អន្តរជាតិ
របាយការណ៍៖ អ្នកកាសែតជាប់ពន្ធនាគារលើពិភពលោកមាន៥៣៣នាក់ ដែលជាចំនួនមិនធ្លាប់មាន
17, Dec 2022 , 9:29 am        
រូបភាព
ក្នុងឆ្នាំ ២០២២ អ្នកកាសែតជាប់ពន្ធនាគារទូទាំងពិភពលោកឡើងដល់៥៣៣នាក់ ដែលជាអត្រាខ្ពស់បំផុតមិនធ្លាប់មាន។ ការបំបែកកំណត់ត្រានេះ ជំរុញដោយការចាប់ខ្លួនអ្នកកាសែតយ៉ាងច្រើនក្នុងការបង្ក្រាបការតវ៉ានៅអ៊ីរ៉ង់ក្នុងខែកញ្ញា។



ចំនួនអ្នកកាសែតដែលជាប់ពន្ធនាគារជុំវិញពិភពលោកបានឈានដល់កំណត់ត្រាថ្មីមួយក្នុងឆ្នាំ ២០២២។ អ្នកសារព័ត៌មានសរុបចំនួន ៥៣៣នាក់បានជាប់ពន្ធនាគារ ដែលកើនឡើងពី៤៨៨នាក់កាលពីឆ្នាំ២០២១។ នេះបើយោងតាមតួលេខប្រចាំឆ្នាំផ្ដល់ដោយអង្គការអ្នកកាសែតគ្មានព្រំដែន (RSF)។ 
 
«ច្រើនជាងមួយភាគបួននៃអ្នកកាសែតជាប់ពន្ធនាគារបានកើនឡើងក្នុងអំឡុងឆ្នាំនេះ»។ របាយការរបស់អង្គការអ្នកកាសែតគ្មានព្រំដែនបានបង្ហាញបែបនេះ។ អង្គការនេះដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស បានចេញរបាយការណ៍អំពីអ្នកកាសែតត្រូវឃុំឃាំងសរុបប្រចាំឆ្នាំចាប់តាំងពីឆ្នាំ១៩៩៥ មកម៉្លេះ។ 
 
ជាងពាក់កណ្តាលនៃអ្នកកាសែតជាប់ពន្ធនាគារត្រូវបានរាយការណ៍ពីប្រទេសចំនួនប្រាំរួមមានចិន មីយ៉ាន់ម៉ា អ៊ីរ៉ង់ វៀតណាម និងបេឡារុស។ ក្នុងចំណោមនោះ អ្នកកាសែតចិនមានចំនួនច្រើនជាងគេរហូតដល់ ១១០នាក់ តាមដោយមីយ៉ាន់ម៉ា មាន៦២នាក់ អ៊ីរ៉ង់មាន ៤៧នាក់ វៀតណាមមាន ៣៩នាក់ និងបេឡារុសមាន ៣១នាក់។ 
 
របាយការណ៍ដដែលបង្ហាញថា ក្នុងចំណោមអ្នកកាសែតអ៊ីរ៉ង់ដែលជាប់ពន្ធនាគារចំនួន៤៧នាក់ អ្នកកាសែត ៣៤នាក់ត្រូវបានចាប់ខ្លួនក្រោយមានការបង្ក្រាបការតវ៉ាប្រឆាំងដ៏ខ្លាំងក្លាមិនធ្លាប់មានក្នុងខែកញ្ញា ជុំវិញការស្លាប់របស់កញ្ញា Masha Amini ក្នុងមន្ទីរឃុំឃាំង ដែលបានចាប់ខ្លួនពីបទបំពានច្បាប់សម្លៀកបំពាក់សម្រាប់ស្រ្តីដោយពាក់ក្រមាលើក្បាល (Hijab) មិនបានត្រឹមត្រូវ។ ការចាប់ខ្លួនអ្នកកាសែតអ៊ីរ៉ង់ជាង៣០នាក់ក្នុងឆ្នាំ ២០២២ បានរុញអត្រាអ្នកកាសែតជាប់ពន្ធនាគារទូទាំងពិភពលោកឱ្យឡើងដល់ចំនុចខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។
 
​បុគ្គលិក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ជាប់​ពន្ធនាគារ​នៅ​ទូទាំង​ពិភពលោកភាគច្រើននៅក្នុងប្រទេសកាន់របបផ្ដាច់ការ ហើយមានតែ១ភាគ​៣​ ប៉ុណ្ណោះដែលឆ្លងកាត់ការកាត់ទោស ខណៈ​២​ភាគ​៣ ដែល​នៅ​សល់​ជាប់​ពន្ធនាគារ​ដោយ​គ្មាន​ការ​កាត់​ទោស។ អ្នកខ្លះរង់ចាំការកាត់ទោសអស់រយៈពេលជាង ២០ឆ្នាំមកហើយ។ នេះបើតាមរបាយការណ៍ RSF។
 
មិនត្រឹមប៉ុណ្ណោះ អ្នកកាសែត៥៧នាក់ត្រូវបានស្លាប់ ហើយប្រហែល៨០ភាគរយនៃការស្លាប់នេះសុទ្ធតែកើតឡើងដោយចេតនា ទាក់ទងនឹងការងារពួកគេ ឬរឿងរ៉ាវដែលពួកគេបានរាយការណ៍ ពិសេសរឿងឧក្រិដ្ឋកម្ម និងអំពើពុករលួយជាដើម។
 
គួរបញ្ជាក់ថា ចំនួនអ្នកកាសែតស្រីដែលបានជាប់ពន្ធនាគារក៏មានចំនួនច្រើនបំផុតដែរក្នុងឆ្នាំ ២០២២ ពោលគឺ ៧៨នាក់ ខណៈកាលពីឆ្នាំមុនមានត្រឹម៦០នាក់ប៉ុណ្ណោះ៕
 

Tag:
 សារព័ត៌មាន
© រក្សាសិទ្ធិដោយ thmeythmey.com