កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
CPL៖លឹម ពិសុទ្ធ ជាប់ជាកីឡាករឆ្នើមវ័យក្មេង ខណៈ Marcus Haber ឈ្នះពាន៣ម្នាក់ឯង
08, Dec 2022 , 5:15 pm        
រូបភាព
ខ្សែបម្រើភ្នំពេញក្រោន លឹម ពិសុទ្ធ ឈ្នះពានរង្វាន់កីឡាករឆ្នើមវ័យក្មេងជាងគេ។ រូបពី PPC
ខ្សែបម្រើភ្នំពេញក្រោន លឹម ពិសុទ្ធ ឈ្នះពានរង្វាន់កីឡាករឆ្នើមវ័យក្មេងជាងគេ។ រូបពី PPC
ដោយ:
ខ្សែបម្រើ លឹម ពិសុទ្ធ ដែលជួយភ្នំពេញក្រោនឈ្នះជើងឯកខេមបូឌានព្រីមៀរលីគរដូវកាល ២០២២ ក្លាយជាកីឡាករឆ្នើមវ័យក្មេងជាងគេ និងជាប់ជម្រើ ១១នាក់ល្អបំផុតប្រចាំឆ្នាំ ក្នុងកម្មវិធី CPL Football Award។ ខ្សែប្រយុទ្ធព្រះខ័នរាជស្វាយរៀង Marcus Haber ជាប់ជាកីឡាករឆ្នើមប្រចាំ អ្នករកគ្រាប់បាល់ច្រើនជាងគេ និងជាប់ជម្រើស១១នាក់ល្អបំផុតផងដែរ។ ពីធីប្រគល់ពានកីឡាករ គ្រូបង្វឹកឆ្នើមឆ្នាំ២០២២ ធ្វើនៅថ្ងៃទី៧ ខែធ្នូ នាផ្សារទំនើបអ៊ីអនម៉ល។


 
ការប្រកាសពានរង្វាន់កីឡាករ គ្រូបង្វឹកឆ្នើម នៃក្របខណ្ឌខេមបូឌានព្រីមៀរលីគរដូវកាល២០២២ បានបញ្ចប់ជាស្ថាពរ នៅផ្សារទំនើបអ៊ីអនម៉ល ថ្ងៃទី៦​ ខែធ្នូ។ ក្លិបបាល់ទាត់ ភ្នំពេញក្រោន ឈ្នះពានរង្វាន់ជើងឯកខេមបូឌានព្រីមៀរលីគ រីឯវិសាខា ជើងឯករង និងក្លិបបាតល់ទាត់ព្រះខ័នរាជស្វាយរៀងទទួលបានចំណាត់ថ្នាក់លេខ៣។ បឹងកេតដែលបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤ ជាប់ជាក្រុម fair play។
 

ការប្រគល់ពានរង្វាន់កីឡាករល្អជម្រើស១១នាក់ដំបូងប្រចាំរដូវកាល២០២២នៃក្របខណ្ឌខេមបូឌានព្រីមៀរលីគ។រូបពី PPC
 
សម្រាប់កីឡាករឆ្នើមក្នុងជម្រើស១១នាក់ល្អបំផុតប្រចាំរដូវកាល រួមមាន អ្នកចាំទី សាវែង សំណាង, ខ្សែប្រយុទ្ធ Andres Nieto និងខ្សែបម្រើ លឹម ពិសុទ្ធ មកពីក្លិបភ្នំពេញក្រោន ខ្សែការពារកណ្តាល សារ៉េត គ្រីយ៉ា, ខ្សែបម្រើ Mizino Mikaru និងខ្សែប្រយុទ្ធ Marcus Haber មកពីក្លិបព្រះខ័នរាជស្វាយរៀង, ខ្សែប្រយុទ្ធ សារ ទី ខ្សែការពារស្លាបស្តាំ អ៊ុក សុវណ្ណ ខ្សែការពារស្លាបឆ្វេង ឆេង ម៉េង មកពីក្លិបវិសាខា, ខ្សែបម្រើ ម៉ាត់ នូរុន ខ្សែប្រយុទ្ធ សៀង ចន្ធា មកពីក្លិបបឹងកេត។
 
លឹម ពិសុទ្ធ ដែលបង្ហាញទម្រង់លេខដ៏ល្អ និងបានរួមចំណែកយ៉ាងសំខាន់ដើម្បីជួយឱ្យក្រុមភ្នំពេញក្រោនឈ្នះពានរង្វាន់ជើងឯកលីគកំពូលកម្ពុជា ខេមបូឌានព្រីមៀរលីគរដូវកាល២០២២ ជាប់ជាកីឡាករវ័យក្មេងឆ្នើមជាងគេប្រចាំឆ្នាំ។ ចំណែកពានរង្វាន់គ្រូបង្វឹកឆ្នើមប្រចាំឆ្នាំបានទៅ លោក Oleg Starynskyi របស់ក្រុមបាល់ទាត់ភ្នំពេញក្រោន។
ពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំ និងជាអ្នកទាត់បាល់បញ្ចូលទីបានច្រើនជាងគេសម្រាប់រដូវកាល២០២២ បានទៅខ្សែប្រយុទ្ធព្រះខ័នរាជស្វាយរៀង Marcus Haber ក្រោយខ្សែប្រយុទ្ធសញ្ជាតិកាណាដារូបនេះរកបាន២៥គ្រាប់៕
 
 
 

Tag:
 កីឡាបាល់ទាត់
 ខេមបូឌានព្រីមៀរលីគ
© រក្សាសិទ្ធិដោយ thmeythmey.com