ជាតិ
លោក ច័ន្ទ សុផល៖ វិស័យកសិកម្មកម្ពុជា ទន់ខ្សោយជាងប្រទេសជិតខាង
02, Dec 2022 , 8:59 pm        
រូបភាព
លោក ច័ន្ទ សុផល នាយកនៃមជ្ឈមណ្ឌលសិក្សាគោលនយោបាយ។ រូបពី ហ្វេសបុករបស់លោក
លោក ច័ន្ទ សុផល នាយកនៃមជ្ឈមណ្ឌលសិក្សាគោលនយោបាយ។ រូបពី ហ្វេសបុករបស់លោក
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដាក់គោលដៅកំណែទម្រង់កសិកម្មឱ្យទៅជាកសិកម្ម​ទំនើប។ លោក ច័ន្ទ សុផល នាយក​នៃ​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ បានច្បិចយកចំណុចមួយចំនួនបង្ហាញថា វិស័យកសិកម្មកម្ពុជា មានភាពទន់ខ្សោយជាងប្រទេសជាតិខាង ខណៈកម្ពុជា ខ្លួនឯងចាត់ទុកកសិកម្ម ជាវិស័យសំខាន់មួយនៃខឿនសេដ្ឋកិច្ចជាតិ។



តាមទំព័រហ្វេសប៊ុករបស់លោក ច័ន្ទ សុផល កាលពីថ្ងៃទី១ ខែធ្នូ​ បានសរសេរថា បច្ចុប្បន្ន វិស័យកសិកម្មកម្ពុជា នៅមានភាពទន់ខ្សោយជាងថៃ និងវៀតណាម ដែលរួមទាំងផលិតកម្ម ការកែច្នៃ និងទីផ្សារ។ នេះ ជាអ្វីដែលកម្ពុជា​ត្រូវទទួលស្គាល់ការពិត ទើបឈានទៅរកដំណោះស្រាយបាន។
 
លោក សរសេរបន្តថា​ ការកែច្នៃកសិផល និងទីផ្សាររបស់ថៃ វៀតណាម មានប្រៀបខ្លាំង ទាំងថ្លៃអគ្គិសនី ការដឹកជញ្ជូនតាមផ្លូវទឹក-ផ្លូវគោក។ ជាពិសេសការដឹកជញ្ជូនដោយការកប៉ាល់ធំៗ ពីកំពង់ផែសមុទ្រទឹកជ្រៅ និងបណ្ដាញទីផ្សារអន្តរជាតិច្បាស់លាស់ និងយូរឆ្នាំ។ ម៉្យាងវិញទៀត​ ការ​អំណាយផលផ្នែកភូមិសាស្រ្តនេះហើយ ទើបប្រទេសទាំងពីរ ទទួលបានអ្នកវិនិយោគច្រើន។
ហេតុនេះ ទើបថៃ និងវៀតណាម ទទួលទិញកសិផលពីកម្ពុជាយកទៅកែច្នៃក្នុងទំហំច្រើន ដោយសារតែ កម្ពុជានៅជិត ហើយការនាំចូលកសិផល ក៏គ្មានរបាំងពន្ធគយនោះដែរ ព្រោះក្នុងក្របខ័ណ្ឌទីផ្សារអាស៊ាន។ លោក ច័ន្ទ សុផល បានអះអាងថា ការដែលវៀតណាម មានប្រសិទ្ធភាពខ្ពស់ក្នុងការកែច្នៃ និងចែកចាយផលិតផលកសិកម្មនៅពេលនេះ មិនមែនជារឿងអាក្រក់សម្រាប់កម្ពុជានោះទេ។
 
ផ្ទុយទៅវិញ កម្ពុជា ទទួលផលចំណេញពីការនាំកសិផលរបស់ខ្លួន ទៅលក់ឱ្យវៀតណាម។ កសិផល ដែលត្រូវបាននាំទៅវៀតណាមមានដូចជា ស្រូវ ដំឡូង​មី​  ស្វាយចន្ទី​  ស្វាយ​កែវ​រមៀត​  កៅស៊ូ​  និង​ ម្រេច។ នាយកនៃមជ្ឈមណ្ឌលសិក្សាគោលនយោបាយរូបនេះ សង្កត់ធ្ងន់ដូច្នេះថា៖«ដើម្បី​ប្រកួតប្រជែង​ជាមួយ​​វៀតណាម​បាន​ ​ក្នុង​ការ​កែច្នៃ​កសិផល​ ទាល់តែ​យើង​សិក្សា​ឱ្យ​បាន​ច្បាស់​អំពី​កត្តា​ជា​គន្លឹះ​ទាំង​ឡាយ​ និង​សម្រេច​ចិត្ត​ដោយ​មាន​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​កែលម្អ​កត្តា​ទាំង​នោះ​។ ក៏​ប៉ុន្ដែ​ យើង​គួរ​ជៀសវាង​ការ​ឧបត្ថម្ភ​ទុន​យូរអង្វែង​ផងដែរ​ ដើម្បី​ឱ្យ​តែ​ឧស្សាហ៍​កម្ម​កែច្នៃ​យើង​ដំណើរ​ការ​ទៅ​បាន»​៕
 
 
 
 
 
 
 
 

Tag:
 កសិកម្ម
  លោក ច័ន្ទ សុផល
  វិស័យកសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com