អន្តរជាតិ
លោក ពូទីន ថា រុស្ស៊ីចង់បញ្ចប់សង្រ្គាមនៅអ៊ុយក្រែនតាមផ្លូវការទូត
23, Dec 2022 , 7:29 pm        
រូបភាព
ប្រធានាធិបតីរុស្ស៊ី វ៉ា្លឌីមៀ ពូទីន។ រូបថត AFP
ប្រធានាធិបតីរុស្ស៊ី វ៉ា្លឌីមៀ ពូទីន។ រូបថត AFP
ដោយ:
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី២២ ខែធ្នូ បញ្ជាក់ថា រុស្ស៊ីចង់បញ្ចប់ជម្លោះនៅអ៊ុយក្រែន ហើយជម្លោះប្រដាប់អាវុធទាំងអស់បញ្ចប់តាមរយៈកិច្ចចរចាការទូត។ ប៉ុន្តែ សេតវិមានឆ្លើយតបថា ប្រធានាធិបតីអាម៉េរិកនឹងចូលចរចា លុះត្រាតែលោក ពូទីន បង្ហាញពីឆន្ទៈច្បាស់លាស់។

 
សល់មួយថ្ងៃទៀតប៉ុណ្ណោះ រុស្ស៊ីបើកការឈ្លានពាននៅអ៊ុយក្រែន១០ខែហើយ ប៉ុន្តែកិច្ចចរចាស្វែងរកសន្តិភាពកន្លងមកមិនទទួលបានផ្លែផ្កាអ្វីទេ។ ជាញយៗ ក្រុងមូស្គូអះអាងថា ខ្លួនបើកចំហចាំចរចាជានិច្ច តែក្រុងកៀវ និងសម្ព័ន្ធមិត្តសង្ស័យថានេះគ្រាន់ជាល្បិចអូសបន្លាយសង្រ្គាមប៉ុណ្ណោះ។ 
 
«មិនយូរមិនឆាប់ ភាគីណាមួយក្នុងជម្លោះអង្គុយចុះ ហើយចុះកិច្ចព្រមព្រៀង។ អ្នកដែលប្រឆាំងនឹងយើងដឹងពីរឿងនេះកាន់តែឆាប់ កាន់តែល្អ»។ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ប្រាប់អ្នកកាសែតបែបនេះនៅថ្ងៃទី២២ ខែធ្នូ មួយថ្ងៃបន្ទាប់ពីទស្សនកិច្ចរបស់ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី ទៅអាម៉េរិក។ 
 
បើតាមប្រធានាធិបតីរុស្ស៊ី គោលបំណងរបស់ក្រុងមូស្គូមិនមែនចង់អូសបន្លាយជម្លោះយោធានោះទេ តែផ្ទុយទៅវិញបញ្ចប់សង្រ្គាមនេះ។ 
 
យ៉ាងណាមិញ អ្នកនាំពាក្យសេតវិមាន លោក John Kirby ប្រាប់អ្នកកាសែតតាមប្រព័ន្ធអនឡាញថា លោក ពូទីន មិនបានបង្ហាញពីឆន្ទៈចង់បញ្ចប់សង្រ្គាមនេះទេ ហើយអ្វីដែលមេដឹកនាំរុស្ស៊ីរូបនេះកំពុងតែប្រព្រឹត្តលើគោក និងអាកាសសបញ្ជាក់យ៉ាងច្បាស់ថាចង់ឱ្យសង្រ្គាមកាន់តែរីករាលដាល និងធ្វើឱ្យប្រជាជនអ៊ុយក្រែនរងទុក្ខ។ 
 
បើតាមលោក ​Kirby ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន នឹងបើកការចរចាជាមួយលោក ពូទីន លុះត្រាតែបន្ទាប់ពីមេដឹកនាំរុស្ស៊ីរូបនេះបង្ហាញពីភាពច្បាស់លាស់ក្នុងការចរចា ហើយបន្ទាប់ពីលោក​ បៃឌិន ពិភាក្សាជាមួយអ៊ុយក្រែន និងសម្ព័ន្ធមិត្តអាម៉េរិករួច។
 
កន្លងមក ក្រុងកៀវក៏ទទូចឱ្យរុស្ស៊ីត្រូវតែបញ្ឈប់ការវាយប្រហារ ហើយផ្តល់ដីដែលលេបបានកន្លងមកឱ្យខ្លួនវិញដែរ មុនប្រទេសហែកហួរដោយសង្រ្គាមមួយនេះព្រមចូលតុចរចា៕
 
 

Tag:
 អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com