អន្តរជាតិ
ប្រមុខការទូតស៊ុយអែតថា ការចរចារឿងចូលណាតូជាមួយតួកគី ដំណើរការបានល្អ
23, Dec 2022 , 8:29 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសស៊ុយអែត Tobias Billstrom និងសមភាគីតួកគី Mevlut Cavusoglu។ រូបថត AFP
រដ្ឋមន្រ្តីការបរទេសស៊ុយអែត Tobias Billstrom និងសមភាគីតួកគី Mevlut Cavusoglu។ រូបថត AFP
រដ្ឋមន្ត្រីការបរទេសស៊ុយអែត នៅថ្ងៃទី២២ ខែធ្នូ បានលើកឡើងថា កិច្ចពិភាក្សារវាងស៊ុយអែត និងតួកគីកំពុងដំណើរការល្អ។ ទីក្រុងស្តុកខុល រំពឹងថា ទីក្រុងអង់ការ៉ានឹងផ្តល់សច្ចាប័នលើពាក្យសុំចូលជាសមាជិកសម្ពន្ធយោធាណាតូឱ្យបានមុនកិច្ចប្រជុំកំពូលណាតូក្នុងខែកក្កដា ឆ្នាំ២០២៣។



ក្រោយរុស្ស៊ីឈ្លានពានអ៊ុយក្រែន ស៊ុយអែត និង ហ្វាំងឡង់ ដែលបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាពខ្លួនខណៈជាប្រទេសស្ថិតនៅក្បែររុស្ស៊ីនោះ បានដាក់ពាក្យសុំចូលជាសមាជិកសម្ពន្ធយោធាណាតូ។ ប៉ុន្តែតួកគីបានជំទាស់ការស្នើសុំនេះ ហើយទាមទារឱ្យប្រទេសទាំង២ ដោះស្រាយក្ដីបារម្ភរបស់ខ្លួនសិន ពិសេសការគាំទ្ររបស់ប្រទេស២ ចំពោះក្រុមឃើដ។ 
 
ក្រោយមក តួកគីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងត្រីភាគីជាមួយស៊ុយអែត និងហ្វាំងឡង់ ដោយរដ្ឋាភិបាលទីក្រុងអង់ការ៉ានឹងយល់ព្រមផ្ដល់សច្ចាប័នឱ្យចូលជាសមាជិកណាតូ បើប្រទេសទាំង២ បញ្ជូនសមាជិកបក្សពលករឃើដដែលត្រូវបានចាត់ទុកជាភេរវករទៅឱ្យតួកគី។ 
 
នៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី ២២​ ខែធ្នូ បន្ទាប់ពីកិច្ចប្រជុំជាមួយសមភាគីតួកគី រដ្ឋមន្ត្រីការបរទេសស៊ុយអែត លោក Tobias Billstrom លើកឡើងថា ទីក្រុងស្តុកខុលមានដំណើរការល្អក្នុងការបំពេញលក្ខខណ្ឌរបស់តួកគី ហើយបានបង្កើតច្បាប់ប្រឆាំងអំពើភេរវកម្មដ៏តឹងរ៉ឹងផងដែរ ដែលនឹងចូលជាធរមាននៅថ្ងៃទី១ ខែមករាខាងមុខ។ លើសពីនេះ ស៊ុយអែតក៏បានចាត់វិធានការដកបម្រាមនាំចេញអាវុធទៅតួកគីផងដែរ។ 
 
«អ្វីៗកំពុងដំណើរការល្អ យើងមានកិច្ចប្រជុំដ៏ល្អមួយនៅថ្ងៃនេះ»។ រដ្ឋមន្ត្រីការបរទេសស៊ុយអែត លោក Tobias Billstrom ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters បែបនេះបន្ទាប់ពីជួបជាមួយរដ្ឋមន្ត្រីការបរទេសតួកគី លោក Mevlut Cavusoglu នៅទីក្រុងអង់ការ៉ា។ លោក Billstrom សង្ឃឹមថា ទីក្រុងអង់ការ៉ានឹងផ្តល់សច្ចាប័នឱ្យស៊ុយអែតចូលជាសមាជិកណាតូឱ្យបានមុនកិច្ចប្រជុំកំពូលណាតូក្នុងខែកក្កដា ឆ្នាំ២០២៣។
 
ចំណាត់ការរបស់ស៊ុយអែតទទួលបានការស្វាគមន៍យ៉ាងខ្លាំងពីតួកគី។ ក្នុងសន្និសីទសារព័ត៌មានរួមគ្នា រដ្ឋមន្ត្រីការបរទេសតួកគី លោក Mevlut Cavusoglu ទទួលស្គាល់ថា ស៊ុយអែតបានចាត់វិធានការយ៉ាងល្អដើម្បីបំពេញលក្ខខណ្ឌដែលបានចែងនៅក្នុងអនុស្សរណៈរវាងប្រទេសទាំងបី ប៉ុន្តែប្រមុខការទូតតួកគីរូបនេះបន្ថែមថា ស៊ុយអែតចាំបាច់ត្រូវធ្វើកិច្ចការជាច្រើនទៀតឱ្យបានល្អដែរ។ 
 
លោក Billstrom ឆ្លើយតបថា វាមិនចម្លែកទេដែលទីក្រុងអង់ការ៉ាជំរុញឱ្យទីក្រុងស្តុកខុល ត្រូវបំពេញកិច្ចការជាច្រើនទៀត ព្រោះស៊ុយអែតមិនទាន់សម្រេចបានលក្ខខណ្ឌទាំងស្រុងឡើយ។ 
ទោះយ៉ាងណា ស៊ុយអែតនៅថ្ងៃទី១៩ ខែធ្នូ បានធ្វើឱ្យតួកគីមិនសប្បាយចិត្តជុំវិញការបដិសេធការធ្វើបត្យាប័នបុគ្គលដែលតួកគីចាត់ទុកថាជាភេរវករ។ តុលាការស៊ុយអែតបានបដិសេធសំណើពីទីក្រុងអង់ការ៉ា ដែលចង់ធ្វើបត្យាប័នអ្នកកាសែតដែលមានទំនាក់នឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារឆ្នាំ២០១៦។ លោក Cavusoglu បង្ហាញការសោកស្ដាយចំពោះការសម្រេចចិត្តរបស់ស៊ុយអែតលើរឿងនេះ។ 
 
គួរបញ្ជាក់ថា ដើម្បីចូលណាតូបាន ស៊ុយអែត ត្រូវការសច្ចាប័នដែលអនុម័តដោយសភារបស់ប្រទេសសមាជិកសម្ពន្ធយោធាណាតូទាំង៣០។ មកទល់ពេលនេះ ប្រទេសជាសមាជិកចំនួន២៨ បានផ្ដល់សច្ចាប័នឱ្យស៊ុយអែតចូលជាសមាជិកណាតូ។ ហុងគ្រី និងតួកគី មិនទាន់ផ្ដល់សច្ចាប័នឡើយ។ ហុងគ្រី បានអះអាងថា សភារបស់ខ្លួននឹងអនុម័តចំពោះការស្នើសមាជិកភាពស៊ុយអែតនៅដើមឆ្នាំ២០២៣ ខណៈតួកគីអះអាងថានឹងសម្រេចចិត្តបន្ទាប់ពីការបោះឆ្នោតនៅខែមិថុនា ឆ្នាំ២០២៣៕
 

Tag:
 ស៊ុយអែត
  តួកគី
© រក្សាសិទ្ធិដោយ thmeythmey.com