អន្តរជាតិ
លោក ប្រាយុទ្ធ ប្រាប់សមាជិកសភាឱ្យបំពេញតួនាទីរបស់ខ្លួនឱ្យត្រឹមត្រូវ
16, Dec 2022 , 8:17 pm        
រូបភាព
លោក ប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីថៃ។ រូបភាព៖ AFP
លោក ប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីថៃ។ រូបភាព៖ AFP
នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចន្ទអូចា នៅថ្ងៃទី១៥ ខែធ្នូ បានជំរុញសមាជិកសភាទាំងអស់ឱ្យរក្សាការទទួលខុសត្រូវរបស់ពួកគេនៅក្នុងសភា ជាពិសេសខណៈពេលដែលសមាជិកសភាថៃមួយចំនួនធំបានលាលែងពីតំណែង ដើម្បីត្រៀមខ្លួនសម្រាប់ការបោះឆ្នោតខាងមុខ។



នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចន្ទអូចា បានជំរុញគណបក្សចម្រុះទាំងអស់បញ្ជូនសមាជិកសភារបស់គណបក្សពួកគេចូលរួមក្នុងកិច្ចប្រជុំសភាឱ្យបានទៀងទាត់។ ការលើកឡើងរបស់លោក ប្រាយុទ្ធ នេះធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំសភាដែលនឹងប្រព្រឹត្តទៅខាងមុខនឹងត្រូវពន្យារពេលដោយសារតែខ្វះសមាជិកសភាចូលរួម។ លើសពីនេះ លោកបន្តថា វាជាការទទួលខុសត្រូវរបស់គ្រប់គណបក្ស និងសមាជិកសភាក្នុងការបំពេញតួនាទីរបស់ខ្លួន។

ខណៈអ្នកកាសែតសាកសួរពីអនាគតនយោបាយ  លោកប្រាយុទ្ធ បាននិយាយថា លោកនឹងសប្បាយចិត្តប្រសិនបើលោកឈ្នះឆ្នោត ប៉ុន្តែលោកនឹងមានអារម្មណ៍សោកសៅប្រសិនបើលោកចាញ់ឆ្នោត ខណៈមិនអាចបំពេញតម្រូវការពលរដ្ឋទៀត។

ទន្ទឹមនេះ ប្រធានសភា លោក Chuan Leekpai មានប្រសាសន៍ថាសភានៅដំណើរការជាធម្មតា បើទោះជាសមាជិកសភាមួយចំនួនធំទើបបានលាលែងពីតំណែងក៏ដោយ។លោកបានបន្តថា សភានៅតែមានសមាជិកគ្រប់គ្រាន់ដើម្បីអនុម័តសេចក្តីព្រាងច្បាប់សំខាន់ៗជាង ២០។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះមានសមាជិកសភាចំនួន ២៥០ នាក់នៅលើកៅអីរដ្ឋាភិបាល និង ១៩២ នាក់នៅលើកៅអីគណបក្សប្រឆាំង សរុបសមាជិកសភាចំនួន ៤៤២ នាក់ ហើយចំនួនសមាជិកសភាដែលអាចដំណើរការកិច្ចប្រជុំសភាបានគឺ ២២១ នាក់។ លោក Chuan បានបន្ថែមថា ចំនួននៃការលាលែងពីតំណែងរបស់សមាជិកសភានេះគឺជារឿងធម្មតា ខណៈ ស្ថានភាពស្រដៀងគ្នានេះបានកើតឡើងដូចគ្នាក្នុងអំឡុងពេលរដ្ឋបាលរបស់លោក Chavalit Yongchaiyudh ដែលនៅតែអាចបន្តដំណើរការបាន។

លោក Chinnaworn Bunyakiat សមាជិកសភាគណបក្សប្រជាធិបតេយ្យ និងជាអនុប្រធានរដ្ឋាភិបាលបាននិយាយថា សេចក្តីព្រាងច្បាប់ចំនួន ២០ ដែលត្រូវបានពិនិត្យដោយគណៈកម្មាធិការសភារយៈពេលពីរឆ្នាំ ដែលនីមួយៗមានតម្លៃជាង ២ លានបាតសមនឹងទទួលបានការអនុម័តដោយសភាបច្ចុប្បន្ន។

លោក Chinnaworn Bunyakiat បានបន្ថែមថា រដ្ឋាភិបាលកំពុងខិតខំប្រឹងប្រែង ដើម្បីសម្របសម្រួលកិច្ចប្រជុំដែលទាមទារសម្រាប់ការពិភាក្សាបន្ថែមទៀតនៃសេចក្តីព្រាងច្បាប់ទាំងនេះ។ បើតាមការចុះផ្សាយរបស់កាសែត Bangkok Post នៅចន្លោះពីថ្ងៃទី៦ ខែតុលា ដល់ថ្ងៃទី១៥ ខែធ្នូ សមាជិកសភាចំនួន ៣៦ នាក់បានលាលែងពីតំណែង ដោយ ១២ នាក់ជាសមាជិកសភានៃគណបក្ស Palang Pracharath ៨ នាក់ពីគណបក្សភឿថៃ និង៨នាក់ទៀតជាសមាជិកសភាគណបក្ស Move Forward ៕

© រក្សាសិទ្ធិដោយ thmeythmey.com