អន្តរជាតិ
ជប៉ុន គ្រោងចំណាយ ៣១៥ពាន់លានដុល្លារលើវិស័យការពារជាតិ ក្នុងពេល ៥ឆ្នាំខាងមុខ
17, Dec 2022 , 11:40 am        
រូបភាព
លោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្រ្តីជប៉ុន។ រូបភាព៖ Kyodo
លោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្រ្តីជប៉ុន។ រូបភាព៖ Kyodo
រដ្ឋាភិបាលជប៉ុន គ្រោងចំណាយថវិកាប្រមាណ ៣១៥ពាន់លានដុល្លារលើវិស័យការពារជាតិ ក្នុងរយៈពេល ៥ឆ្នាំខាងមុខ។ នាយករដ្ឋមន្រ្តីជប៉ុន លោក គីស៊ីដា ហ្វូមីអូ បានបញ្ជាក់បែបនេះ នៅថ្ងៃទី១៦ ខែធ្នូ ក្រោយគណៈរដ្ឋមន្រ្តីបានផ្តល់ការឯកភាពលើឯកសារការពារចំនួន ៣ច្បាប់។

 
 
ដោយមើលឃើញថាស្ថានភាពតំបន់ជុំវិញប្រទេសខ្លួនមានការគំរាមកំហែងជាពិសេសការកើនឡើងឥទ្ធិពលចិន និងសង្រ្គាមនៅអ៊ុយក្រែន គណៈរដ្ឋមន្រ្តីជប៉ុន នៅថ្ងៃទី១៦ ខែធ្នូ បានអនុម័តលើឯកសារចំនួន ៣ច្បាប់ពាក់ព័ន្ធវិស័យការពារ។ 
 
ក្រោយការឯកភាពលើ លោក គីស៊ីដា ហ្វូមីអូ ប្រមុខរដ្ឋាភិបាលជប៉ុន ក្នុងសន្និសីទកាសែតមួយ  បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា រដ្ឋាភិបាលគ្រោងចំណាយថវិកាប្រមាណ ៣១៥ពាន់លានដុល្លារលើវិស័យការពារជាតិសម្រាប់រយៈពេល ៥ឆ្នាំខាងមុខ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ NHK។ 
 
ទន្ទឹមនេះ នាយករដ្ឋមន្រ្តីជប៉ុន បានយល់ឃើញថា បច្ចេកវិទ្យាមីស៊ីល បានវិវដ្ដយ៉ាងរហ័ស ហើយថែមទាំងមានលទ្ធផលក្នុងការវាយប្រហារមីស៊ីលដ៏ច្រើនក្នុងពេលតែមួយ។ ត្រង់ចំណុចនេះ លោក គីស៊ីដា បានចាត់ទុកបញ្ហាខាងលើ កំពុងកើតមាននៅជុំវិញជប៉ុន ហើយវាពិតជាសំខាន់ណាស់សម្រាប់ជប៉ុន ក្នុងការមានសមត្ថភាពវាយប្រហារតបវិញរហូតដល់សត្រូវបញ្ឈប់ការវាយប្រហារ។ 
 
ឯកសារចំនួន ៣ច្បាប់ពាក់ព័ន្ធវិស័យការពារ ដែលគណៈរដ្ឋមន្រ្តីជប៉ុនអនុម័តនៅក្នុងថ្ងៃទី១៦ ខែធ្នូនេះ បានអនុវត្តឱ្យជប៉ុន មានសមត្ថភាពវាយប្រហារតបសត្រូវ ក្នុងកាលៈទេសៈពិសេសណាមួយ។
 
គួររំឭកថា នាពេលកន្លងមក នាយករដ្ឋមន្រ្តីជប៉ុន បានប្រាប់រដ្ឋមន្រ្តីរបស់ខ្លួនឱ្យដំឡើងការចំណាយលើវិស័យការពារជាតិដល់ ២ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ក្នុងរយៈពេល ៥ឆ្នាំខាងមុខ៕ 
 

Tag:
 (ជប៉ុន
  ចិន
  រុស្ស៊ី)
© រក្សាសិទ្ធិដោយ thmeythmey.com