កីឡាជាតិ
ជាតិ
លោកសៅ សុខា៖ វិស័យកីឡា ជាជ្រុងមួយនៃការពង្រឹងចំណងមិត្តភាព និងដោះស្រាយបញ្ហាតំបន់
15, Nov 2022 , 8:59 am        
រូបភាព
លោក សៅ សុខា ថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីមហាសន្និបាត AFF លើកទី២៩
លោក សៅ សុខា ថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីមហាសន្និបាត AFF លើកទី២៩
លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ចាត់ទុក ការជាប់ជាប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) ជាលើកទី២ របស់លោក ខៀវ សាម៉េត ជាការបង្ហាញនូវវឌ្ឍនភាព នៃប្រទេសកម្ពុជា។ ប្រធាន FFC រូបនេះ បន្ថែមថា វិស័យកីឡាជាផ្នែកមួយនៃការពង្រឹងមិត្តភាព និងសន្ដិភាពប្រទេសក្នុងតំបន់ និងពិភពលោកផងដែរ។

 
លោកខៀវ សាម៉េត ជាប់ជាប្រធាន AFF អាណត្តិថ្មី ២០២២-២០២៦ ក្រោយទទួលបានការគាំទ្រនៅមហាសន្និបាតលើកទី២៩ របស់សហព័ន្ធកីឡាបាល់ទាត់អាស៊ាននៅសណ្ឋាគារ Sofitel ខេត្តសៀមរាប នាថ្ងៃទី១៤ ខែវិច្ឆិកា។
 
លោក សៅ សុខា ប្រធាន FFC ថាការកាន់តំណែងជាប្រធាន AFF លើកទី២ របស់លោក ខៀវ សាម៉េត ជារឿងវិជ្ជាមាន និងជាមោទកភាពសម្រាប់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះនៃមហាសន្និបាតនេះ និងជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ាន ដែលទើបបានបញ្ចប់ទៅដោយជោគជ័យផង។
 
«វិស័យកីឡា គឺជាជ្រុងមួយនៃការពង្រឹងមិត្តភាព ហើយក៏ជាផ្នែកមួយនៃការដោះស្រាយនូវបញ្ហាទាំងឡាយដែលកំពុងកើតឡើង នៅក្នុងតំបន់ និងពិភពលោកផងដែរ។»។ ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបកស្រាយដូច្នេះ។
 
លោក សៅ សុខា  បន្ថែមទៀតថា សមាជិកនៃ​ AFF បានផ្ដល់ការជឿជាក់ថា លោក ខៀវ សាម៉េត ធ្វើការយ៉ាងសុក្រិត យុត្តិធម៌  និងសមធម៌។ នោះមានន័យថា ការដោះស្រាយដោយមិនលម្អៀង និងស្មើភាព ក្នុងនាមជាប្រធាន AFF មិនធ្វើសម្រាប់តែប្រទេសកម្ពុជានោះទេ ប៉ុន្ដែសម្រាប់ AFF និងការអភិវឌ្ឍវិស័យកីឡាមួយនេះ ឲ្យកាន់តែរីកចម្រើន។
 
«បាល់ទាត់ មិនអាចកម្ពុជា ម្នាក់ឯងទៅប្រកួតបានទេ ប៉ុន្ដែត្រូវការអភិវឌ្ឍជាមួយគ្នា។ ដូចនេះ យើងត្រូវការឲ្យមានការសហការគ្នា។ ការធ្វើការស្មើគ្នា គឺធ្វើឲ្យបាល់ទាត់កម្ពុជា មានការអភិវឌ្ឍ។ យើង ធ្វើការងារថ្ងៃនេះ គឺរំពឹងថាធ្វើល្អជាងថ្ងៃម្សិលមិញ។»។ លោក សៅ សុខា និយាយដូច្នេះ។
 
គួរបញ្ជាក់ផងដែរ លោក ខៀវ សាម៉េត ត្រូវបានតែងតាំងជាប្រធានជាលើកទី២ បន្ទាប់ពីអាណត្ដិទី១ របស់លោកចាប់ផ្ដើមពីឆ្នាំ២០១៩ ដល់ចុងឆ្នាំ២០២២។  ចាប់តាំងពីបង្កើត AFF នាឆ្នាំ១៩៨៤ មកទល់ពេលនេះ មានប្រធានចំនួន៥រូបហើយ ដោយលោក ខៀវ សាមេត គឺប្រធានទី៥៕
 

Tag:
 បាល់ទាត់
  AFF
  សៅ សុខា
© រក្សាសិទ្ធិដោយ thmeythmey.com