អន្តរជាតិ
ប្រមុខអង្គការណាតូថា លោក ពូទីន គ្រោងធ្វើសង្រ្គាមរយៈពេលយូរនៅអ៊ុយក្រែន
17, Dec 2022 , 4:20 pm        
រូបភាព
ប្រធានអង្គការណាតូលោក Jens Stoltenberg នៅថ្ងៃទី១៦ ខែធ្នូ និយាយថា រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចក្នុងការអូសបន្លាយសង្គ្រាមនៅអ៊ុយក្រែន​។ លោកស្នើប្រទេសដែលគាំទ្រទីក្រុងកៀវឱ្យបន្តបញ្ជូនអាវុធឱ្យអ៊ុយក្រែនរហូតដល់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ដឹងខ្លួនថាមិនអាចឈ្នះសង្រ្គាមនៅអ៊ុយក្រែន។


 
សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនដែលផ្ទុះឡើងតាំងពីខែកុម្ភៈ គិតមកទល់ពេលនេះបានអូសបន្លាយជិត ១០ ខែហើយ ខណៈកងកម្លាំងរបស់ទីក្រុងកៀវ បានដណ្តើមយកទឹកដីខ្លួនដែលគ្រប់គ្រងដោយរុស្ស៊ីមួយចំនួនមកវិញ។ យ៉ាងណាមិញ អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg បានព្រមានថា រុស្ស៊ីនឹងមិនព្រមបោះបង់គោលដៅក្នុងការគ្រប់គ្រងអ៊ុយក្រែននោះទេ។
 
«យើងមិនគួរមើលស្រាលរុស្ស៊ីទេ។ រុស្ស៊ីកំពុងរៀបចំផែនការសម្រាប់សង្រ្គាមរយៈយូរ»។ លោក Stoltenbergបាននិយាយបែបនេះក្នុងបទសម្ភាសមួយជាមួយទីភ្នាក់ងារព័ត៌មាន AFP។ លោកក៏បានបន្ថែមថា លោកបានឃើញពីការប្រមូលផ្តុំកម្លាំងបន្ថែមទៀតរបស់រុស្ស៊ី។
 
លើសពីនេះ លោក Stoltenberg បានសង្កត់ធ្ងន់ថា ប្រធានាធិបតី ពូទីន បានត្រៀមខ្លួនរួចជាស្រេចក្នុងសង្រ្គាមសម្រាប់រយៈវែង និងត្រៀមខ្លួនបើកការវាយលុកថ្មី។ លោក Stoltenberg ក៏បានបន្តថាសង្រ្គាមនេះទំនងជាអាចបញ្ចប់នៅតុចរចា ដូចសង្រ្គាមភាគច្រើន ដោយទទូចថាដំណោះស្រាយក្នុងការបញ្ចប់សង្រ្គាមងត្រូវតែធានាថា អ៊ុយក្រែនឈ្នះក្នុងឋានៈជាប្រទេសឯករាជ្យ និងអធិបតេយ្យភាព។
 
មធ្យោបាយលឿនបំផុតដើម្បីធានាពីការចរចាបញ្ចប់សង្រ្គាមនេះ គឺត្រូវគាំទ្រយោធាអ៊ុយក្រែន បើម្បីឱ្យប្រធានាធិបតីរុស្ស៊ីលោក ពូទីន ដឹងខ្លួនថាមិនអាចឈ្នះនៅក្នុងសង្រ្គាមនេះបាន។ នេះបើតាមលោក Stoltenberg។
 
គួរបញ្ជាក់ថា កន្លងមកសម្ព័ន្ធមិត្តអង្គការណាតូ ដែលដឹកនាំដោយអាម៉េរិក បានបញ្ជូនសព្វាវុធមានតម្លៃរាប់ពាន់លានដុល្លារទៅឱ្យអ៊ុយក្រែន ដែលបានជួយប្រទេសនេះទប់ទល់នឹងរុស្ស៊ីបាន។ បើតាមរបាយការណ៍របស់អាម៉េរិក ទីក្រុងវ៉ាស៊ីនតោនកំពុងបញ្ចប់ផែនការបញ្ជូនប្រព័ន្ធបាញ់មីស៊ីល Patriot ទំនើបបំផុតរបស់ខ្លួនទៅអ៊ុយក្រែន ដើម្បីបន្ថែមការការពារដែនអាកាស៕

Tag:
 (ណាតូ
  រុស្ស៊ី)
© រក្សាសិទ្ធិដោយ thmeythmey.com