កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
មិត្តភាពអន្តរជាតិ៖ គ្រូគោព្រៃកម្ពុជា យកប្រកួតទល់ម៉ាឡេស៊ី ដើម្បីត្រៀម AFF Cup
08, Dec 2022 , 6:19 pm        
រូបភាព
លោក Hirose Ryu គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា រូបពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
លោក Hirose Ryu គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា រូបពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
លោក Hirose Ryu គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាចាត់ទុកការប្រកួតមិត្តភាពអន្តរជាតិទល់ម្ចាស់ផ្ទះម៉ាឡេស៊ីនៅថ្ងៃទី៩ ខែធ្នូ ជាផ្នែកមួយដើម្បីត្រៀមខ្លួនទៅកាន់ព្រឹត្តិការណ៍ AFF Mitsubishi Electric Cup 2022 ខាងមុខ។ គ្រូសញ្ជាតិជប៉ុនរូបនេះ បញ្ជាក់ដូច្នេះក្នុងសន្និសីទ្ធសារព័ត៌មាន នៅថ្ងៃទី៨ ខែធ្នូ នៅប្រទេសម៉ាឡេស៊ី។


លោក Hirose Ryu បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា ក្រុមជម្រើសជាតិកម្ពុជា មានពេលប្រមូលផ្ដុំហ្វឹកហាត់តិច មុនប្រកួតមិត្តភាពជាមួយម៉ាឡេស៊ី ព្រោះភាពមមាញឹកក្នុងការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា។ បើទោះជាមានមានពេលតិចតួចក៏ដោយ ក្រុមជម្រើសជាតិ បានត្រៀមលក្ខណៈរួចរាល់ បូករួមជាមួយយុទ្ធសាស្ដ្រ ដ៏ល្អថែមទៀត។
  
«ការប្រកួត ដ៏សំខាន់នៅថ្ងៃស្អែកនេះ ពួកយើង នឹងធ្វើឲ្យបានលទ្ធផលល្អ ក៏ដូចជាជ័យជំនះផងដែរ។ ការប្រកួតថ្ងៃស្អែក ក៏ជាផ្នែកមួយនៃការរៀបចំសម្រាប់ប្រកួតព្រឹត្តិការណ៍ AFF Mitsubishi Electric Cup នៅពេលខាងមុខ ដូច្នេះ យើង នឹងខំប្រកួតឲ្យ បានល្អបំផុត។»។ គ្រូជម្រើសជាតិរូបនេះ បាននិយាយដូច្នេះ។
 
ឆ្លើយតបទៅនិងសម្ដីរបស់គ្រូជម្រើសជាតិកម្ពុជា លោក Kim Pan Gon គ្រូជម្រើសជាតិម៉ាឡេស៊ី ថាក្រុមម៉ាឡេស៊ី បានត្រៀមខ្លួនទទួលកម្ពុជា តាំងពីដើមសប្ដាហ៍។ គ្រូបង្វឹករូបនេះ ចាត់ទុកថា ការប្រកួតមិត្តភាពនេះ គឺជាការដកស្រង់បទពិសោធយ៉ាងល្អរវាង ជម្រើសជាតិទាំងពីរ។ ម៉ាឡេស៊ី ទំនង់ជាដាក់យុវជនច្រើនក្នុងការប្រកួតជាមួយកម្ពុជា។
 
គ្រូជម្រើសជាតិម៉ាឡេស៊ី បាននិយាយដូច្នេះថា៖«យើងមានរបៀបលេងថ្មីជាមួយយុវជន។ យើង បានចែករំលែកចំណេះដឹង និងមេរៀនជាច្រើនដល់ពួកគេ។ ពួកគេ ប្រហែលពិបាកបន្ដិចចំពោះការគិតអំពីយុទ្ធសាស្ដ្រ និងទម្រង់លេងថ្មី។»។
 
គួរបញ្ជាក់ផងដែរថា កម្ពុជា ត្រូវប្រកួតជាមួយម៉ាឡេស៊ី នៅថ្ងៃទី៩ ខែធ្នូ នៅកីឡដ្ឋាន Bukit Jalil វេលាម៉ោង ៨:០០ យប់។ រីឯ រឹត្តិការណ៍ប្រកួត AFF Mitsubishi Electric Cup 2022 នឹងចាប់ផ្ដើមពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។ កម្ពុជា ស្ថិតក្នុងពូល A ជាមួយថៃ ហ្វីលីពីន ឥណ្ឌូណេស៊ី និងព្រុយណេ ខណៈពូល B មាន វៀតណាម ម៉ាឡេស៊ី សិង្ហបុរី មីយ៉ាន់ម៉ា និងឡាវ។ កម្ពុជា ត្រូវប៉ះ ហ្វីលីពីន នៅថ្ងៃទី២០ ខែធ្នូ និងត្រូវប្រកួតជាមួយ ឥណ្ឌូណេស៊ី នៅថ្ងៃទី២៣ ខែធ្នូ រីឯថ្ងៃទី២៩ ខែធ្នូ ត្រូវស្វាគមន៍ព្រុយណេ និងថ្ងៃទី២ ខែមករា ត្រូវជួបជាមួយ ថៃ៕
 

Tag:
 បាល់ទាត់
  Hirose Ryu
  ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com