អន្តរជាតិ
មន្ត្រី WHO ព្រមានពីការអស់វ៉ាក់សាំងការពារជំងឺអាសន្នរោគ ខណៈចំនួនអ្នកឆ្លងកើនឡើង
17, Dec 2022 , 9:30 pm        
រូបភាព
មន្ត្រីអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី១៦ ខែធ្នូ បានលើកឡើងថា​ ឃ្លាំងស្តុកទុកវ៉ាក់សាំងការពារជំងឺអាសន្នរោគជាសកលរបស់ WHO​ នៅសល់វ៉ាក់សាំងតិចតួច ឬស្ទើរតែគ្មានវ៉ាក់សាំងតែម្ដងស្របពេលដែលជំងឺអាសន្នរោគកំពុងរីករាលដាលជុំវិញពិភពលោក។



បើតាម​ WHO អត្រាអ្នកស្លាប់ទូទាំងពិភពលោកដោយសារជំងឺអាសន្នរោគកំពុងកើនឡើង​ ហើយប្រទេសជាង ៣០ ជុំវិញពិភពលោកបានរាយការណ៍ពីការផ្ទុះឡើងនៃជំងឺអាសន្នរោគក្នុងឆ្នាំនេះ​។
 
លោកវេជ្ជបណ្ឌិត Philippe Barboza ប្រធានក្រុម WHO ទទួលបន្ទុកលើជំងឺអាសន្នរោគ និងជំងឺរាគរូស បាននិយាយថា WHO ​មិនមានវ៉ាក់សាំងដើម្បីផ្គត់ផ្គង់ទៀតទេ ខណៈប្រទេសជាច្រើន​ដែលកំពុងប្រឈមមុខនឹងជំងឺអាសន្នរោគ បានស្នើសុំវ៉ាក់សាំងពី WHO។ 
 
ឃ្លាំងស្តុកទុកវ៉ាក់សាំងគ្រាអាសន្ន​ ត្រូវ​រៀបចំ​ដោយ​ក្រុម​សម្របសម្រួល​អន្តរជាតិ​លើ​ការផ្តល់​វ៉ាក់សាំង​ និង​គ្រប់គ្រង​ដោយ WHO។ ​និង​ដៃគូ​ផ្សេងទៀត។​ ជាធម្មតា ឃ្លាំងនេះតែងតែមានវ៉ាក់សាំងប្រមាណ៣៦ លានដូសដែលអាចប្រើបានក្នុងមួយឆ្នាំ។ យ៉ាងណាមិញ កង្វះវ៉ាក់សាំងនេះបានជំរុញឱ្យ WHO ផ្អាកជាបណ្តោះអាសន្ននូវយុទ្ធសាស្ត្រចាក់វ៉ាក់សាំងការពារជំងឺអាសន្នរោគដូសទី២ ក្នុងខែតុលា។
 
បើតាមលោក Barboza​ កត្តាដែលជំរុញឱ្យមានការខ្វះខាតវ៉ាក់សាំងនេះ គឺដោយសារតែការសម្រេចចិត្តរបស់ក្រុមហ៊ុនផលិតវ៉ាក់សាំងឥណ្ឌា​បញ្ឈប់ការនាំចេញដោយមិនផ្តល់ព័ត៌មានលម្អិត។​ លោកក៏បានបន្ថែមថា ក្រុមហ៊ុនផលិតវ៉ាក់សាំងនៅអាហ្វ្រិកខាងត្បូងគ្រោងនឹងចាប់ផ្តើមផលិតកម្មហើយ ប៉ុន្តែជាត្រូវការយ៉ាងតិច២ឬ៣ឆ្នាំដើម្បីផលិតវ៉ាក់សាំងបាន។ 
 
«វាប្រហែលជាមិនសូវទាក់ទាញក្នុងការផលិតវ៉ាក់សាំងសម្រាប់ជំងឺអាសន្នរោគសម្រាប់ប្រទេសក្រីក្រ ជាជាងបង្កើតវ៉ាក់សាំងជំងឺកូវីដ-១៩ ដែលអាចរកប្រាក់ចំណូលបានច្រើនជាង»។ លោក Barboza បានលើកឡើងបែបនេះ។ 
 
ជំងឺអាសន្នរោគជាជំងឺឆ្លងតាមរយៈអាហារ ឬទឹកដែលមានមេរោគ ហើយអាចបណ្តាលឱ្យអ្នកជំងឺមានរាគរូសខ្លាំង។ ជាទូទៅអ្នកជំងឺដែលឆ្លង​ជា​ច្រើន​មាន​រោគ​សញ្ញា​ស្រាល ប៉ុន្តែ​​អាច​ស្លាប់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ម៉ោងក្រោយ​ប្រសិន​បើ​មិន​បាន​ព្យាបាល។
 
ប្រទេសដែលមានការផ្ទុះឡើងនៃជំងឺអាសន្នរោគភាគច្រើនជាប្រទេសដែលរងផលប៉ះពាល់ដោយភាពក្រីក្រ និងជម្លោះដូចជាប្រទេសហៃទី និងយេម៉ែន​។ ប៉ុន្តែជំងឺនេះក៏ត្រូវបានគេរាយការណ៍ផងដែរនៅក្នុងប្រទេសដូចជាលីបង់ ដែលរហូតមកដល់ពេលថ្មីៗនេះជាប្រទេសដែលមានប្រាក់ចំណូលមធ្យម៕​

© រក្សាសិទ្ធិដោយ thmeythmey.com