FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup កាតា៖ ក្រុមជើងឯកអាចទទួលបានប្រាក់រង្វាន់សរុបជាង៨០លានដុល្លារ
18, Nov 2022 , 8:29 am        
រូបភាព
ក្រុមទាំង ៣២ ដែលមានឈ្មោះទៅកាន់ការប្រកួត FIFA World Cup ឆ្នាំ ២០២២ សុទ្ធតែទទួលបាន ២,៥លានដុល្លាររៀងខ្លួនរួចស្រេច ពីសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ដែលកើនលើសឆ្នាំ២០១៨ នៅរុស្ស៊ី ចំនួន១លានដុល្លារ។ ក្រុមណាដែលឡើងទៅវគ្គបន្តបន្ទាប់រហូតក្លាយជាជើងឯកពានរង្វាន់បាល់ទាត់ពិភពលោកនៅកាតា អាចទទួលបានប្រាក់រង្វាន់រហូតដល់ទៅ៨៣លានដុល្លារឯណោះ។



សម្រាប់កម្មវីធី World Cup នៅកាតា FIFA ត្រៀមចំណាយសរុបចំនួន៤៤០លានដុល្លារលើប្រាក់រង្វាន់សម្រាប់ក្រុមទាំង៣២ ខណៈកាលពីឆ្នាំ២០១៨ ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោកមួយនេះចំណាយត្រឹម៤០០លាដុល្លារ។
 
ក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល​ចាប់ពី​ពូ​ល A ដល់ H ក្រុម​នីមួយៗ​នឹង​ទទួលបាន​ប្រាក់​ពី FIFA ២,៥​លាន​ដុល្លារ ដោយសរុប​ទាំង​៣២​ក្រុម ​ត្រូវ​ចំណាយ​អស់ ៨០​លាន​ដុល្លារ​។ ក្រុម​ណា​ដែល​អាចឆ្លងផុតវគ្គចែកពូលទទួលបាន៩លានដុល្លារ។ ឆ្លងផុតវគ្គ៨ក្រុមនឹងទទួលបាន១៣លានដុល្លារ និងក្រុមឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទទួលបាន១៧លានដុល្លារ។
ក្រុមដែលបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៤ នឹងទទួលបានប្រាក់រង្វាន់បន្ថែម ២៥លានដុល្លារ ខណៈលេខ៣ ទទួលបាន២៧លានដុល្លារ។ ក្រុមរងជើងឯក World Cup ឆ្នាំ២០២២​ ទទួលបាន៣០លានដុល្លារ ខណៈម្ចាស់ជើងឯកទទួលបាន៤២លានដុល្លារបន្ថែម។
 
សរុបប្រាក់រង្វាន់របស់ក្រុមជើងឯកនៅ World Cup 2022 អាចកើនដល់៨៣លានដុល្លារឯណោះ។
 
បើគិតពីប្រាក់រង្វាន់សម្រាប់ក្រុមជើងឯក World Cup នៅឆ្នាំ១៩៨២ និងឆ្នាំ២០២២ គឺខុសគ្នាជិត៤០លានដុល្លារ។ ឆ្នាំ១៩៨២ នៅអេស្ប៉ាញប្រាក់រង្វាន់ត្រឹម២,២លានដុល្លារ, ឆ្នាំ១៩៨៦នៅម៉ិកស៊ិក២,៨លានដុល្លារ, ឆ្នាំ១៩៩០នៅអ៊ីតាលី៣,៥លានដុល្លារ, ឆ្នាំ២៩៩៤នៅអាម៉េរិក៤លានដុល្លារ, ឆ្នាំ១៩៩៨នៅបារាំង៦លានដុល្លារ, ឆ្នាំ២០០២នៅការ៉-ជប៉ុន៨លានដុល្លារ, ឆ្នាំ២០០៦នៅអាល្លឺម៉ង់២០លានដុល្លារ, ឆ្នាំ២០១០នៅអាហ្វ្រិកខាងត្បូង៣០លានដុល្លារ, ឆ្នាំ២០១៤នៅប្រេស៊ីល៣៥លានដុល្លារ, ឆ្នាំ២០១៨នៅរុស្ស៊ី៣៨លានដុល្លារ និងឆ្នាំ២០២២នៅកាតា​​ ៤២លានដុល្លារ៕
 

Tag:
 Word Cup
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com