FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup 2022 ចាប់ផ្តើមយប់នេះ ដោយម្ចាស់ផ្ទះកាតាស្វាគមន៍អេក្វាទ័រ
20, Nov 2022 , 3:59 pm        
រូបភាព
ទីបំផុតក្រោយការត្រៀមខ្លួនរយៈពេលជាង ៤ឆ្នាំព្រឹត្តិការណ៍ World Cup 2022 បានចាប់ផ្តើមការប្រកួតនៅរាត្រីថ្ងៃទី២០ ខែវិច្ឆិកា នេះហើយ ដោយក្រុមម្ចាស់ផ្ទះកាតាដែលត្រៀមខ្លួនបង្ហាញវត្តមានលើកដំបូងនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកត្រូវស្វាគមន៍អេក្វាទ័រ វេលាម៉ោង ១១យប់ នាកីឡដ្ឋាន ​Al Bayt នាទីក្រុង ​Al Khar រដ្ឋធានីដូហា។

 
World Cup 2022 នឹងក្លាយជាការប្រកួតដែលបង្ហាញមុខមាត់ថ្មីមួយសម្រាប់ប្រទេសកាតា ដែលជាព្រឹត្តិការណ៍ដ៏ធំនឹងមានមនុស្សរាប់លាននាក់តាមដានទស្សនា សម្រាប់ការប្រកួតដែលធ្វើឡើងរយៈពេល​ ៤ឆ្នាំម្តងមួយនេះ។ ក្រុមម្ចាស់ផ្ទះត្រៀមខ្លួនជាច្រើនឆ្នាំសម្រាប់ការប្រកួតនេះ ដោយខ្លួនធ្លាប់បានឈ្នះពានរង្វាន់អន្តរជាតិលើកដំបូងបំផុតគឺពានរង្វាន់ AFC Asian Cup នៅឆ្នាំ ២០១៩ ក្រោយយកឈ្នះក្រុមជម្រើសជាតិជប៉ុន ៣-១​ នៅវគ្គផ្តាច់ព្រ័ត្រ ​ហើយការជួបអេក្វាទ័រនឹងក្លាយជាការប្រកួតប្រជែងថ្មីមួយសម្រាប់ពួកគេ។
 


អេក្វាទ័រធ្វើដំណើរមកកាន់ប្រទេសកាតាក្នុងនាមជាក្រុមធ្លាប់បង្ហាញខ្លួននៅ World Cup ចំនួន ៣លើករួចមកហើយគឺនៅឆ្នាំ ២០០២,២០០៦ និង ២០១០ ដោយឆ្នាំ ២០០៦ ពួកគេធ្វើបានល្អបំផុតដោយឆ្លងទៅដល់វគ្គ ១៦ក្រុមចុងក្រោយ ដោយកាលនោះជាព្រឹត្តិការណ៍នៅប្រទេសអាល្លឺម៉ង់។ World Cup នៅកាតាជាព្រឹត្តិការណ៍លើកដំបូងធ្វើនៅតំបន់មជ្ឈឹមបូពា៍ និងលើកទីពីរនៅទ្វីបអាស៊ី។
 
រវាងកាតា និងអេក្វាទ័រ ធ្លាប់ជួបប្រកួតគ្នាលក្ខណៈមិត្តភាព ៣លើក ដោយនៅឆ្នាំ ១៩៩៦​ ចំនួន២លើកកាតាចាញ់ ១លើក និងស្មើ ១លើក និងចុងក្រោយនៅឆ្នាំ ២០១៨ ដោយកាតាបានយកឈ្នះដោយលទ្ធផល ៤-៣។ ការប្រកួត World Cup 2022 ជាការប្រកួតប្រជែងផ្លូវការដំបូងបំផុតរវាងក្រុមទាំងពីរ។
 
ស្ថានភាពកីឡាករបច្ចុប្បន្នរវាងក្រុមតាំងសងខាងមុនការប្រកួតមកដល់នៃជំនួបដំបូងពូល A នេះ​ ម្ចាស់ផ្ទះកាតាមិនមានកីឡាករណាម្នាក់រងរបួសឡើយ បើទោះបីខ្សែប្រយុទ្ធ Akram Afif មិនបានបង្ហាញខ្លួនកាលប្រកួតមិត្តភាពកម្តៅសាច់ដុំទល់ក្រុមអាល់បានីក្តី។ ចំណែកអេក្វាទ័រ កីឡាករ ៣នាក់កំពុងស្ថិតក្នុងបញ្ហារបួសរួមមាន Jeremy Sarmiento, Carlos Gruezo និង ​​Robert Arboleda។
 


មុនការប្រកួតមកដល់បើកឆាកដំបូងបង្អស់មកដល់គ្រូបង្វឹកក្រុមទាំងសងខាងបានលើកឡើងអំពីការត្រៀមខ្លួននឹងការវិភាគលើគូប្រកួតដូច្នេះ។
 
«យើងនឹងលេងទល់ក្រុមធ្លាប់លេងនៅ World Cup និងធ្លាប់ឈ្នះ CAF Africa Cup of Nations ពួកគេមានកីឡាករល្អៗនៅលើពិភពលោកសម្រាប់ការប្រកួត World Cup ព្រមទាំងមានបទពិសោធន៍លេងនៅ UEFA Champions league។ ភាគច្រើនកីឡាករយើងលេងនៅក្នុងស្រុកដូច្នេះយើងត្រូវប្រកួតប្រជែង ដូចដែលយើងធ្លាប់បានបង្ហាញកាលពី៣ឆ្នាំ មុនរួចមកអ៊ីចឹងដែរ ហើយនេះក៏ជាក្តីសុបិន្តមួយដែលយើងធ្លាប់បានស្រមៃកាលពីនៅវ័យក្មេងថានឹងបានលេង World Cup។»។ លោក Felix Sanchez បាននិយាយបែបនេះ។
 
រីឯលោក Gustavo Alfaro បាននិយាយបែបនេះថា៖«កាតាគឺកាតា ពួកគេបានត្រៀមខ្លួនរយៈពេល ១២ឆ្នាំរួចមកហើយសម្រាប់ការប្រកួតមួយនេះ ហើយរយៈពេល ៥ ឬ ៦ខែចុងក្រោយមកនេះពួកគេបានប្រកួតមិត្តភាពត្រៀមលក្ខណៈជាច្រើនដូច្នេះបានន័យថាពួកគេគឺជាក្រុមដែលរៀបចំបានល្អ ជាមួយការត្រៀមខ្លួន។ ខ្ញុំបានសួរក្រុមថាពួកគេចង់បានអ្វី​ ពួកគេចង់លេងនៅ World Cup ឬក៏ចង់បង្ហាញទៅកាន់ពិភពលោកអំពីអ្វីដែលជាភាពខ្លាំងរបស់អេក្វាទ័រផ្ទាល់ចំពោះក្រុមដទៃនៅព្រឹត្តិការណ៍នេះ។»៕
 
 
 
 
 

Tag:
 World Cup
  Qatar 2022
© រក្សាសិទ្ធិដោយ thmeythmey.com