អន្តរជាតិ
យោធាកូរ៉េខាងត្បូង៖ កូរ៉េខាងជើង បាញ់មីស៊ីលចម្ងាយខ្លីពីរគ្រាប់ទៅសមុទ្រខាងកើត រូបភាព៖ KCNA
× កូរ៉េខាងជើង នៅថ្ងៃទី២៣ ខែធ្នូ បានបាញ់មីស៊ីលបាលីស្ទីកចម្ងាយខ្លីចំនួន ២គ្រាប់ទៅក្នុងសមុទ្រខាងកើត ក្រោយកូរ៉េខាងត្បូង និងអាម៉េរិក ធ្វើសមយុទ្ធកងទ័ពអាកាស ដោយមានយន្តហោះចម្បាំងទំនើបៗចូលរួម។
នាយសេនាធិការចម្រុះ (JCS) កូរ៉េខាងត្បូង នៅថ្ងៃទី២៣ ខែធ្នូ បានបញ្ជាក់ថា ខ្លួនបានចាប់សញ្ញានៃការបាញ់មីស៊ីលចេញពីតំបន់ Sunan នៅក្រុងព្យុងយ៉ាង នាម៉ោង ៤ និង៣២នាទី (ម៉ោងក្នុងស្រុក)។ មីស៊ីលមួយគ្រាប់ហោះបាន ២៥០គីឡូម៉ែត្រ និងមួយគ្រាប់ទៀតហោះបាន ៣៥០គីឡូម៉ែត្រ ទៅសមុទ្រខាងកើត។
ការបាញ់មីស៊ីលនេះ ធ្វើឡើងក្រោយអាម៉េរិក និងកូរ៉េខាងត្បូង បានធ្វើសមយុទ្ធកងទ័ពអាកាសជាមួយគ្នា ដោយមានយន្តហោះចម្បាំងទំនើបៗ ដូចជា យន្តហោះចម្បាំង F-22 និងយន្តហោះទម្លាក់គ្រាប់បែកចូលរួមផង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។
ក្រោយការបាញ់មីស៊ីលនេះ យោធាកូរ៉េខាងត្បូង បានថ្កោសទោសកូរ៉េខាងជើងថា ជាសកម្មភាពបង្ករឿង និងមិនត្រឹមធ្វើឱ្យប៉ះពាល់ដល់សន្តិភាព រួមទាំងស្ថិរភាពនៅឧបទ្វីបកូរ៉េប៉ុណ្ណោះទេ ហើយថែមទាំងសហគមន៍អន្តរជាតិថែមទៀត។
សូមបញ្ជាក់ថា ការបាញ់មីស៊ីលនេះ ធ្វើឡើងមិនដល់មួយសប្តាហ៍ឡើយ ក្រោយក្រុងព្យុងយ៉ាង បានបាញ់មីស៊ីលបាលីស្ទិកចម្ងាយមធ្យមចំនួនពីរគ្រាប់ទៅក្នុងសមុទ្រខាងកើត៕
Tag:
កូរ៉េខាងជើង
កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com