អន្តរជាតិ
AFP៖ លោកស្រី ស៊ូជី ច្រានចោលការចោទប្រកាន់ចុងក្រោយជុំវិញករណីពុករលួយ
× មេដឹកនាំមីយ៉ាន់ម៉ា ដែលត្រូវបានទម្លាក់ចេញពីតំណែង លោកស្រី អ៊ុងសាន ស៊ូជី បានជំទាស់នឹងការចោទប្រកាន់ជុំវិញការប្រព្រឹត្តអំពើពុករលួយបន្ថែម នៅក្នុងការផ្តល់សក្ខីកម្មនៅចំពោះមុខតុលាការ ក្នុងថ្ងៃទី២២ ខែវិច្ឆិកា។ នេះបើតាមប្រភពជិតស្និទ្ធនឹងសវនាការ ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP។
ក្រោយរដ្ឋប្រហារយោធានៅខែកុម្ភៈឆ្នាំ២០២១ លោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំរដ្ឋាភិបាលស៊ីវិលមីយ៉ាន់ម៉ា ត្រូវបានឃុំខ្លួននៅក្នុងផ្ទះ និងរងបទចោទជាច្រើនករណី។ មកទល់ពេលនេះ លោកស្រីស៊ូជី ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារសរុប ២៦ឆ្នាំ ខណៈបទចោទចំនួន ៥ករណី ដូចជាការប្រព្រឹត្តអំពើពុករលួយជុំវិញការជួយឧទ្ធម្ភាគចក្រឱ្យរដ្ឋមន្រ្តី នៅតែបន្តនីតិវិធី។
ក្នុងការផ្តល់សក្ខីកម្មនៅចំពោះមុខតុលាការ ក្នុងថ្ងៃទី២២ ខែវិច្ឆិកា លោកស្រីស៊ូជី បានផ្តល់ការណែនាំ ដោយផ្អែកតាមនីតិវិធី។
«វាគ្មានករណីអំពើពុករលួយលើករណីនេះឡើយ»។ ប្រភពជិតស្និទ្ធនឹងសវនាការ បានស្រង់សម្តីលោកស្រីស៊ូជីបែបនេះ ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP។ ប្រភពដដែលបានបញ្ជាក់ថា លោកស្រីស៊ូជី នៅតែមានសុខភាពល្អ។
កន្លងមក តុលាការមីយ៉ាន់ម៉ា បានហាមឃាត់លោកស្រីស៊ូជី រួមទាំងមេធាវីផ្តល់កិច្ចសម្ភាសន៍ដល់អ្នកសារព័ត៌មាន។ មិនតែប៉ុណ្ណោះ អ្នកសារព័ត៌មាន ក៏មិនត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងសវនាការផងដែរ។
គួររំឮកថា នៅក្នុងខែមិថុនាកន្លងទៅ មេដឹកនាំរដ្ឋាភិបាលស៊ីវិល ដែលត្រូវបានទម្លាក់ចេញពីតំណែងរូបនេះ ត្រូវបានផ្ទេរពីការឃុំខ្លួននៅក្នុងផ្ទះ ទៅពន្ធនាគារមួយកន្លែង។ ពន្ធនាគារនេះ ក៏ជាតុលាការពិសេសសម្រាប់កាត់ក្តីសំណុំរឿងលោកស្រីស៊ូជីផង៕
© រក្សាសិទ្ធិដោយ thmeythmey.com