ជាតិ
បាក់ឌុប៖ ទោះជីវភាពក្រីក្រ តែ​យុវតី ឆវី និង សេងហ័ង សម្ភីរៀនសូត្រ​ ដើម្បី​ប្រឡងជាប់​
30, Nov 2022 , 8:59 am        
រូបភាព
យុវតី ឆន ឆវី និង កញ្ញា វ៉េត សេងហ័ង បានទទួលវិញ្ញាបនបត្រនៃការសិក្សារបស់ពួកគេ។
យុវតី ឆន ឆវី និង កញ្ញា វ៉េត សេងហ័ង បានទទួលវិញ្ញាបនបត្រនៃការសិក្សារបស់ពួកគេ។
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ យុវតី ឆន ឆវី និង​យុវតី​ វ៉េត សេងហ័ង ជា​សិស្ស​ក្រីក្រនៃ​វិទ្យាល័យ​ព្រៃព្នៅ ដែល​ស្ថិត​នៅខេត្តព្រៃវែង។ ទោះ​កើត​ក្នុង​គ្រួសារ​ដែលមាន​ជីវភាពខ្វះខាត តែយុវតីទាំង ២​រូប នៅតែ​ពុះពារព្យាយាម​តស៊ូរៀនសូត្រ ដើម្បី​ប្រឡងជាប់​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិនាពេលខាងមុខ។ យុវតីខាងលើ យល់ថាការ​មាន​ចំណេះដឹង​ នឹងធ្វើ​ឱ្យ​ពួក​គាត់​ចៀសផុត​ពី​ភាពក្រីក្រ។



យុវតី ឆន ឆវី ជា​សិស្ស​ថ្នាក់ទី​១២ នៃវិទ្យាល័យព្រៃព្នៅ ក្នុងខេត្តព្រៃវែង។ យុវតីរូបនេះ ជាសិស្សក្រីក្រដែលខិតខំ និងព្យាយាម​ជាខ្លាំង ដើម្បីបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ​។ បច្ចុប្បន្ន​​កំពុងត្រៀមខ្លួនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែល​ប្រព្រឹត្តទៅ​នៅថ្ងៃទី៥-៦ ធ្នូខាងមុខ​។
  

កញ្ញា ឆន ឆវី ដែលទទួលវិញ្ញាបនបត្រនៃការសិក្សា
 
ជាកូនស្រី ដែល​មាន​ឪពុក​ជា​កម្មករចំណាកស្រុកនៅប្រទេសថៃ​ ឆវី មាន​សមត្ថភាព​ពូកែ​ខាងមុខ​វិជ្ជា​វិទ្យាសាស្ត្រ ច្រើនជាង​មុខវិជ្ជា​វិទ្យាសាស្រ្ត​សង្គម​។ បើទោះបី​​គ្រួសាររបស់នាងមានជីវភាពខ្វះខាត នាង​មិនដែលគិតថាបោះបង់ការសិក្សាឡើយ។ យុវតី​វ័យ ១៨​ឆ្នាំ​រូបនេះ តែង​ជម្នះ​ឧបសគ្គ និង​តស៊ូ​​លើ​ការសិក្សា​ ដើម្បី​ទទួលបាន​លទ្ធផល​ល្អ​ក្នុង​ពេលប្រឡង​ ដែលជា​បំណងប្រាថ្នាដ៏​ធំ​របស់នាង​។
 
«ដំបូន្មានពីឪពុកម្ដាយ និងគ្រូបង្រៀន ដែលតែងតែលើកទឹកខ្ញុំឱ្យប្រឹងប្រែងរៀនសូត្រ ដើម្បីអនាគតសម្រាប់ថ្ងៃខាងមុខ  ទោះគ្រួសារមិនមានលទ្ធភាពគ្រប់គ្រាន់ក៏ដោយ។ ដោយសារជីវភាពខ្វះខាត និងចង់រៀន ពេលខ្លះ ខ្ញុំដើរទៅសាលា និងពេលខ្លះទៀត ខ្ញុំសុំគេជិះដែរ ដើម្បីបានទៅរៀន»។ នេះជាការ​រៀបរាប់របស់​ ឆវី។
 
ឆវី បានត្រៀមខ្លួនជាស្រេចដើម្បីចូលរួម​ប្រឡងបាក់ឌុប នាពេលខាងមុខនេះ។ យុវតីរូបនេះ​ បាន​ចំណាយពេលច្រើនសម្រាប់សិក្សាមិនថាយប់ ឬថ្ងៃ រហូតធ្វើឱ្យគ្រួសារបារម្ភពីបញ្ហាសុខភាពផងដែរ។ ជាមួយគ្នានេះ ឆន ឆវី រំពឹងថាខ្លួន នឹងទទួលបាននិទ្ទេសA ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងមាន​ឱកាស​មក​សិក្សា​នៅ​ភ្នំពេញ។​
 
មិនខុសពី យុវតី ឆន ឆវី ប៉ុន្មាននោះទេ យុវតី​ វ៉េត សេងហ័ង ជាសិស្សថ្នាកទី១២ នៅវិទ្យាល័យ ព្រៃព្នៅ ខេត្តព្រៃវែង ដែលជាសិស្សក្រីក្រផងនោះ ក៏​ឱហាតរៀនសូត្រផងដែរ។ យុវតី​ វ៉េត សេងហ័ង គិតថា ការរៀនសូត្រពិតជាសំខាន់ខ្លាំងណាស់សម្រាប់នាង​។ ជាកូនកសិករដែលកំព្រាឪពុកអស់រយៈពេល៦ឆ្នាំ សេងហ័ង លើកឡើងថា ទម្រាំ​សិក្សាដល់ថ្នាក់ទី១២នេះ ពិតជារឿងអស្ចារ្យមួយក្នុងជីវិតរបស់នាង ស្រប​ពេលជីវភាពកំពុង​ខ្វះខាត។
  

កញ្ញា វ៉េត សេងហ័ង
 
យុវតី សេងហ័ង បរិយាយបែបនេះ​៖ «ខ្ញុំជួបការលំបាកជាច្រើនក្នុងការសិក្សា ពេលខ្លះខ្ញុំគិតថាចង់បោះបង់ការសិក្សាទៀតផង ដោយសារខ្ញុំឃើញម្តាយរបស់ពិបាកដែលត្រូវចិញ្ចឹមកូនរហូតដល់៤អ្នក ដោយគ្មានឪពុក»។ ជាកូនទី២ក្នុងចំណោមបងប្អូន៤នាក់ សេងហ័ង មានឱកាសរៀនសូត្រខ្ពស់ជាងបងប្អូនដទៃទៀត ដែលបានឈប់រៀន ដើម្បីជួយការងារក្នុងគ្រួសារ។ កើតក្នុងគ្រួសារកសិករមានជីវភាពខ្វះខាតក៏ពិតមែន តែសេងហ័ង តែងទទួលបានដំបូន្មានពីម្ដាយ ដែល​ឱ្យនាង​ប្រឹងប្រែងរៀនសូត្រ ដើម្បីអនាគតសម្រាប់ថ្ងៃខាងមុខ។
 
ជារៀងរាល់ព្រឹក សេងហ័ង ក្រោកមើលមេរៀន និងជួយការងារម្តាយខ្លះៗ មុនទៅសាលារៀន។ សេងហ័ង តែងចំណាយពេលជាមួយសៀវភៅទាំងយប់ទាំងថ្ងៃ ព្រោះនាងមានក្ដីស្រមៃតែមួយគត់​ គឺរៀនចប់ថ្នាក់ទី១២ និងបន្តការសិក្សាថ្នាក់ឧត្តម​។  សេងហ័ង ត្រៀមខ្លួនជាស្រេចដើម្បីប្រឡង និង​ជឿយ៉ាងមុតមាំថាខ្លួនអាចធ្វើបាននឹងទទួលបានពិន្ទុល្អផងដែរ។
«ខ្ញុំនឹងខិតខំប្រឹងប្រែងសិក្សារៀនសូត្រ។ ហើយដល់ពេលបញ្ចប់ថ្នាក់ទី១២ ខ្ញុំនឹងទៅសិក្សាបន្តនៅភ្នំពេញ និងស្វែងរកការងារមួយ ដើម្បីយកលុយសិក្សា និងអាចជួយឱ្យគ្រួសារខ្ញុំមានភាពធូរធារជាងមុន»។ នេះជា​​គោលបំណងនាថ្ងៃអនាគតរបស់យុវតី វ៉េត សេងហ័ង៕
 

ទិដ្ឋភាព​ កញ្ញា វ៉េត សេងហ័ង បង្រៀនមិត្តរួមថ្នាក់៕
 

Tag:
 ThmeyThmey25
 បាក់ឌុប
  ឆន ឆវី
  វ៉េត សេងហ័ង
© រក្សាសិទ្ធិដោយ thmeythmey.com