អន្តរជាតិ
ប្រធានទីភ្នាក់ងារការពារEU៖ អឺរ៉ុបមិនអាចពឹងផ្អែកលើអាម៉េរិកតែឯងជាខែលការពារសន្តិសុខ​ឡើយ
17, Dec 2022 , 8:30 pm        
រូបភាព
លោក Jiri Sedivy ប្រធានទីភ្នាក់ងារការពារអឺរ៉ុប។ រូបថត AFP
លោក Jiri Sedivy ប្រធានទីភ្នាក់ងារការពារអឺរ៉ុប។ រូបថត AFP
បណ្ដាប្រទេសសហភាពអឺរ៉ុប (EU) គួរតែរួមគ្នាទិញសព្វាវុធដើម្បីបង្កើនអាវុធស្ដុកឡើងវិញក្រោយបញ្ចេញអស់ជាច្រើនដើម្បីជួយជ្រោមជ្រែងអ៊ុយក្រែន។ ប្រមុខទីភ្នាក់ងារការពារ EU លើក​ឡើង​បែប​នេះ ហើយព្រមានថា អាម៉េរិកនឹងមិនអាច ធ្វើជាខែលការពារអឺរ៉ុបពីការគំរាម​កំហែង​រហូ​តនោះឡើយ។

 
«សង្គ្រាមរុស្ស៊ីដ៏ព្រៃផ្សៃប្រឆាំងនឹងអ៊ុយក្រែនបានបង្ហាញពីកង្វះខាតនៃសមត្ថភាពរបស់ពួកយើង»។ នាយកប្រតិបត្តិនៃទីភ្នាក់ងារការពារអឺរ៉ុបលោក Jiri Sedivy បានលើកឡើងបែបនេះ រួចបន្តថា អ្វី​ដែល​សំខាន់ គឺការណ៍ដែល EU ក្លាយជាប្លុកមួយដែលផ្គត់ផ្គង់តម្រូវការសន្តិសុខ ក្នុងការការពារប្រជាជន។
 
លោក Jiri សង្កត់ធ្ងន់ថា EU គួរតែវិនិយោគលើវិស័យការពារជាតិព្រោះអាម៉េរិកនឹងជៀសមិន​ផុត​ឡើយ​ពីការបង្កើនសកម្មភាពក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ហើយអាម៉េរិកនឹង​មិនអាច​ផ្ដល់នូវការ​ការ​ពារ​ពេញ​លេញសម្រាប់ EU នោះឡើយ។
 
ទីភ្នាក់ងារការពារអឺរ៉ុប ជាស្ថាប័នមួយដែលជួយរដ្ឋាភិបាលប្លុកមួយនេះកសាងសមត្ថភាពយោធា។ លោក Jiri បាននិយាយថា ទីភ្នាក់ងារនេះកំពុងពិភាក្សាជាមួយក្រុមហ៊ុនអាវុធអឺរ៉ុបអំពី​ការ​ជំរុញ​ការផលិត និងជាមួយបណ្តាប្រទេសនានាអំពីការរួបរួមគ្នាដើម្បីទិញឧបករណ៍និងគ្រាប់រំសេវ។ ប្រមុខ​ទីភ្នាក់ងារ EU រូបនេះ ក៏បានចង្អុលបង្ហាញផងដែរអំពីការគំរាមកំហែងនៃអំពើភេរវកម្មនិងរដ្ឋ​បរាជ័យ​នៅ​មជ្ឈិមបូព៌ា ឬអាហ្វ្រិកខាងជើង។
 
គួរបញ្ជាក់ថា ប្រទេសនៅអឺរ៉ុប​ មាន​វិធី​ការពារជាតិ​ដែល​ខុសៗ​គ្នា ដោយ​ប្រទេស​ភាគច្រើន​ពង្រឹងផ្នែកយោធា​ដោយ​ខ្លួន​ឯង។ បើគ្មានជំនួយពីអាម៉េរិកទេ EU ត្រូវតស៊ូដើម្បីការពារខ្លួនដោយខ្វះ សមត្ថភាពស៊ើបការណ៍សម្ងាត់ យន្តហោះឈ្លបយកការណ៍ និងប្រព័ន្ធការពារមីស៊ីលចម្ងាយមធ្យម ព្រមទាំងនាវា និងនាវាមុជទឹក។ នេះបើយោងតាមរបាយការណ៍ឆ្នាំ២០២០ របស់ EU។
 
កាលពីដើមខែនេះ នាយករដ្ឋមន្ត្រីហ្វាំងឡង់លោកស្រី Sanna Marin លើកឡើងថា ការ​ឈ្លាន​ពាន​របស់រុស្ស៊ីលើអ៊ុយក្រែនបានឆ្លុះបញ្ចាំងពីការពឹងផ្អែកខ្លាំងពេករបស់បណ្ដាប្រទេសអឺរ៉ុបលើ​អាម៉េរិ​ក​សម្រាប់ការការពារសន្តិសុខរបស់ខ្លួន៕

Tag:
 (EU)
© រក្សាសិទ្ធិដោយ thmeythmey.com