ជាតិ
សម្ដេច ហ៊ុន សែន ចង់​​ឱ្យ​មានការរៀបចំ​វេទិកា​ជាតិតំបន់ឆ្នេរប្រចាំឆ្នាំ នៅ​​ថ្ងៃទី​២៦ ឧសភា​ ជារៀងរាល់ឆ្នាំ​
10, Dec 2022 , 4:29 pm        
រូបភាព
 សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា អញ្ជើញចូលរួមនៅក្នុងពិធីបើកមហាសន្និបាតលើកទី១៦ នៃក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក នាខេត្តព្រះសីហនុ ក្រោមប្រធានបទ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្ដីសង្ឃឹម»។ រូបភាពពី SPM
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា អញ្ជើញចូលរួមនៅក្នុងពិធីបើកមហាសន្និបាតលើកទី១៦ នៃក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក នាខេត្តព្រះសីហនុ ក្រោមប្រធានបទ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្ដីសង្ឃឹម»។ រូបភាពពី SPM
ភ្នំពេញ៖ សម្ដេច​ ហ៊ុន សែន នាយករដ្ឋមន្រ្តី​កម្ពុជា បានស្នើ​ឱ្យ​មាន​ការ​រៀប​ចំ​វេទិកា​ជាតិ​តំបន់​ឆ្នេរ​ប្រចាំ​ឆ្នាំ ដោយ​កំណត់​យក​ថ្ងៃទី​២៦ ឧសភា ជារៀង​រាល់ឆ្នា។ បើតាម​សម្ដេច ​វេទិកា​ជាតិ​តំបន់​ឆ្នេរ​ប្រចាំ​ឆ្នាំនេះ​ អាច​ឆ្លាស់​វេន​គ្នា​នៅ​តាម​បណ្ដាខេត្ត​តំបន់ឆ្នេរ​ទាំង​៤។



នា​ពិធីបើកមហាសន្និបាតលើកទី១៦ នៃក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក នាខេត្តព្រះសីហនុ សម្ដេច ហ៊ុន សែន បាន​ផ្ដល់​អនុសាសន៍​គន្លឹះមួយចំនួន ដោយ​ស្នើឱ្យមានការរៀបចំវេទិកាជាតិតំបន់ឆ្នេរប្រចាំឆ្នាំ។ សម្ដេច បន្តថា ការ​រៀបចំវេទិកាជាតិតំបន់ឆ្នេរប្រចាំឆ្នាំនេះ ដើម្បី​ជួប​ជុំ ពិភាក្សា​ និង​ផ្លាស់​ប្ដូរ​យោបល់​ជុំវិញ​​ការ​អភិវឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា។ 
 
ជាមួយគ្នានេះ សម្ដេច ក៏បាន​ផ្ដល់យោបល់​ឱ្យ​កំណត់​យក​ថ្ងៃទី ២៦ ខែ​ឧសភា ជារៀង​រាល់ឆ្នាំ​ ដែលជា​ថ្ងៃ​កម្ពុជា​ក្លាយ​ជា​សមាជិក​ក្លឹប​​ ដើម្បី​រៀបចំ​។ មួយ​វិញទៀត​ វេទិកាជាតិតំបន់ឆ្នេរប្រចាំឆ្នាំនេះ អាចឆ្លាស់វេនគ្នានៅតាមបណ្ដាខេត្តតំបន់ឆ្នេរទាំង៤ផងដែរ។ 
 
សូម​បញ្ជាក់ថា នាពេល​កន្លងមក រដ្ឋាភិបាល​កម្ពុជា បាន​កំណត់​ជា​យុទ្ធសាស្រ្ត​ ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​តំបន់ឆ្នេរ ដោយ​ខេត្ត​ព្រះ​សីហនុ​ ជាគោលដៅ​ទេសចរណ៍​សម្រាក​លម្ហែ និង​ជា​តំបន់​សេដ្ឋកិច្ច​ពហុបំណង។ ចំណែក​ខេត្ត​កែប ជា​គោល​ដៅ​ទី​ក្រុង​ទេសចរណ៍​លំដាប់ខ្ពស់ និង​ប្រណិត។ រីឯខេត្ត​កំពតវិញ ជា​គោលដៅ​ទី​ក្រុងទេសចរណ៍​បេតិកភណ្ឌ​វប្បធម៌ និង​កសិ-ទេសចរណ៍​តំបន់​ឆ្នេរ។ ដោយ​ឡែក ខេត្ត​កោះកុង ជា​គោល​ដៅ​អេកូ​ទេសចរណ៍​តំបន់​ទេសចរណ៍​លំដាប់​ពិភពលោកផងដែរ៕ 
 

Tag:
 ទេសចរណ៍
  ឆ្នេរ​
© រក្សាសិទ្ធិដោយ thmeythmey.com