ជាតិ
កំពង់ស្ពឺ និង​ត្បូងឃ្មុំ នឹង​ផ្ដល់​កន្លែងស្នាក់នៅ​ឥតគិតថ្លៃដល់សិស្សប្រឡងបាក់ឌុប​
02, Dec 2022 , 7:59 am        
រូបភាព
លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ (ខាងឆ្វេង) និងលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ (ខាងស្ដាំ)
លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ (ខាងឆ្វេង) និងលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ (ខាងស្ដាំ)
ភ្នំពេញ៖ រដ្ឋបាលខេត្ត​កំពង់ស្ពឺ និង​រដ្ឋបាលខេត្ត​ត្បូង​ឃ្មុំ នឹង​ផ្ដល់​កន្លែងស្នាក់​នៅ​ រួមទាំង​ការ​ផ្ញើ​កង់ ម៉ូតូ ដោយ​ឥតគិតថ្លៃ ក្នុង​ពេល​ដំណើរ​ការ​ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី៥-៦ ធ្នូខាងមុខ។ បើតាម​រដ្ឋបាលខេត្ត​ទាំងពីរ ការ​ផ្ដល់​ជូន​នេះ ដើម្បី​សម្រួល​ដល់​ការស្នាក់នៅ​ និង​ការ​រក្សា​កង់-ម៉ូតូ​របស់​បេក្ខជន​មក​ពី​បណ្ដា​ស្រុក​ ក្រុង​ ដែលមិនមាន​លទ្ធភាព​គ្រប់គ្រាន់ក្នុងការ​ចំណាយ។



ខេត្តកំពង់ស្ពឺ បាន​រៀបចំ​កន្លែងស្នាក់នៅតាម​មន្ទីរ និង​​វត្តអារាមនានាសរុបចំនួន ១៨ទីតាំង សម្រាប់បេក្ខជនប្រឡងសញ្ញាបត្រមធ្យម​សិក្សា​ទុតិយភូមិស្នាក់នៅ និង​ផ្ញើ​កង់-ម៉ូតូ​។ ទីតាំងទាំង១៨កន្លែងនោះ រួមមាន អគារធនធាន មន្ទីរអប់រំ យុវជន និងកីឡា, សាលាគរុកោសល្យ និវិក្រិតការ, មន្ទីរធម្មការ និងសាសនា, មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, មន្ទីរសាធារណការ និងដឹកជញ្ជូន, មន្ទីរធនធានទឹក និងឧតុនិយម​, មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ, វត្តសាឡូងពោធិមង្គល, វត្ត​ចំបក់, វត្តចំបក់​ពោធិ៍ពាន់, វត្តភ្នំសុពណ៌ទេព, វត្តសាមគ្គីរាជរារាម, វត្តនទីសោភ័ណ, វត្ត​មុនី​រង្សីរតនារាម, វត្តអម្ពសុវណ្ណារាម, វត្តចំណារាម, វត្តកណ្ដោលជុំ និង​វត្តព្រះពុទ្ធអណ្ដែត។


   បេក្ខជនដើរចេញពីមណ្ឌលប្រឡង។ រូបភាព Credit
 
ដោយ​ឡែក​ ខេត្ត​ត្បូងឃ្មុំវិញ ក៏​បាន​រៀបចំ​កន្លែង​ស្នាក់​នៅ​ដល់​បេក្ខជន​ប្រឡង​ នៅក្នុង​ស្រុក​ត្បូងឃ្មុំ និង​ក្រុង​សួង រយៈពេល​២ថ្ងៃ ពីថ្ងៃទី៤-៥ ធ្នូ។ សម្រាប់​នៅ​ក្រុង​សួង​ បេក្ខជន អាច​ស្នាក់នៅ ផ្ទះសំណាក់ផ្សារ​សួង២, ផ្ទះ​សំណាក់សុខ លាភ, ផ្ទះសំណាក់ ៣៣៣, ផ្ទះសំណាក់អ៊ាត អ៊ន់, ផ្ទះសំណាក់​បាយ័ន, ផ្ទះសំណាក់​យូ ឡុង, ផ្ទះ​សំណាក់​ភ្នំមាស, ផ្ទះសំណាក់៦៦៦, ផ្ទះសំណាក់​អប្សរា, ផ្ទះសំណាក់​សំណាង រាត្រី និង​ផ្ទះ​សំណាក់​ចែលី។ 
 
រីឯស្រុក​ត្បូងឃ្មុំ បេក្ខជន​អាច​ទៅ​ស្នាក់នៅ ផ្ទះសំណាក់ពន្លឺ ចន្ទ, ផ្ទះសំណាក់កូលាប​ ត្បូងឃ្មុំ, ផ្ទះសំណាក់សុចរិត​មហាឧត្តម, ផ្ទះសំណាក់មហា លាភ, ផ្ទះសំណាក់WiFi, ផ្ទះសំណាក់រាត្រីចាំការថ្ម, ផ្ទះសំណាក់រស្មីនារី, ផ្ទះសំណាក់នាគពីរ, ផ្ទះសំណាក់គីម ប៉, ផ្ទះសំណាក់​ខុម សីលា, ផ្ទះសំណាក់សុវណ្ណភូមិត្បូងឃ្មុំ និង​ផ្ទះ​សំណាក់​មាន ហេង។ បើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាល​ខេត្តត្បូងឃ្មុំ ក្រៅ​ពីផ្ទះ​សំណាក់​ខាង​លើ រដ្ឋបាលខេត្ត​ត្បូ​ង​ឃ្មុំ​មិនទទួល​ខុសត្រូវ​ឡើយ។
 
សូម​បញ្ជាក់ថា ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ការ​ប្រឡងសញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ កាលពីថ្ងៃទី​២១ វិច្ឆិកា​ លោក ហង់ជួន ណារ៉ុន បាន​អំពាវនាវ​ដល់​សណ្ឋាគារ​ កន្លែង​ស្នាក់នៅ និង​ភោជនីយដ្ឋាន កន្លែង​លក់អាហារផ្សេងៗ ជួយ​សម្រួល​ដល់​បេក្ខជន​​ដែល​មក​ពី​តាមឃុំ ​ស្រុក ដើម្បីឱ្យ​ពួកគេអាច​​ស្នាក់នៅ​ និង​ទទួលទានបាន​ស្រួល​​៕​
អត្ថបទទាក់ទង
 

Tag:
 បាក់ឌុប
  កំពង់ស្ពឺ
  ត្បូងឃ្មុំ​
© រក្សាសិទ្ធិដោយ thmeythmey.com