កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
អ្នកប្រដាល់១៤០រូប មកពី៥ប្រទេសនៅអាស៊ាន ដណ្តើមជើងឯកអាស៊ាន នៅថ្ងៃបុណ្យសមុទ្រ
09, Dec 2022 , 7:59 am        
រូបភាព
ការប្រកួតរវាងបង្គោលខៀវ យ៉េន ឌីណា និងបង្គោលក្រហម ស្តារប៊យ។រូបពី MT
ការប្រកួតរវាងបង្គោលខៀវ យ៉េន ឌីណា និងបង្គោលក្រហម ស្តារប៊យ។រូបពី MT
ដោយ:
កីឡាករប្រដាល់១៤០នាក់មកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាននឹងចូលរួមប្រកួតប្រជែងពានរង្វាន់ជើងឯកគុនខ្មែរអាស៊ីអាគ្នេយ៍ នៅថ្ងៃបុណ្យសមុទ្រក្នុងខេត្តព្រះសីហនុ ពីថ្ងៃទី៩-១១ ខែធ្នូ ឆ្នាំ២០២២។ ជើងឯកគុនខ្មែរអាស៊ីអាគ្នេយ៍ឆ្នាំ២០២២នេះ ម្ចាស់ផ្ទះកម្ពុជា បានបញ្ចូលកីឡាករ-កីឡាការិនីជម្រើសជាតិ១៧រូបប្រកួតប្រជែងផងដែរ ដើម្បីត្រៀមឆ្ពោះទៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣។

 
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC បានបញ្ជាក់ថា ការរៀបចំប្រកួតកីឡាប្រដាល់គុនខ្មែរជើងឯកអាស៊ីអាគ្នេយ៍នឹងមានប្រទេសមួយចំនួនក្នុងតំបន់អាស៊ានចូលរួមប្រកួត។ ប្រទេសទាំងនោះរួមមាន ឥណ្ឌូណេស៊ី វៀតណាម ឡាវ មីយ៉ាន់ម៉ា ម៉ាឡេស៊ី ថៃជាដើម ការចូលរួមពីបណ្តាប្រទេសទាំងនេះ គឺជាជោគជ័យក្នុងការរៀបចំប្រដាល់គុនខ្មែរអន្តរជាតិមួយ ដើម្បីសម្រួចគោលដៅឆ្ពោះទៅធ្វើម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។
 
លោក វ៉ាត់ ចំរើន និយាយថា៖«ការរៀបចំប្រកួតកីឡាប្រដាល់គុនខ្មែរ ជើងឯកអាស៊ីអាគ្នេយ៍ នៅក្នុងបុណ្យសមុទ្រនេះ គឺជាបុរេព្រឹត្តិការណ៍ (Pre-Sea Games) សម្រាប់ឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣។ យើងក៏បានការរៀបចំការបណ្តុះបណ្តាលមន្ត្រីអាជ្ញាកណ្តាល ចៅក្រម មុនពេលការប្រកួតផ្លូវការ។ មកដល់ថ្ងៃនេះ មានប្រតិភូកីឡាមួយចំនួនបានមកដល់ខេត្តព្រះសីហនុហើយ»។
 
កីឡាករគុនខ្មែរជួរមុខមួយចំនួនរួមមាន ធឿន ធារ៉ា, ឈឿង ល្វៃ, រឿង សោភ័ណ្ឌ, បឺត សង្ឃឹម, យ៉េន ឌីណា, ព្រុំ សំណាង, លន បញ្ញា និងកីឡាករមួយចំនួនទៀតសុទ្ធសឹងតែមានសមត្ថភាពត្រៀមបញ្ចេញសមត្ថភាពនៅសង្វៀនក្នុងថ្ងៃបុណ្យសមុទ្ធ។
 
គួរបញ្ជាក់ថា កីឡាករ-កីឡាការិនីកម្ពុជា មានចំនួន១៧រូប ក្នុងនោះមានកីឡាការិនី៤រូប។ ចំពោះវិញ្ញាផ្នែកបុរសមាន ៧វិញ្ញាសា ផ្នែកនារីមាន៤វិញ្ញាសា និងវិញ្ញាសាគុនគ្រូមាន២វិញ្ញាសា៕
 

Tag:
 កីឡាប្រដាល់គុនខ្មែរ
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com