ជាតិ
កម្ពុជា នឹងចុះត្រជាក់ខ្លាំង រយៈពេល៣ថ្ងៃ រូបភាពពី៖ ក្រសួងធនធានទឹក និងឧតុនិយម
×
ដោយ៖ សែម ប្រាក់ដាវ
ភ្នំពេញ៖ កម្ពុជារងអាកាសធាតុត្រជាក់ខ្លាំងជាថ្មីម្ដងទៀត ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២២ ដោយសារឥទ្ធិពលសម្ពាធខ្ពស់ពីប្រទេសចិន។ នេះបើតាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម។
ឥទ្ធិពលសម្ពោធខ្ពស់ពីចិន ដែលរំកិលចុះមកក្រោម និងខ្យល់មូសុងឦសាន នឹងធ្វើឱ្យកម្ពុជាចុះត្រជាក់ខ្លាំង ជាពិសេសនៅតាមតំបន់ភ្នំ តំបន់ជាប់ជូរភ្នំដងរែក និងខ្ពង់រាបភាគឦសាន។
ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ ឧត្តរមានជ័យ និងខេត្តប៉ៃលិន នឹងចុះត្រជាក់មានសីតុណ្ហភាពអប្បរមា អាចធ្លាក់ចុះក្នុងរង្វង់ពី១៥-១៦ អង្សាសេ។ រីឯ ខេត្តស្ទឹងត្រែង បន្ទាយមានជ័យ សៀមរាប និងខេត្តបាត់ដំបង នឹងចុះត្រជាក់ ដោយមានសីតុណ្ហភាពអប្បរមា ចាប់ពី ១៧-១៨ អង្សាសេ។ និងរាជធានី-បណ្ដាខេត្តដទៃទៀត មានសីតុណ្ហភាពអប្បរមាក្នុងរង្វង់ ២០ អង្សាសេ។
ជាមួយគ្នានេះ ក្នុងអំឡុងពេលនៅវេលាថ្ងៃ នឹងមានសីតុណ្ហភាពអតិបរមា ២៦-២៩ អង្សាសេនិងនៅថ្ងៃទី២១ ខែធ្នូ អាចមានសីតុណ្ហភាពអាចកើនឡើងពី ២-៣ អង្សាសេវិញ។
សូមបញ្ជាក់ដែរ ក្រសួងធនធានទឹក បានអំពាវនាវពលរដ្ឋដែលរស់នៅ និងឈរជើងនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ត្រូវយកចិត្តទុកដាក់ ថែរក្សាសុខភាពចំពោះធាតុអាកាសត្រជាក់នេះ។ អ្នកនេសាទ និងអ្នកធ្វើដំណើរសមុទ្រ ត្រូវប្រយ័ត្នចំពោះល្បឿនខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ផងដែរ៕
Tag:
ThmeyThmey25
អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com