កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
បាល់ទះ៖ មន្រី្តសហព័ន្ធថា កម្ពុជាខ្វះធនធានអាជ្ញាកណ្តាលស្តង់ដារអន្តរជាតិសម្រាប់ស៊ីហ្គេម២០២៣
06, Dec 2022 , 8:59 am        
រូបភាព
លោក អាំង សិរីពិសិដ្ឋ ក្នុងពិធីបំពាក់មេដាយជូនកីឡាករបាល់ទះឆ្នេរខ្សាច់ក្នុងការប្រកួតកីឡាជាតិលើកទី៣ នាពេលកន្លងទៅ។ រូបពី VFC
លោក អាំង សិរីពិសិដ្ឋ ក្នុងពិធីបំពាក់មេដាយជូនកីឡាករបាល់ទះឆ្នេរខ្សាច់ក្នុងការប្រកួតកីឡាជាតិលើកទី៣ នាពេលកន្លងទៅ។ រូបពី VFC
ដោយ:
កម្ពុជានៅខ្វះធនធានមន្ត្រីអាជ្ញាកណ្តាលកីឡាបាល់ទះស្តង់ដាអន្តរជាតិសម្រាប់កាត់ក្តីនៅព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។ នេះបើតាមការបញ្ជាក់របស់លោក អាំង សិរីពិសិដ្ឋអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បើទោះលោកមើលឃើញថាកម្ពុជាមានសមត្ថភាព និងបច្ចេកទេសគ្រប់គ្រាន់ក្នុងដំណើរការរៀបចំស៊ីហ្គេមលើកទី៣២ បន្ទាប់ពីការរៀបប្រកួតកីឡាជាតិលើកទី៣ជោគជ័យ។

 
លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា វាយតម្លៃខ្ពស់ចំពោះការរៀបព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និងកីឡាជាតិជនពិការលើកទី១ ដែលទទួលបានជោគជ័យឆ្ពោះទៅការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ របស់កម្ពុជា។
 
សម្រាប់កីឡាបាល់ទះវិញ ទោះបីការប្រកួតកីឡាជាតិមិនបានលេងនៅលើទីលានសម្រាប់ការប្រកួតស៊ីហ្គេមដែលមានបំពាក់វិដេអូជំនួយស្របតាមស្តង់ដារអន្តរជាតិក៏ពិតមែន តែក៏មិនមានអ្វីគួរឱ្យព្រួយបារម្ភនោះទេ ទាំងលក្ខខន្តិកៈនៃការប្រកួត ការកាត់សេចក្តី ដោយគ្រប់គ្រងបានល្អប្រសើរទាំងបាល់ទះឆ្នេរខ្សាច់ និងក្នុងសាល។ យ៉ាងណាសហព័ន្ធនៅមានការកង្វល់មួយ គឺធនធានមន្រ្តីអាជ្ញាកណ្តាលដែលត្រូវកាត់សេចក្តីនៅក្នុងប្រកួត ស៊ីហ្គេម ដែលតម្រូវឱ្យមន្រ្តីអាជ្ញាកណ្តាលមានស្តង់ដារកម្រិតអន្តរជាតិ។
 
លោក អាំង សិរីពិសិដ្ឋ និយាយថា៖«ការប្រកួតនេះមិនមានអ្វីគួរឱ្យកត់សម្គាល់ទេ ហើយយើងក៏បានផ្តល់ឱកាសដល់មន្រ្តីក្មេងៗដែរដែលយើងខិតខំបណ្តុះបណ្តាល។ ដល់ស៊ីហ្គេមគាត់អាចចូលបម្រើការបាន ប៉ុន្តែអ្វីដែរលជារបាំងមួយនោះគឺ អាជ្ញាកណ្តាលដែលចូលកាត់សេចក្តីទាល់តែមានស្តង់ដារកម្រិតអន្តរជាតិ ខណៈកម្ពុជាមិនសូវសំបូរធនធាន»។
 
ទោះយ៉ាងណា សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ កម្ពុជា នឹងយកមន្រ្តីអាជ្ញាកណ្តាលកីឡាបាល់ទះដែលមានកម្រិតស្តង់ដារអន្តរជាតិមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន ដើម្បីចូលរួមក្នុងការកាត់ក្តី៕
 
 
 
 

Tag:
 កីឡាបាល់ទះ
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com