ជាតិ
ក្រសួងទេសចរណ៍ នឹងរៀបចំសិក្ខាសាលាពីការនាំភ្ញៀវទេសចរជប៉ុន ដោយឥតគិតថ្លៃ
01, Dec 2022 , 6:59 pm        
រូបភាព
ទិដ្ឋភាពមគ្គុទ្ទេសក៍ទេសចរណ៍នាំភ្ញៀវទេសចរនៅអង្គរវត្ត
ទិដ្ឋភាពមគ្គុទ្ទេសក៍ទេសចរណ៍នាំភ្ញៀវទេសចរនៅអង្គរវត្ត
ដោយ៖ សែម ប្រាក់ដាវ
ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានសហការជាមួយមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន រៀបចំសិក្ខាសាលាស្ដីពីការនាំភ្ញៀវទេសចរជប៉ុន ដោយឥតគិតថ្លៃ នៅសណ្ឋាគារសុខាល័យអង្គរខេត្តសៀមរាប។  ការរៀបចំសិក្ខាសាលានេះ ក្នុងគោលបំណង ស្តារវិស័យទេសចរណ៍ឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ និងពង្រឹងសមត្ថភាពមគ្គុទេ្ទសក៍ទេសចរណ៍ថ្នាក់តំបន់ ក្នុងការនាំទេសចរជប៉ុន។



បើតាមក្រសួងទេសចរណ៍ សិក្ខាសាលានេះ នឹងជ្រើសរើសបេក្ខជនចំនួន២៥នាក់ ប្រចាំខេត្តសៀមរាប ដែលបង្រៀនដោយអ្នកជំនាញមកពីប្រទេសជប៉ុន និងកម្ពុជា។ ដោយឡែក បេក្ខជន បេក្ខនារី ត្រូវជាមគ្គុទេ្ទសក៍ទេសចរណ៍ថ្នាក់តំបន់ស្របច្បាប់ ដែលធ្លាប់បម្រើការងារយ៉ាងតិច៣ឆ្នាំ និងមានឯកទេសភាសាជប៉ុនផងដែរ។
 
ជាមួយគ្នានេះ សិក្ខាសាលា ស្តីពីការនាំភ្ញៀវទេសចរជប៉ុន នឹងមានការចែករំលែកបទពិសោធន៍ដែលទាក់ទងទីផ្សារនាំភ្ញៀវទេសចរជប៉ុនផងដែរ។ សិក្ខាសាលានេះ នឹងឈប់ទទួលពាក្យនៅថ្ងៃទី១២ ខែធ្នូ និងចាប់ផ្តើមចូលរៀនថ្ងៃទី២០-២១ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ។  
 
បេក្ខជន បេក្ខនារីដែលមានបំណង ចុះឈ្មោះចូលរៀនតាមរយៈលេខទូរស័ព្ទ ០៨៧ ៦៩៦ ៩១១៕
 
 
 
 

Tag:
 ThmeyThmey25
 ក្រសួងទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com