អន្តរជាតិ
រដ្ឋាភិបាលម៉ាឡេស៊ី នឹងរំលាយស្ថាប័នរដ្ឋដែលជាន់ការងារគ្នា
22, Dec 2022 , 8:29 pm        
រូបភាព
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ដើរចេញពីសភា។ រូបថត AFP
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ដើរចេញពីសភា។ រូបថត AFP
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម និយាយនៅថ្ងៃទី២២ ខែធ្នូថា រដ្ឋបាលរបស់លោកកំពុងពិនិត្យមើលការងាររបស់ស្ថាប័នរដ្ឋមួយចំនួន ហើយស្ថាប័នដែលមានការងារជាន់គ្នា នឹងត្រូវរំលាយចោលមួយ។ ក្នុងគោលដៅនេះ លោក អាន់វ៉ា ប្រកាសរំលាយក្រុមប្រឹក្សាស្ដារប្រទេសពីជំងឺកូវីដ-១៩ ដែលបង្កើតដោយរដ្ឋាភិបាលមុន ព្រោះតែការងារជាន់គ្នានេះ។

 
ថ្លែងក្រោយកិច្ចប្រជុំគណៈរដ្ឋមន្រ្តី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បញ្ជាក់ថា​ ក្រុមប្រឹក្សាស្ដារជាតិដែលដឹកនាំដោយអតីតនាយករដ្ឋមន្រ្តី មូហ៊ីឌីន យ៉ាស៊ីន ត្រូវរំលាយហើយដោយសារការងារជាន់គ្នាជាមួយការងាររដ្ឋាភិបាល។ លោក មូហ៊ីឌីន ត្រូវតែងតាំងឱ្យដឹកនាំក្រុមប្រឹក្សានេះកាលពីខែកញ្ញា ឆ្នាំ២០២១ ដោយមានឋានៈរដ្ឋមន្រ្តីទៀតផង។
 
បើតាមលោក អាន់វ៉ា ការបន្តប្រតិបត្តិការរបស់ក្រុមប្រឹក្សានេះ មានតែធ្វើឱ្យការចំណាយរបស់រដ្ឋកើនឡើងប៉ុណ្ណោះ។ មិនមែនតែក្រុមប្រឹក្សានេះឡើយ មេដឹកនាំម៉ាឡេស៊ីរូបនេះ លើកឡើងថា ក៏មានសំណើឱ្យរំលាយស្ថាប័នចំណុះរដ្ឋាភិបាលមួយចំនួនទៀតដែលមានការត្រួតគ្នាដែរ។
 
«ឧទាហរណ៍ កាត្វកិច្ចរបស់មជ្ឈមណ្ឌលជាតិដើម្បីអភិបាលកិច្ច សុចរិតភាព និងប្រឆាំងអំពើពុករលួយ អាចត្រូវបានបំពេញដោយប៉ូលិសជាតិ និងគណៈកម្មការប្រឆាំងអំពើពុករលួយ។» លោក អាន់វ៉ា បន្ថែមបែបនេះ។
 
មិនត្រឹមស្ថាប័នរដ្ឋឡើយ លោក អាន់វ៉ា ក៏នឹងជម្រុះការងាររបស់នាយករដ្ឋមន្រ្តីមួយចំនួនទៅឱ្យឧបនាយករដ្ឋមន្រ្តីទៀតផង។
 
លោក អាន់វ៉ា ដែលរង់ចាំជាច្រើនទើបអាចក្លាយជានាយករដ្ឋមន្រ្តីនោះ ដាក់ចេញវិធានការជាច្រើន សំដៅកាត់បន្ថយបន្ទុករដ្ឋ។ លោកប្រកាសមិនយកប្រាក់ខែនាយករដ្ឋមន្ត្រីឡើយ ហើយក៏កាត់បន្ថយប្រាក់ខែរដ្ឋមន្រ្តីដែរ។​ លើសពីនោះ លោកក៏បដិសេធមិនទទួលយកឡានទំនើបសម្រាប់ការធ្វើដំណើរដែរ៕
 
  
 

Tag:
 ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com