កីឡាជាតិ
ជាតិ
ប៉េតង់៖កម្ពុជា ដណ្តើមបានមេដាយ១ លើវិញ្ញាសាបុរស៣×៣ បន្ទាប់ពីឈ្នះម្ចាស់ផ្ទះថៃ ១២-០៦
13, Nov 2022 , 3:08 pm        
រូបភាព
កីឡាករកម្ពុជា ពេលប្រកួតទល់នឹងក្រុមម្ចាស់ផ្ទះថៃ វគ្គផ្តាច់ព្រ័ត្រ។ រូបCapture ពីABTC
កីឡាករកម្ពុជា ពេលប្រកួតទល់នឹងក្រុមម្ចាស់ផ្ទះថៃ វគ្គផ្តាច់ព្រ័ត្រ។ រូបCapture ពីABTC
ដោយ:
ក្រុមកីឡាករប៉េតង់កម្ពុជា ដណ្តើមបានមេដាយមាស១ បន្ថែមទៀតលើវិញ្ញាសាបុរសវាយ ៣×៣ ក្រោយពីយកឈ្នះលើម្ចាស់ផ្ទះថៃ ដោយពង្ស ១២-០៦ ពីព្រឹត្តិការណ៍ពានរង្វាន់កីឡាប៉េតង់ជើងឯកអាស៊ីលើកទី៤ (The 4th Asian Petanque Championship 2022) នៅថ្ងៃទី១៣ ខែវិច្ឆិកា ប្រទេសថៃ ។

 
ក្រុមកីឡាប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១ លើប្រភេទវិញ្ញាសាបុរស៣×៣(A) ក្រោយឈ្នះម្ចាស់ផ្ទះថៃ ដោយពង្សប្រដេញគ្នា ១២-០៦។ កីឡាករ ថោង ឈឿន ទទួលបានមេដាយមាស១ ផងដែរក្នុងនាមជាកីឡាករវាយស៊ីបល្អប្រចាំការប្រកួតកីឡាប៉េតង់អាស៊ីលើកទី៤ នៅប្រទេសថៃ
 
ក្នុងពេលជាមួយគ្នាកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជាដណ្តើមបានមេដាយប្រាក់១ និងសំរឹទ្ធ២ ផងដែរ។ ក្នុងនោះរួមមាន វិញ្ញាសាយុវជនអាយុក្រោម១៨ឆ្នាំ(ចម្រុះ៣×៣) ដណ្តើមបានមេដាយសំរឹទ្ធ១, វិញ្ញាសាបុរស៣×៣ មេដាយសំរឹទ្ធ១(B) វិញ្ញាសានារី៣×៣ មេដាយប្រាក់ ក្រោយចាញ់ម្ចាស់ផ្ទះថៃ ពង្ស១៣-០១។


កីឡាករប៉េតង់ជម្រើសជាតិកម្ពុជា។ រូបពីសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា
 
កាលពីថ្ងៃទី១២ ខែវិច្ឆិកា កីឡាករកម្ពុជា ថោង ឈឿន ឈ្នះមេដាយមាស១ ក្រោយឈ្នះកីឡាករ SARAWUT SRIBOONPENG ដោយពង្ស ១២-០៨ និងកីឡាករ អ៊ុត ដួងខែ មេដាយមាស១ បន្ទាប់ពីឈ្នះកីឡាករវៀតណាម Tran Hoang Phuc ពង្ស ៣៣-១៣។ ចំណែកកីឡាការិនី អ៊ុន ស្រីយ៉ា គ្រងមេដាយប្រាក់ ក្រោយចាញ់ពង្សកីឡាការិនីវៀតណាម THACH THIANHLAN ២៦-១៥។
 
គួរបញ្ជាក់ថា សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានបញ្ជូនប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនី ២៧រូប ទៅចូលរួមព្រឹត្តិការណ៍ប្រកួតពានរង្វាន់កីឡាប៉េតង់ជើងឯកអាស៊ីលើកទី៤ (The 4th Asian Petanque Championship 2022) ដែលមាន៧ប្រទេសប្រកួតប្រជែងគ្នា ចាប់ពីថ្ងៃទី១០-១៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅប្រទេសថៃ៕
 
 

Tag:
 កីឡាប៉េតង់
 ABSC
© រក្សាសិទ្ធិដោយ thmeythmey.com