កីឡាជាតិ
ជាតិ
AFF៖ កម្ពុជាចាញ់ម្ចាស់ផ្ទះឥណ្ឌូណេស៊ី ២-១
23, Dec 2022 , 6:26 pm        
រូបភាព
កម្ពុជាបានចាញ់ម្ចាស់ផ្ទះឥណ្ឌូណេស៊ី ២-១ នាការប្រកួតពូល A នៃពានរង្វាន់ AFF Mitsubishi Cup 2022 នៅថ្ងៃទី២៣ ខែធ្នូ នេះ។ នេះក៏ជាបរាជ័យ១៤លើកជាប់គ្នាផងដែររបស់កម្ពុជាក្នុងជំនួបតទល់ជាមួយឥណ្ឌូណេស៊ី បើគិតចាប់តាំងពីក្រុមទាំងពីរស្មើគ្នា ១-១ នាការប្រកួតជម្រុះ World Cup កាលពីឆ្នាំ១៩៩៧។

 
ការប្រកួតនៅតង់ទី១ ម្ចាស់ផ្ទះឥណ្ឌូណេស៊ី បានដាក់សម្ពាធជាខ្លាំងមក កាន់កម្ពុជា។ ចូលដល់នាទី៧ Maulan Vikri កីឡាកររបស់ឥណ្ឌូណេស៊ី បានទំលុះសំណាញ់ទីរបស់កម្ពុជា នាំឲ្យក្រុមខ្លួននាំមុខ ១-០។ ៨នាទីបន្ទាប់ពីគ្រាប់បាល់របស់ឥណ្ឌូណេស៊ី សារ៉េត គ្រីយ៉ា ខ្សែបម្រើសរបស់កម្ពុជា បានវាយបកបានជោគជ័យ ដោយលទ្ធផល ១-១ នៅនាទី១៥។
ម្ចាស់ផ្ទះនៅតែបន្ដដាក់សម្ពាធក្រុមភ្ញៀវ ដោយមានឱកាស ហ្វ្រីឃីកជាច្រើនលើក នៅជិតតំបន់គ្រោះថ្នាក់របស់កម្ពុជា។ នៅនាទី៣៤ ខ្សែប្រយុទ្ធឥណ្ឌូណេស៊ី បានសម្រេចគ្រាប់បាល់នាំមុខ ២-១ ដោយកីឡាករ Witan Sulaeman បន្ទាប់ពីមិត្តរួមក្រុម បានបញ្ជូនបាល់ចូលក្នុងតំបន់គ្រោះថ្នាក់។

នៅនាទី៣៨ ខ្សែប្រយុទ្ធ មានឱកាសម្ដងទៀត ដោយបណ្ដើរបាល់ផុតខ្សែការពារកម្ពុជា ប៉ុន្ដែត្រូវបាន កែវ សុខសិលា អ្នកចាំទីកម្ពុជា បានសង្គ្រោះបាន។ កម្ពុជា បានដាក់សម្ពាធវិញ សៀង ចន្ធា ខ្សែប្រយុទ្ធកម្ពុជា បានបញ្ជូនបាល់ឲ្យ សារ៉េត គ្រីយ៉ា ប៉ុន្ដែ មិនអាចបញ្ជូនឲ្យ ចន្ធា វិញបាន តែក៏ទទួលបានបាល់ជ្រុងនៅនាទី៤០។ បាល់ជ្រុងនោះ ត្រូវការពារដោយខ្សែការពារម្ចាស់ផ្ទះ។ នៅចុងតង់ទី១នេះ កម្ពុជា បានគ្រប់គ្រងបាល់បានច្រើន និងមានឱកាសក្នុងតំបន់គ្រោះថ្នាកឥណ្ឌូណេស៊ី ប៉ុន្ដែត្រូវបានសង្គ្រោះជាច្រើនលើក ដោយខ្សែការពារ និងអ្នកចាំទីរបស់ម្ចាស់ផ្ទះ។ បញ្ចប់តង់ទី១ ក្រុមឥណ្ឌូណេស៊ី នាំមុខកម្ពុជា លទ្ធផល ២-១។

ចូលដល់តង់ទី២ កីឡាករ សារ ទី ត្រូវប្ដូជំនួស រឹង ប៊ុនហៀង នៅនាទី៤៥។ នាទី៥២ ឥណ្ឌូណេស៊ី ទទួលបានបាល់ជ្រុងជាលើកទី១។ ម្ចាស់ផ្ទះ បានបន្ដដាក់សម្ពាធ ក្រុមភ្ញៀវ។ នាទី៦០ កម្ពុជា បានទទួលបាល់ពិន័យ នៅជិតតំបន់គ្រោះថ្នាក់ ដោយរ៉ាប់រងដោយកីឡាករ លឹម ពិសុទ្ធ។ ប៉ុន្ដែបាល់នោះ ត្រូវបានអ្នកចាំទីឥណ្ឌូណេស៊ី ទះចេញ។
អ៊ិន សុដាវិត ត្រូវប្តូរចេញជំនួសដោយ កុក បុរិ នៅនាទី៦៦ រីឯ លឹម ពិសុទ្ធ​ ចេញជំនួសដោយ កែវ សុខផេង។ ២នាទីបន្ទាប់ពីការផ្លាស់កីឡាករ ក្រុមម្ចាស់ផ្ទះ មានឱកាសម្ដងទៀត ប៉ុន្ដែខ្សែប្រយុទ្ធឥណ្ឌូណេស៊ី បញ្ចប់ទីខុសគោលដៅ។ កីឡាករសឿយ វិសាល ត្រូវបានប្ដូរចេញ និងចូលជំនួសដោយ ធារី ចន្ថាប៊ិន នៅនាទី៧២ ខណៈពេលដែល ជម្រើសជាតិឥណ្ឌូណេស៊ី ទទួលបានបាល់ពិន័យ។

ម្ចាស់ផ្ទះបន្ដដាក់សម្ពាធ រីឯក្រុមភ្ញៀវ ព្យាយាមរកឱកាសជាច្រើនលើកដើម្បី វាយបក។ នៅនាទី៨៣ ខ្សែប្រយុទ្ធ សៀង ចន្ធា បានប្ដូរចេញ ជំនួសដោយ កីឡាករ ម៉ាត់ ណូរុន។ នៅនាចុងតង់ទី២ កម្ពុជា បានបង្កើតទម្រង់លេងយ៉ាងល្អ ដោយមានឱកាសជាច្រើន ប៉ុន្ដែ ឥណ្ឌូណេស៊ី បានបន្ថែមការការពារ។ ការប្រកួតបានបញ្ចប់ ដោយម្ចាស់ផ្ទះទទួលបាន៣ពិន្ទុ ដោយឈ្នះកម្ពុជា ក្នុងលទ្ធផល ២-១។

 ការប្រកួតបន្ទាប់ កម្ពុជា ត្រូវស្វាគមន៍ ក្រុមជម្រើសជាតិព្រុយណេ នាថ្ងៃទី២៩ ខែធ្នូ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ និងថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ គោព្រៃកម្ពុជា ត្រូវជួបជាមួយជម្រើសជាតិថៃ នៅកីឡដ្ឋាន Thammasat។

ជម្រើសកម្ពុជា៖ កែវ សុខសិលា, ទេស សម្បត្តិ, សឿយ វិសាល (ប៊ិន ធារី), សារ៉េត គ្រីយ៉ា, សឿត បារាំង, ជួន ចាន់ចាវ, អ៊ិន សូដាវីដ (កុក បូរីស), អ៊ន ចាន់ប៉ូលីន, លឹម ពិសុទ្ធ (កែវ សុខផេង), សៀង ចន្ធា (ម៉ាត់ នូរុណ), រ៉ឹង ប៊ុនហៀង (សារ ទី)៕
 
 

Tag:
 AFF
© រក្សាសិទ្ធិដោយ thmeythmey.com