ្នែកអាកាសធាតុរបស់អាម៉េរិក លោក John Kerry បានប្រាប់អ្នកកាសែតថា ចិនគួរតែផ្ដល់ថវិកាផ្ទាល់ខ្លួនរបស់ខ្លួនសងការខាតបង់ និងការខូចខាតដល់ប្រទេសក្រីក្រ ខណៈចិននឹងបន្តសកម្មភាពប៉ះពាល់ដល់បរិស្ថានបន្តទៅ ៣០ ឆ្នាំខាងមុខ។ នេះបើតាមការចុះផ្សាយរបស់កាសែត Politico។ 
 
ជាការឆ្លើយតប លោក Xie Zhenhua បានលើកឡើងថា ចិនបានបរិច្ចាគប្រាក់រាប់រយលានដុល្លារដល់ប្រទេសកំពុងអភិវឌ្ឍន៍ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងកាត់បន្ថយការប៉ះពាល់ដល់បរិស្ថានរបស់ប្រទេសទាំងនោះ។ 
 
គួរបញ្ជាក់ថា បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាអាម៉េរិកលោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ក្នុងខែសីហាកន្លងទៅ ចិនបានប្រកាសថាខ្លួននឹងបញ្ឈប់រាល់កិច្ចសន្ទនាជាមួយអាម៉េរិកស្តីពីអាកាសធាតុ បើទោះបីមានកិច្ចព្រមព្រៀងជាមួយអាម៉េរិកកាលពីសន្និសីទស្តីពីបម្រែបម្រួលអាកាសធាតុលើកទី២៦ COP26 នៅទីក្រុង Glasgow កាលពីឆ្នាំមុន ដើម្បីសហប្រតិបត្តិការលើការប្រែប្រួលអាកាសធាតុក៏ដោយ។
 
​ប្រេសិតអាកាសធាតុចិន បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោក Pelosi បានធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់ប្រជាជនចិនដែលធ្វើឱ្យប៉ះពាល់ដល់កិច្ចសន្ទនាជាផ្លូវការ។ ប៉ុន្តែលោក Xie ក៏បានបញ្ជាក់ថាការពិភាក្សាក្រៅផ្លូវការ និងការឆ្លើយឆ្លងដោយផ្ទាល់ជាមួយប្រតិភូអាម៉េរិកនៅតែ​បន្ត​៕
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com