អន្តរជាតិ
ប្រមុខការពារជាតិបែលហ្ស៊ិកថា មីស៊ីលធ្លាក់ក្នុងដីប៉ូឡូញ ទំនងជាមីស៊ីលការពារអាកាសអ៊ុយក្រែន
16, Nov 2022 , 9:04 pm        
រូបភាព
រូបភាព៖ AP
រូបភាព៖ AP
រដ្ឋមន្រ្តីការពារជាតិបែលហ្ស៊ិក លោកស្រី Ludivine Dedonder នៅថ្ងៃទី១៦ ខែវិច្ឆិកា បានអះអាងថា ករណីផ្ទុះមីស៊ីលនៅក្នុងដីប៉ូឡូញ ដែលបង្កឱ្យមានមនុស្សបាត់បង់ជីវិត ទំនងបង្កដោយកងកម្លាំងការពារដែនអាកាសអ៊ុយក្រែន ដែលបានបាញ់មីស៊ីលប្រឆាំងនឹងការវាយប្រហារមីស៊ីលពីសំណាក់រុស្ស៊ី។

 
មីស៊ីលមួយគ្រាប់ ក្នុងថ្ងៃទី១៥ ខែវិច្ឆិកា បានធ្លាក់ទៅលើភូមិ Przewodow ភាគខាងកើតប៉ូឡូញដែលស្ថិតនៅចម្ងាយប្រហែលប្រាំមួយគីឡូម៉ែត្រពីព្រំដែនអ៊ុយក្រែន។ ការផ្ទុះមីស៊ីលមួយគ្រាប់នេះ​ បានសម្លាប់មនុស្សចំនួនពីរនាក់។ បញ្ហានេះ បានធ្វើឱ្យមេដឹកនាំ ក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង ៧ (G7) កោះប្រជុំជាបន្ទាន់ ស្របពេលកំពុងចូលរួមក្នុងកិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង ២០ (G20) នៅកោះបាលី ឥណ្ឌូណេស៊ី។ 
 
ពេលនេះ សម្ព័ន្ធយោធាណាតូ និងអាម៉េរិក កំពុងស៊ើបអង្កេតពីមូលហេតុផ្ទុះមីស៊ីល ដែលសម្លាប់មនុស្សពីរនាក់។ តាមប្រភពមន្រ្តីណាតូ លោកចូ បៃឌិន ប្រធានាធិបតីអាម៉េរិក បានប្រាប់ក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ថា ការផ្ទុះនៅក្នុងដីប៉ូឡូញ បានបង្កដោយមីស៊ីលការពារអាការអ៊ុយក្រែន។ 
 
មិនខុសពីប្រធានាធិបតីអាម៉េរិកឡើយ ប្រមុខការពារជាតិបែលហ្ស៊ិក លោកស្រី Ludivine Dedonder ក៏បានអះអាងថា បញ្ហាខាងលើទំនងបង្កដោយភាគីអ៊ុយក្រែនដែរ។ 
 
«ដោយផ្អែកលើព័ត៌មានបឋមដែលមាន ការវាយប្រហារទំនងកើតចេញពីប្រព័ន្ធប្រឆាំងយន្តហោះអ៊ុយក្រែន ដែលបានប្រឆាំងមីស៊ីលរុស្ស៊ីនៅលើអាកាស»។ លោកស្រី Ludivine Dedonder បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី១៦ ខែវិច្ឆិកា។​
 
ប្រមុខការទូតបែលហ្ស៊ិក បានបន្តថា ការវាយប្រហារមីស៊ីលនៅប៉ូឡូញ កំពុងស្ថិតក្រោមការស៊ើបអង្កេតដោយមន្រ្តីចារកិច្ចបែលហ្ស៊ិក ដោយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអង្គការណាតូ។ 
 
ក្នុងថ្ងៃដដែលក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ថា ករណីផ្ទុះមីស៊ីល  គឺបង្កដោយប្រព័ន្ធការពារអាកាស អ៊ុយក្រែន ហើយការវាយប្រហាររបស់រុស្ស៊ី ក្នុងដីអ៊ុយក្រែន គឺមានចម្ងាយមិនជិតជាង ៣៥គីឡូម៉ែត្រពីព្រំដែនប៉ូឡូញឡើយ៕ 
 

Tag:
 បែលហ្ស៊ិក
  អ៊ុយក្រែន
  ប៉ូឡូញ
  NATO
© រក្សាសិទ្ធិដោយ thmeythmey.com