កីឡាជាតិ
ជាតិ
CPL៖ខ្សែការពារ ឆេង ម៉េង ជួយក្រុមយកបាន៣ពិន្ទុពីព្រះខ័នរាជស្វាយរៀង
13, Nov 2022 , 10:29 am        
រូបភាព
ការរត់ទាត់បាល់បញ្ចូលទីក្រុមព្រះខ័នរាជស្វាយរៀង ពីខ្សែការពារវិសាខា ឆេង ម៉េង នៅនាទី៤៦។ រូបពី វិសាខា
ការរត់ទាត់បាល់បញ្ចូលទីក្រុមព្រះខ័នរាជស្វាយរៀង ពីខ្សែការពារវិសាខា ឆេង ម៉េង នៅនាទី៤៦។ រូបពី វិសាខា
ដោយ:
ខ្សែការពារស្លាបរបស់វិសាខា កីឡាករ ឆេង ម៉េង ស៊ុតបញ្ចូលទី១គ្រាប់ នាំឱ្យក្រុមឈ្នះភ្ញៀវព្រះខ័នរាជស្វាយរៀង ១-០។ ចំណែកបឹងកេត បានត្រឹមស្មើភ្នំពេញក្រោន ១-១ ក្នុងការប្រកួតពានរង្វាន់បាល់ទាត់ខេមបូឌានព្រីមៀរលីគ សប្តាហ៍ទី២៣ កាលពីថ្ងៃទី១២ ខែវិច្ឆិកា។


 
ការប្រកួតដ៏សែនតឹងតែង នាកីឡដ្ឋានព្រីនស៍ រវាងម្ចាស់ផ្ទះវិសាខា ទល់នឹងភ្ញៀវព្រះខ័នរាជស្វាយរៀង តស៊ូគ្នាយ៉ាងស្វិតស្វាញអស់រយៈពេល៩០នាទីពេញ ទីបំផុតម្ចាស់ផ្ទះដណ្តើមបាន៣ពិន្ទុពីភ្ញៀវ។ ក្នុងវគ្គទី១ ការសម្រុកគ្នាចុះឡើង រវាងក្រុមទាំងពីរ គឺពុំមានការស៊ុតទម្លាយសំណាញ់ទីគ្នាឡើយ។ នៅដើមវគ្គទី២ នាទី៤៦ ខ្សែការពារស្លាបឆ្វេង របស់វិសាខា កីឡាករ ឆេង ម៉េង ទម្លាយសំណាញ់ទី១គ្រាប់ ក្រោយទទួលបានចេញខ្សែបម្រើ ស៊ិន កក្កដា។
 
ចំណែកបឹងកេត បានត្រឹមចែកគ្នា ជាមួយភ្ញៀវភ្នំពេញក្រោ ម្នាក់១ពិន្ទុ បន្ទាប់ពីតស៊ូគ្នាពេញ៩០នាទី នៅកីឡដ្ឋានខេមបូឌាអ៊ែវ៉េរ។ ក្នុងវគ្គទី១ ខ្សែការពារបឹងកេត វ៉ាង ដាវីន បញ្ជូនបាល់ទៅខ្សែប្រយុទ្ធ សៀង ចន្ធា ទាត់បាល់បញ្ចូលទីនាំមុខភ្នំពេញក្រោន ១គ្រាប់ នៅនាទី២០។ ចូលដល់វគ្គទី២ ភ្ញៀវភ្នំពេញក្រោន បើកការវាយបកមកវិញរកបានគ្រាប់ តាមស្មើ ១-១ នៅនាទី៦៧ រកបានដោយខ្សែបម្រើកណ្តាល Yudai Ogawa។
 
បញ្ចប់ការប្រកួតវិសាខា មាន៤៣ពិន្ទុ នាំខ្លួនរក្សាដំណែងលេខ២ តាមពីក្រោយព្រះខ័នរាជស្វាយរៀង ឈរលេខ១ មាន៤៦ពិន្ទុ ភ្នំពេញក្រោន ឈរលេខ៣ មាន៤០ពិន្ទ បន្តនាំមុខបឹងកេត ឈរលេខ៤ មាន៣៩ ពិន្ទូ ក្នុងតារាងពានរង្វាន់បាល់ទាត់ខេមបូឌានព្រីមៀរលីគ សប្តាហ៍ទី២៣ វគ្គ៤ក្រុមចុងក្រោយ(Top4)៕
 

Tag:
 កីឡាបាល់ទាត់
  ខេមបូឌានព្រីមៀរលីគ
© រក្សាសិទ្ធិដោយ thmeythmey.com