អន្តរជាតិ
អ្នកនាំពាក្យវិមានក្រេមឡាំង៖ ប្រព័ន្ធការពារមីស៊ីល Patriot​ នឹងមិនជួយសម្រាលជម្លោះនៅអ៊ុយក្រែន​ឡើយ
23, Dec 2022 , 9:59 am        
រូបភាព
វិមានក្រេមឡាំង នៅថ្ងៃទី២២ ខែធ្នូបានលើកឡើងថា ការផ្គត់ផ្គង់ប្រព័ន្ធការពារមីស៊ីល Patriot សម្រាប់​អ៊ុយក្រែន នឹងមិនជួយសម្រុះសម្រួលជម្លោះ ឬរារាំងរុស្ស៊ីក្នុងការសម្រេចបានគោលបំណង​របស់​ខ្លួន​នោះឡើយ។ អាម៉េរិក សម្រេចផ្ដល់ប្រព័ន្ធការពារនេះឱ្យអ៊ុយក្រែនអំឡុងទស្សនកិច្ចរបស់​ប្រធានាធិបតី​អ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅទីក្រុងវ៉ាស៊ីនតោន។

 
ឆ្លើយតបនឹងការស្នើសុំដ៏ទទូចរបស់អ៊ុយក្រែន អាម៉េរិកក៏សម្រេចផ្ដល់ប្រព័ន្ធការពារមីស៊ីលទំនើប​ Patriot​ ដើម្បីជួយអ៊ុយក្រែនការពារខ្លួនពីការវាយប្រហារមីស៊ីលទំនើបៗ​របស់រុស្ស៊ីទៅលើ​ហេដ្ឋារចនា​សម្ព័ន្ធសំខាន់របស់ខ្លួន។ មិនទុកយូរឡើយ រុស្ស៊ីបានព្រមានពីផលវិបាកនៃការសម្រេចចិត្តមួយនេះ។
 
«ទង្វើនេះមិនអំណោយផលសម្រាប់ការដោះស្រាយបញ្ហាឱ្យឆាប់រហ័សនោះឡើយ។ វាពិតជា​ផ្ទុយ​ទៅ​វិញ ហើយនឹងមិនអាចរារាំងសហព័ន្ធរុស្ស៊ីពីការសម្រចបានគោលដៅរបស់​ខ្លួនអំឡុងប្រតិបត្តិការ​ពិសេសនោះឡើយ»។ អ្នកនាំពាក្យវិមានក្រេមឡាំងលោក Dmitry Peskov បានព្រមានបែប​នេះ​ក្នុង​កិច្ចសន្ទនាតាមទូរស័ព្ទជាមួយអ្នកសារព័ត៌មាន រួចបន្តថា រុស្ស៊ីក៏មើលមិនឃើញពី​ការ​ទទូ​ច​ឱ្យស្ដារសន្តិ​ភាព ឬក៏សញ្ញាក្នុងការស្ដាប់ពីកង្វល់របស់រុស្ស៊ីអំឡុង​ពេលទស្សន​កិច្ច​របស់លោក ហ្សេលេនស្គី នោះ​ឡើយ។
 
លោក Peskov លើកឡើថា ទង្វើទាំងអស់នេះបញ្ជាក់ពីការណ៍ដែលអាម៉េរិកកំពុងតែធ្វើសង្គ្រាមមិនផ្ទាល់ជាមួយរុស្ស៊ីទៀត ដោយប្រើប្រាស់អ៊ុយក្រែន។ 
 
គួរបញ្ជាក់ថា ប្រព័ន្ធការពារដែនអាកាស Patriot គឺជាប្រព័ន្ធការពារមីស៊ីលដ៏ទំនើបមួយរបស់អាម៉េរិក​ដែលអាចស្ទាក់ចាប់យន្តហោះចម្បាំង និងមីស៊ីលបាលីស្ទីកជាដើម។ ទាហានអ៊ុយក្រែននឹ​ង​ហ្វឹក​ហាត់​ប្រើប្រាស់ប្រព័ន្ធការពារនេះនៅអាល្លឺម៉ង់ក្នុងរយៈពេលប៉ុន្មានខែសិនមុននឹងដាក់ពង្រាយនៅសមរភូមិ​។ 
 
ទីក្រុងមូស្កូធ្លាប់បានគំរាមថា ប្រសិនជាអ៊ុយក្រែនដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលខាងលើ នោះវានឹង​ក្លាយជាគោលដៅស្របច្បាប់សម្រាប់រុស្ស៊ីវាយប្រហារ៕
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com