FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
មន្ត្រីរដ្ឋាភិបាលបារាំងនិងប្រធានសហព័ន្ធមិនពេញចិត្ត ចំពោះកីឡាករអាហ្សង់ទីន ដែលបានឌឺដងលើ Mbappe
23, Dec 2022 , 6:03 pm        
រូបភាព
មន្ត្រីរដ្ឋាភិបាលបារាំងនិងប្រធានសហព័ន្ធមិនពេញចិត្ត ចំពោះកីឡាករអាហ្សង់ទីន ដែលបានឌឺដងលើ Mbappe ក្នុងការប្រារព្ធពិធីអបអរជ័យជម្នះក្នុងទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន។ មន្ត្រីបារាំង ចាត់ទុកការឌឺដងនោះថា ជាចេតនាប្រមាថលើក្រុមបារាំង។



អំឡុងពេលក្រុមបាល់ទាត់អាហ្សង់ទីន​ ប្រារព្ធពិធីដង្ហែពានរង្វាន់ និងអបអរជ័យជម្នះខ្លួន ក្នុងទីក្រុង Buenos Aires នោះ អ្នកគាំទ្រក្រុមអាហ្សង់ទីនមួយចំនួនតូច បាននាំគ្នាដុតគម្របមឈូសដោយបានដាក់រូបថត ដែលមានមុខរបស់ Mbappe នៅលើនោះ។ 
 
អ្នកចាំទីដែលឈ្នះស្រោមដៃមាស Emiliano Martinez ក៏បានកាន់រូបកូនតុក្កតាទារកហហើយមានបិទរូបថតរបស់ Mbappe ដែលបង្ហាញពីការឌឺដងផងដែរ អំឡុងពេលដង្ហែពានរង្វាន់ World Cup។ រូបភាពទាំងពីរនោះ ទទួលបានការរិះគន់ខ្លាំងពីសំណាក់អ្នកគាំទ្របាល់ទាត់ជុំវិញពិភពលោក និងបង្ហាញការសោកស្តាយចំពោះទង្វើរនោះ។
 
​ក្នុងកិច្ចសម្ភាសន៍មួយជាមួយកាសែត Ouest France ប្រធានសហព័ន្ធបាល់ទាត់បារាំងលោក Noel Le Graet បានបង្ហាញភាពភ្ញាក់ផ្អើលចំពោះទង្វើទាំងនោះ ហើយលោកបានចាត់ទុកថា ជាការប្រមាថមកលើក្រុមកីឡាករបារាំងយ៉ាងខ្លាំង។ 
 
«វាពិតជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង យើងនឹងចាប់ផ្តើមនិតិវិធីចំពោះរឿងនេះ ក្រុមកីឡាកររបស់យើង បានផ្តល់អ្វីគ្រប់យ៉ាងក្នុងការប្រកួតដ៏អស្ចារ្យមកកាន់ក្រុមបារាំង ដើម្បីទទួលបានភាពជោគជ័យ។ នេះជារឿងដែលសំខាន់ដែលយើងត្រូវតែគាំទ្រទៅកាន់ពួកគេ។លើបញ្ហានេះខ្ញុំក៏បានសរសេរសារទៅសហព័ន្ធអាហ្សង់ទីន ដោយខ្ញុំយល់ថាវាហាក់បីជារឿងដ៏ហួសហេតុក្នុងបរិបទនៃកីឡា។»។ លោក Le Graet បាននិយាយបែបនេះ។
 
មិនមែនត្រឹមតែប្រធានសហព័ន្ធបាល់ទាត់បារាំងម្នាក់ឡើយ ដែលបង្ហាញអារម្មណ៍មិនពេញចិត្ត លោក Bruno Le Maire រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបារាំង ក៏បាននិយាយប្រាប់វិទ្យុ Sud Radio អំពីអាកប្បកិរិយារបស់កីឡាករអាហ្សង់ទីនដូច្នេះថា៖«គ្មានភាពថ្លៃថ្នូរបន្តិចសោះ តើឯណាទៅការលេងដោយយុត្តិធម៌? វាគួរតែមានផ្តល់ការគោរពដល់គូប្រកួត ហើយគួរបង្ហាញការគោរពទៅដល់អ្នកដែលចាញ់ដែរ។ តើសហព័ន្ធបាល់ទាត់ពិភពលោកកំពុងតែធ្វើអ្វី?»។
 
Mbappe អំឡុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ទល់នឹងអាហ្សង់ទីន បានបង្ហាញទម្រង់លេងបានយ៉ាងល្អបំផុត ដោយបានស៊ុតបញ្ចូលទីតាមក្រុមអាហ្សង់ទីនរហូតដល់ទៅ ៣គ្រាប់ហើយ ដែលការប្រកួតឈានដល់ម៉ោងបន្ថែម ១២០នាទី ។ ប៉ុន្តែភ្នាក់ស្នៀតចាញ់បាល់កាត់សេចក្តី ១១ម៉ែត្រ។ Mbappe ឈ្នះស្បែកជើងមាសក្រោយរកបាន ៨គ្រាប់នៅព្រឹត្តិការណ៍ World Cup។
 
កាលពីថ្ងៃទី១៩ ខែធ្នូ សហព័ន្ធកីឡាបាល់ទាត់បារាំង (FFF) ថ្កោលទោសចំពោះការរើសអើងជាតិសាសន៍តាមប្រព័ន្ធអ៊ីនធឺណិត ក្រោយក្រុមចាញ់អាហ្សង់ទីននៅវគ្គផ្តាច់ព្រ័ត្រ FIFA Worl Cup នៅកាតា។ FFF សន្យាថានឹងចាត់វិធានការលើក្រុមរើសអើងទាំងនោះ ក្រោយកំណត់គោលដៅបាន៕
 

Tag:
 World Cup
© រក្សាសិទ្ធិដោយ thmeythmey.com