កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ហ៊ុល គឹមហ៊ុយ និង សេត រ៉ូហ្ស៊ីប ចែកផ្លូវជាមួយក្លិបបឹងកេត
08, Dec 2022 , 4:05 pm        
រូបភាព
កីឡាករ សេត រ៉ូហ្ស៊ីប អតីតខ្សែការពារក្លិបបឹងកេត រូបពីពានសម្ដេច ហ៊ុន សែន
កីឡាករ សេត រ៉ូហ្ស៊ីប អតីតខ្សែការពារក្លិបបឹងកេត រូបពីពានសម្ដេច ហ៊ុន សែន
លោកស្រី ពុធ ធីតា ប្រធានក្លិបបាល់ទាត់បឹងកេត បានបញ្ជាក់ថា អ្នកចាំទី ហ៊ុល គឹមហ៊ុយ និង ខ្សែការពារ សេត រ៉ូហ្ស៊ីប បានចែកផ្លូវជាមួយក្លិប ដោយកុងត្រារបស់អ្នកទាំងពីរផុតកំណត់ បូករួមជាមួយហេតុផលផ្ទាល់ខ្លួនរបស់កីឡាករ ដែលជាហេតុមិនអាចបន្ដកុងត្រាបាន។



លោកស្រី ពុធ ធីតា បានប្រាប់សារព័ត៌មានថ្មីៗតាម តេលេក្រាមថា កីឡាករទាំងពីរ ជាគំរូល្អសម្រាប់កីឡាករថ្នាល់ ព្រោះពួកគេមានការគោរពវិន័យខ្ពស់។ ជាក់ស្ដែង ក្លិបបឹងកេត ចង់បន្ដកុងត្រាជាមួយកីឡាករ២រូបនេះណាស់ ប៉ុន្ដែ អ្នកទាំងពីរ អាចមានហេតុផលផ្ទាល់ខ្លួន ដែលមិនអាចបន្ដបាន។ បើតាមលោកស្រី ធីតា ប្រហែលជាពួកគេ ក៏ចង់ផ្លាស់ប្ដូបទពិសោធន៍ នៅក្នុងក្លិបណាមួយ ដើម្បីទទួលបានអ្វីថ្មីបន្ថែម ក្នុងវិស័យបាល់ទាត់។ 
  

កីឡាករ ហ៊ុល គឹមហ៊ុយ អតីតអ្នកចាំទីបឹងកេត រូបពីក្លិបបឹងកេត
 
«ខ្ញុំ មិនដឹងឆ្លើយតបជាមួយអ្នកគាំទ្រយ៉ាងដូចម្ដេចទេ។ មនោសញ្ចេតនាជាមួយអ្នកទាំងពីរ គឺខ្លាំងណាស់។ ពីរនាក់នេះ គោរពវិន័យបានល្អណាស់។»។ ប្រធានក្លិប​បឹងកេត បាននិយាយទាំងអារម្មណ៍សោកស្ដាយបែបនេះ។
 
អ្នកចាំទី ហ៊ុល គឹមហ៊ុយ បានចូលរួមជាក្លិបបឹងកេត តាំងពីឆ្នាំ២០១៨ បន្ទាប់ពីរូបគេបានចប់ការហ្វឹកហាត់នៅសាលាកីឡាបាល់ទាត់ជាតិ។ រយៈពេល ៤ឆ្នាំនៅក្លិបបឹងកេត អ្នកចាំទីរូបនេះ បានចូលរួមជួយក្លិបឲ្យឈ្នះ ជើងឯកពានសម្ដេច ហ៊ុន សែន ឆ្នាំ២០១៩ និងជើងឯកលីគ Cambodian Metfone League នៅឆ្នាំ២០២០។ 
 
ចំណែក ខ្សែការពារ សេត រ៉ូហ្ស៊ីប បានចូលរួមជាមួយបឹងកេត ចាប់ពីឆ្នាំ២០១៦ មកទល់ពេលនេះ មានរយៈពេល៦ឆ្នាំ។ ខ្សែការពាររូបនេះ បានចូលរួមចំណែកជួយឲ្យក្លិប ឈ្នះជើងឯក Cambodian Metfone League ២សម័យកាល គឺឆ្នាំ ២០១៧ និងឆ្នាំ២០២០ ហើយក៏បានចូលរួមចំណែងក្នុងការឈ្នះជើងឯកពានសម្ដេច ហ៊ុន សែន ឆ្នាំ២០១៩ ផងដែរ។
សារព័ត៌មានថ្មីៗ បានព្យាយាមទំនាក់ទំនងទៅ កីឡាករទាំងពីរ ដើម្បីបញ្ជាក់អំពីព័ត៌មានលម្អិតដែរ ប៉ុន្ដែមិនទទួលបានការឆ្លើយតបទេ។
 
 
 
 
 

Tag:
 បាល់ទាត់
  ហ៊ុល គឹមហ៊ុយ
  សេត រ៉ូហ្ស៊ីប
© រក្សាសិទ្ធិដោយ thmeythmey.com