ជាតិ
ក្រសួង គ្រោងអភិវឌ្ឍរមណីយដ្ឋានតេទឹកពុះ ទំនប់តាសាល និងអន្លង់ភេតាពយ ជាតំបន់ទេសចរណ៍ធម្មជាតិទោល
24, Dec 2022 , 2:59 pm        
រូបភាព
ការដាក់តាំងបង្ហាញពីគម្រោងអភិវឌ្ឍរួម រមណីយដ្ឋានតេទឹកពុះ ទំនប់តាសាល និងអន្លង់ភេតាពយ។ រូបភាព៖ ក្រសួងទេសចរណ៍
ការដាក់តាំងបង្ហាញពីគម្រោងអភិវឌ្ឍរួម រមណីយដ្ឋានតេទឹកពុះ ទំនប់តាសាល និងអន្លង់ភេតាពយ។ រូបភាព៖ ក្រសួងទេសចរណ៍
ភ្នំពេញ៖ ក្រសួងទេសចរណ៍ សហការជាមួយក្រុមការងាអនុវត្តកម្មវិធី TCBP បង្កើតគម្រោងអភិវឌ្ឍរួម រមណីយដ្ឋានតេទឹកពុះ ទំបន់តាសាល និងអន្លង់ភេតាពយ ក្នុងខេត្តកំពង់ស្ពឺ។ ការអភិវឌ្ឍនេះ គឺដើម្បីឱ្យតំបន់ទាំង៣ ក្លាយជាតំបន់ទេសចរណ៍កាន់តែមានសក្តានុពល ជាពិសេសតំបន់តេទឹកពុះ ដែលជាតំបន់ទេសចរណ៍ធម្មជាតិទោល សម្រាប់កម្ពុជា។

 
សិក្ខាសាលាផ្សព្វផ្សាយសមិទ្ធផល នៃការអនុវត្តកម្មវិធីពង្រឹងសមត្ថភាពពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍ ត្រូវបានរៀបចំឡើងដោយក្រសួងទេសចរណ៍ និងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD)។ សិក្ខាសាលានេះ ធ្វើឡើងកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារកាំបូឌីយ៉ាណា ដោយមានភាគីពាក់ព័ន្ធជាច្រើនបានចូលរួម។
 
យ៉ាងណាមិញ ការធ្វើបទបង្ហាញរបស់លោក អាំង សុវណ្ណារ័ត្ន នាយកកម្មវិធីពង្រឹងសមត្ថភាពពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍ (TCBP) ក៏បានលើកឡើងពីការអភិវឌ្ឍរួម នៃរមណីយដ្ឋា្ននតេទឹកពុះ ទំនប់តាសាល និងអន្លង់ភេតាពយផងដែរ។ គម្រោងនេះ ត្រូវបានអនុវត្ត និងសិក្សាពីផែនការរៀបចំដោយដេប៉ាតឺម៉ង់ទេសចរណ៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ។
 
នាយកកម្មវិធី TCBP បានលើកឡើងថា តំបន់តេទឹកពុះនេះ ក៏ជាតំបន់ទេសចរណ៍មានសក្តានុពលមួយ ក្នុងចំណោមតំបន់ទេសចរណ៍ដទៃទៀត។ បើទោះជាយ៉ាងណាក្តី តំបន់នេះមិនទាន់បានកែច្នៃឱ្យប្រសើរនៅឡើយ។ ដូច្នេះ TCBP ក៏បានដាក់ឱ្យដេប៉ាតឺម៉ង់ទេសចរណ៍ អនុវត្តគម្រោងមួយនេះ។
 
លោក អាំង សុវណ្ណារ័ត្ន បញ្ជាក់ដូច្នេះ៖ «គម្រោងដែលដាក់ចេញទៅនេះ នឹងប្រទាក់ក្រឡាគ្នាជាមួយវិស័យទេសចរណ៍ ដែលជាអេកូទេសចរណ៍ផង និងជាតំបន់ទេសចរណ៍ធម្មជាតិមួយដែលមានភាពទោល សម្រាប់កម្ពុជា គឺតំបន់តេទឹកពុះ។»
 
សូមជម្រាបដែលថា គម្រោងអភិវឌ្ឍរួមនេះ គឺមានផែនទីដើម្បីសម្គាល់ដូចជា តំណត់សម្គាល់ទីតាំង អាងទឹកពុះ កន្លែងត្រាំជើង កន្លែងងូតទឹកក្តៅ  អាស្រម ចំណតរថយន្ត ខ្លោងទ្វាចូល សាលសម្តែងរបាំ។ ក្នុងនោះក៏មាន បន្ទប់ទឹក បន្ទប់ផ្លាស់សំលៀកបំពាក់ កញ្ចុះញាំអាហារ និងចង្រ្កានបាយ។ លើសពីនេះ ក៏មានបន្ទប់ស្នាក់នៅជាច្រើនបន្ទប់ កន្លែងបោះតង់ តូបលក់ម្ហូបអាហារផងដែរ៕
 

លោក អាំង សុវណ្ណារ័ត្ន នាយកកម្មវិធីពង្រឹងសមត្ថភាពពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍ (TCBP) កំពុងផ្តល់បទសម្ភាសដល់សារព័ត៌មានThmeyThmey។  រូបភាព៖ កញ្ញា អ៊ូ សុខមាន)


Tag:
 ThmeyThmey
  ក្រសួងទេសចរណ៍
  រមណីយដ្ឋាន
© រក្សាសិទ្ធិដោយ thmeythmey.com