អន្តរជាតិ
COP27៖ រដ្ឋអាហ្វ្រិក ថាប្រទេសអ្នកមានត្រូវផ្តល់សំណង បើមិនចង់ឱ្យខ្លួនប្រើប្រាស់ឥន្ធនៈផូស៊ីល
11, Nov 2022 , 9:29 pm        
រូបភាព
ដោយ:
បណ្តាប្រទេសអាហ្វ្រិកត្រូវតែត្រូវបានអនុញ្ញាតឱ្យអភិវឌ្ឍធនធានឥន្ធនៈផូស៊ីលដើម្បីជួយឱ្យប្រជាជនរួចផុតពីភាពក្រីក្រ។ រដ្ឋាភិបាលមកពីបណ្តាប្រទេសនៅទ្វីបអាហ្វ្រិកលើកឡើងបែបនេះនៅថ្ងៃទី១០ ខែវិច្ឆិកានាសន្និសីទស្តីពីបម្រែបម្រួលអាកាសធាតុលើកទី២៧របស់អង្គការសហប្រជាជាតិ(COP27)នៅអេហ្ស៊ីប ស្របពេលគោលដៅថាមពលស្អាតរបស់ពិភពលោកត្រូវបានបង្អាក់ដោយសារសង្រ្គាមនៅអ៊ុយក្រែន។

 
ដោយសារតែការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែនធ្វើឱ្យតម្លៃថាមពលកើនឡើងយ៉ាងខ្លាំងនៅទីផ្សារសាកល បណ្តាប្រទេសជាច្រើនដែលប្តេជ្ញាងាកទៅរកការប្រើប្រាស់ថាមពលកកើតឡើងវិញហាក់ដូចជាកំពុងផ្លាស់អាទិភាពទាំងនេះវិញយ៉ាងហោចណាស់ក៏ក្នុងរយៈពេលខ្លីដែរ។ 
 
ទន្ទឹមនេះ អាហ្វ្រិកដែលជាទ្វីបសក្តានុពលសម្បូរទៅដោយឥន្ធនៈផូស៊ីលដែលមានរ៉ែបម្រុងពិភពលោកប្រហែល៣០ភាគរយ ប្រេងពិភពលោក១២ភាគរយ និងឧស្ម័នធម្មជាតិបម្រុង៨ភាគរយ កំពុងរកទីផ្សារនាំចេញ ក៏ដូចជាឱកាសបញ្ចប់ភាពក្រខ្សត់នៃប្រេងឥន្ធនៈក្នុងស្រុក។
 
នាសន្និសីទស្តីពីបម្រែបម្រួលអាកាសធាតុលើកទី២៧របស់អង្គការសហប្រជាជាតិ(COP27) នៅអេហ្ស៊ីប រដ្ឋាភិបាលនៅតំបន់នេះលើកឡើងថា ប្រទេសអ្នកមានត្រូវតែអនុញ្ញាតឱ្យរដ្ឋនៅអាហ្វ្រិកអភិវឌ្ឍធនធានឥន្ធនៈផូស៊ីលដើម្បីជួយប្រជាជនរួចផុតពីភាពក្រីក្រ។
 
« មានវត្តមានក្រុមហ៊ុនប្រេង និងហ្គាសជាច្រើននៅ COP ពីព្រោះទ្វីបអាហ្វ្រិកចង់ផ្ញើសារមួយថា ពួកយើងនឹងអភិវឌ្ឍប្រភពថាមពលរបស់យើងទាំងអស់សម្រាប់ប្រយោជន៍ប្រជាជនយើង ពីព្រោះបញ្ហារបស់យើងគឺភាពក្រខ្សត់នៃថាមពល»។ លោកស្រី Maggy Shino នៃក្រសួងរ៉ែ និងថាមពលនៅណាមីប៊ីថ្លែងបែបនេះនៅ COP27។ 
 
បើតាមលោកស្រី Shino បណ្តាប្រទេសអ្នកមានបរាជ័យផ្តល់លុយដែលសន្យាជួយបណ្តាប្រទេសនៅតំបន់អាហ្វ្រិកអភិវឌ្ឍថាមពលស្អាតជំនួសឱ្យការទាញយកធនធានឥន្ធនៈផូស៊ីលរបស់ពួកគេ។ លោកស្រីបន្ថែមទៀតថា ប្រសិនបើប្រទេសអ្នកមានទាំងឡាយប្រាប់ឱ្យរដ្ឋនៅអាហ្វ្រិកទុកធនធានឥន្ធនៈផូស៊ីលចោល ប្រទេសទាំងនោះត្រូវត្រៀមផ្តល់សំណងសមរម្យត្រឡប់ទៅវិញ៕
 

Tag:
 COP27
  អាហ្វ្រិក
© រក្សាសិទ្ធិដោយ thmeythmey.com